
កសិករប្រមូលផលម្រេចនៅខេត្តរតនគិរី កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ រដ្ឋាភិបាលចិនបានចាប់ផ្តើមអនុញ្ញាតឱ្យកម្ពុជាធ្វើការនាំចេញម្រេច និងជលផលធម្មជាតិទៅទីផ្សាររបស់ខ្លួនចាប់ពីថ្ងៃទី ២១ ខែនេះតទៅ ក្រោយពីរដ្ឋបាលគយចិន (GACC) បានចេញសេចក្តីប្រកាសស្តីពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យ សម្រាប់ការនាំចូលពីកម្ពុជាទៅកាន់ប្រទេសចិន។
ការចាប់ផ្តើមនាំចូលនេះធ្វើឡើង បន្ទាប់ពីប្រទេសទាំង ២ បានចូលក្នុង «ពិធីសារនៃតម្រូវការភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន» ត្រូវបានចុះហត្ថលេខានៅវិមានសន្តិភាពកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ដោយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ី ចៀនហួរ រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ក្នុងពិធីមួយក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និងលោក លី កេឈាង នាយករដ្ឋមន្ត្រីចិន។
យោងតាមការប្រកាសរបស់ GACC នៅថ្ងៃទី ២១ ខែវិច្ឆិកា ដែលចេញផ្សាយដោយស្ថានទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃទី ២២ ខែវិច្ឆិកា ឱ្យដឹងថា យោងតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនៅក្នុងប្រទេសចិន និងបទប្បញ្ញត្តិរវាងរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជា ស្តីពីតម្រូវការភូតគាមអនាម័យក្នុងការនាំចូលម្រេចពីកម្ពុជាទៅប្រទេសចិនបានឱ្យដឹងថា ចាប់ពីថ្ងៃប្រកាសនេះទៅការនាំចូលម្រេចកម្ពុជាគឺអនុញ្ញាតតែម្រេចដែលបំពេញតម្រូវការប៉ុណ្ណោះ។
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត (KPPA) ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ទោះបីគុណភាពម្រេចកំពតត្រូវបានស្ថាប័នជាតិ និងអន្តរជាតិជាច្រើនទទួលស្គាល់ និងគោរពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យដែនសមត្ថកិច្ចជាច្រើនហើយក៏ដោយ ក៏លោកនៅតែរីករាយចំពោះអ្វីដែលកម្ពុជាបានធ្វើជាមួយនឹងអាជ្ញាធរចិន ដើម្បីនាំម្រេចកម្ពុជាជាផ្លូវការទៅប្រទេសចិន។
លោកនិយាយថា៖ «សម្រាប់ម្រេចកំពតបញ្ហាលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៅពេលនាំចេញគឺមិនមានបញ្ហាទេ ព្រោះកន្លងមកម្រេចកំពតត្រូវបាននាំចេញទៅប្រទេសជាច្រើនរួចមកហើយ។ ការនាំចេញម្រេចកំពតសុទ្ធតែមានការពិនិត្យគុណភាពពីសមាគម និងលិខិតបញ្ជាក់របស់ក្រសួងកសិកម្មលើបញ្ហាភូតគាមអនាម័យ»។
លោកលើកឡើងថា៖ «ម្រេចកម្ពុជានឹងមានទីផ្សារកាន់តែទូលំទូលាយនៅពេលដែលប្រទេសចិនអនុញ្ញាតឱ្យមានការនាំចេញជាផ្លូវការ»។
សម្រាប់តម្លៃម្រេចកំពតក្នុងឆ្នាំ ២០២២ គឺរក្សាដូចឆ្នាំមុនដដែល ដោយម្រេចខ្មៅតម្លៃ ១៥ ដុល្លារក្នុង ១ គីឡូក្រាម, ម្រេចក្រហម ២៥ ដុល្លារ, និងម្រេចស ២៨ ដុល្លារ។ នេះបើតាមលោក ងួន ឡាយ។
លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានប្រាប់ថា ការនាំចេញដោយផ្ទាល់ជាផ្លូវការទៅប្រទេសចិននឹងបញ្ចប់ការពឹងផ្អែកខ្លាំងរបស់កម្ពុជាលើប្រទេសជិតខាង។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២២ កម្ពុជាបាននាំម្រេចទៅលក់នៅទីផ្សារអន្តរជាតិបានចំនួន ៧ ៧០៤,២៥ តោន ថយចុះ ៧២,១២ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមាន ២៧ ៦៣៣,៧៧ តោន។
យោងតាមស្ថានទូតចិននៅថ្ងៃទី ២១ វិច្ឆិកា រដ្ឋបាលគយប្រទេសចិនក៏បានចេញសេចក្តីប្រកាសមួយទៀតស្តីពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យ សម្រាប់ការនាំចូលជលផលធម្មជាតិរបស់កម្ពុជាទៅកាន់ប្រទេសចិន។ យោងតាមច្បាប់ពាក់ព័ន្ធនៅក្នុងប្រទេសចិន និងបទប្បញ្ញត្តិរវាងរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាស្តីពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យ សម្រាប់ការនាំចូលជលផលធម្មជាតិកម្ពុជាទៅប្រទេសចិន និងព្រមទាំងលក្ខខណ្ឌតម្រូវការអនាម័យកំណត់ដោយពេទ្យសត្វ គឺចាប់ពីថ្ងៃនៃប្រកាសនេះតទៅ អនុញ្ញាតនាំចូលតែជលផលធម្មជាតិក្នុងប្រទេសកម្ពុជាដែលសមស្របនឹងលក្ខខណ្ឌតម្រូវការ៕