
លោក ប៉ាន សូរស័ក្តិ ថ្លែងក្នុងសន្និបាតរបស់ CRF។ ហេង ជីវ័ន
ភ្នំពេញៈ ការនាំអង្ករពីកម្ពុជាទៅប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា គឺជាចំណុចអាទិភាពមួយដែលកម្ពុជាបានដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជាអេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ដែលប្រទេសទាំង ២ កំពុងចរចាគ្នា។ នេះបើយោងតាម លោក ប៉ាន សូរស័កិ្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា លោក សូរស័កិ្ត បានលើកឡើងថា ស្រូវអង្ករ គឺជាវិស័យមួយដែលរដ្ឋាភិបាលតែងយកចិត្តទុកដាក់ និងតែងអំពាវនាវឱ្យវិនិយោគិនប្រទេសនានាឱ្យជួយមកវិនិយោគ និងពង្រីកទីផ្សារនាំចេញអង្ករកម្ពុជាទៅទីផ្សារបរទេស។ ជាក់ស្តែងក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល-អាស៊ានថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឱ្យប្រទេសនានាជួយទិញអង្ករពីកម្ពុជា ព្រមទាំងមកបណ្តាក់ទុនលើហេដ្ឋារចនាសម្ព័ន្ធដូចជាឃ្លាំងស្តុក ឡសម្ងួត និងការកែច្នៃ ដើម្បីធ្វើការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិ។
លោកបន្ថែមថា រដ្ឋាភិបាលក៏បានគិតគូរពីភាពប្រកួតប្រជែងដល់វិស័យស្រូវអង្ករនៅកម្ពុជាដោយផ្តល់អាទិភាពគ្រប់យ៉ាង រួមទាំងការផ្តល់ការលើកលែងពន្ធគ្រប់ប្រភេទតាំងពីឆ្នាំ ២០១១ រហូតដល់បច្ចុប្បន្ន ហើយបានបន្តលើកលែងពន្ធបន្ថែមចំនួន ៥ ឆ្នាំទៀតសម្រាប់សហគ្រាស ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវដែលអស់អាណត្តិ ព្រមទាំងពន្ធអាករ និងសេវាកម្មមួយចំនួនទៀត។
លោកថ្លែងថា៖ «បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម បាននិងកំពុងចរចាលើកិច្ចព្រមព្រៀងថ្មីបន្ថែមទៀតសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជាអេមីរ៉ាតអារ៉ាប់រួម ដោយអង្ករស្ថិតក្នុងទំនិញអាទិភាពមួយដែលយើងរំពឹងថានឹងពង្រីកសក្តានុពលទីផ្សារថ្មីក្នុងតំបន់មជ្ឈិមបូព៌ា ដែលបច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចបំផុត។ យើងសង្ឈឹមថា នឹងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត»។
លោកបញ្ជាក់ថា៖ «ការខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃដែលមានប្រភពវត្ថុធាតុដើមពីអង្ករបានប្រព្រឹត្តទៅយ៉ាងសកម្មតាមរយៈការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីនៃទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាកន្លងមកដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងកូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះអនុស្សរណៈយោគយល់ដើម្បីនាំអង្ករទៅទីផ្សារចិន ទីម័រខាងកើត ហ្វីលីពីន និងបង់ក្លាដែស»។
រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ចាន់ ចេស្តា ដែលបានចូលរួមក្នុងកម្មវិធីខាងលើ បានឱ្យដឹងថា ការប្រមូលផលស្រូវកម្ពុជាបានបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់។ លោកបន្តថា ដើម្បីជំរុញការនាំចេញ កម្ពុជាចាំបាច់ត្រូវតែខិតខំធ្វើការបន្ថែមទៀត ពិសេសការប្រើប្រាស់ពូជស្រូវដែលមានសក្តានុពល។
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ទើបបានបញ្ចប់ការចរចាជុំទី ១ ជាមួយគ្នានៅទីក្រុងអាប៊ុយដាប៊ី ស្តីពី CAM-UAE CEPA ពីថ្ងៃទី ២៤-២៦ ខែតុលា ឆ្នាំ ២០២២ ដោយបច្ចុប្បន្នក្រសួងពាណិជ្ជកម្មកំពុងរៀបចំកិច្ចប្រជុំជាមួយផ្នែកពាក់ព័ន្ធដើម្បីប្រមូលធាតុចូលបន្ថែមមុនឈានទៅប្រជុំលើកទី ២ នៅពេលខាងមុខ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ កាលពីខែតុលា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលកម្ពុជាអេមីរ៉ាតអារ៉ាប់រួម ចាប់ផ្តើមចរចាគឺមានលក្ខណៈបើកទូលាយជាងកិច្ចព្រមព្រៀងទ្វេភាគីដែលកម្ពុជាធ្វើកន្លងមកជាមួយប្រទេសចិន និងកូរ៉េ ព្រោះក្រៅពីផ្តោតលើការផ្លាស់ប្តូរពាណិជ្ជកម្ម កិច្ចព្រមព្រៀងនេះនឹងលើកឡើងពីឱកាសសហការគ្នាវិនិយោគលើវិស័យសំខាន់ៗដូចជា រ៉ែ ប្រេង និងកសិកម្ម ជាដើម៕