ភ្នំពេញៈ កម្ពុជាគ្រោងនឹងនាំអង្ករចេញជាង ២៥ ០០០ តោន ទៅប្រទេសបង់ក្លាដែស ដែលជាជំហានដំបូងក្នុងការជំរុញការនាំចេញទៅប្រទេសមួយនេះ។ ការនាំអង្ករចេញជាង ២៥ ០០០ តោន ទៅប្រទេសបង់ក្លាដែសនេះ ជាការជំរុញឲ្យវិស័យស្រូវ អង្ករមានប្រសើរឡើង ហើយជាពិសេសប្រភេទអង្ករចំហុយ និងអង្ករស ដែលប្រទេសនេះមានតម្រូវការ។
អ្នកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ថា ក្នុងកិច្ចពិភាក្សាជាមួយប្រទេសបង់ក្លាដែសនេះ គឺមិនទាន់នឹងបញ្ចប់ឡើយ ចំពោះការគ្រោងទិញអង្ករជាង ២៥ ០០០ តោនពីប្រទេសកម្ពុជា ពីព្រោះខាងប្រទេសបង់ក្លាដែសត្រូវការពិភាក្សាជាមួយគណៈកម្មាធិការរបស់ពួកគាត់ផងដែរ។
អ្នកស្រីបន្តថា បើសិនជាការជជែកនេះឈានដល់ការចុះហត្ថលេខា កុងត្រាទិញលក់ នោះរដូវប្រមូលផលស្រូវប្រាំងឆ្នាំក្រោយអាចចាប់ផ្តើមដឹកហើយ ពីព្រោះឥឡូវគឺរដូវច្រូតស្រូវក្រអូបវស្សា ដែលមិនមែនជាផលិតផលស្រូវសម្រាប់ទីផ្សារហើយវាជារឿងល្អមួយសម្រាប់វិស័យស្រូវ អង្ករ កម្ពុជា។ ជាពិសេសប្រភេទអង្ករស (អង្ករម្លិះ និងអង្ករសំរូប) ដែលប្រទេសបង់ក្លាដែសចង់បាន និងនាំចូលជាដើម។
អ្នកស្រី គឹម ស្រីរ័ត្ន ថា៖ «ខ្ញុំមើលឃើញថា វាជាគម្រោងល្អមួយសម្រាប់ប្រទេសយើងក្នុងការចាប់ផ្តើមរៀនសូត្រ និងអនុវត្តការផ្គត់ផ្គង់អង្ករបរិមាណធំដឹកតាមកប៉ាល់។ វាជាឱកាសបើកទ្វារឱ្យអង្ករកម្ពុជាទៅច្រើនប្រទេសទៀត ដែលធ្វើការបញ្ជាទិញក្នុងបរិមាណធំដូចបង់ក្លាដែសដែរ»។
អ្នកស្រីបន្តថា ហើយក៏ជាលើកទឹកចិត្តដល់រោងម៉ាស៊ីនក្នុងការទិញស្រូវនិងផលិតទៅជាអង្ករ។ ជួយលើកកម្ពស់វិស័យកិនកែច្នៃ ដឹកជញ្ជូន ហើយក៏ជាបទពិសោធន៍មួយដែលកម្ពុជាអាចយកមកអនុវត្តបន្តទៀតក្នុងការពង្រីកទីផ្សារអង្ករខ្នាតធំទៅប្រទេសដទៃទៀត»។
អ្នកស្រីបន្ថែមថា ស្ថានភាពប្រទេសបង់ក្លាដែសមានប្រជាជនចំនួន ១៧០ លាននាក់ និងផលិតស្រូវបានជាង ៤០ លានតោនក្នុង ១ ឆ្នាំ ដែលវាមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកបានឡើយ។ ដូច្នេះហើយជារៀងរាល់ឆ្នាំ ប្រទេសនេះតែងតែនាំចូលក្នុងបរិមាណអង្ករច្រើនពីប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា ឥណ្ឌា និងប៉ាគីស្ថានជាដើម។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) បានប្រាប់ថា នេះជាឱកាសមួយដែល ប្រទេសម្ពុជាអាចលក់អង្ករទៅប្រទេសបង់ក្លាដែស ហើយវាក៏អាចជាការទាញទីផ្សារនៅក្នុងប្រទេសបង់ក្លាដែស ដើម្បីបម្រើផលប្រយោជន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ។ លោកបន្តថា ការលើកកម្ពស់ជីវភាពនេះ គឺនៅពេលដែលប្រជាកសិករបានផលិតស្រូវទៅ អាចមានរោងម៉ាស៊ីនកិនស្រូវ ឫក៏អ្នកវិនិយោគរោងម៉ាស៊ីនកិនស្រូវនឹង អាចធ្វើការទាញយកឱកាសនេះ ទិញស្រូវពីកសិករដោយតម្លៃខ្ពស់សមរម្យផងដែរ។ លោកបញ្ជាក់ថា ហើយក៏ត្រូវលើកទឹកចិត្តជាមួយផងដែរ ដែលត្រូវបង្ហាញអំពីលទ្ធផលតម្លៃ ក្នុងការលក់អង្ករចេញទៅប្រទេសបង់ក្លាដែស ដើម្បីឲ្យប្រជាកសិករ បានដឹង និងបានយល់ពីតម្លៃនេះ។
លោក ថេង សាវឿន បន្តថា៖ «ទាក់ទងនឹងវិស័យស្រូវ អង្ករ បើសិនជាមានតម្លៃទីផ្សារហើយ វាជាឱកាសមួយ វាជាសក្ដានុពលមួយ ដែលអំណោយផល ទោះជាយើងលក់បានស្ថិតក្នុងកម្រិតណាក៏ដោយ ពីព្រោះអីបើយើងលក់ចេញពីបង្កើនការទិញបន្ថែមពីកសិករ ប៉ុន្តែបើយើងលក់មិនចេញ យើងអត់មានធនធានណាទិញពីកសិករឡើយ»។
លោកបន្តថា ដូច្នេះវាជារឿងល្អ ទោះបីក្នុងទំហំតិចក៏ដោយ ក៏វាការនាំចេញមួយ ក្នុងការរួមចំណែកជួយឱ្យតម្លៃស្រូវ អង្កររបស់ប្រជាកសិករទទួលបានតម្លៃបន្ថែមខ្លះដែរ។
លោកលើកឡើងថា៖ «យើងក៏ចង់ឲ្យរាជរដ្ឋាភិបាលក្រលេកមើលប្រទេសផ្សេងៗទៀត ក្រៅពីប្រទេសបង់ក្លាដែស ដើម្បីប្រើប្រាស់ក៏ដូចជាបញ្ចុះបញ្ជូលភាពជាដៃគូ ក្នុងការជំរុញឲ្យជួយទិញអង្ករពីប្រទេសកម្ពុជា ហើយធ្វើឲ្យស្រូវដែលកក់ស្ទះរបស់ប្រជាពលរដ្ឋ អាចប្រមូលទិញពីរោងម៉ាស៊ីនកិនស្រូវថែម»។
លោកសារឿន បានបន្ថែមថា ចំណែកឯតម្លៃស្រូវ អង្ករ ក៏មានការធានាបានដែរ ហើយក៏ចង់ឲ្យរដ្ឋមានការធានាគិតគូរបន្ថែមទៅលើការកែច្នៃអង្កររបស់កសិករប្រភេទខ្នាតតូច ដែលកសិករទាំងនោះអាចប្រើប្រាស់ធនធានថវិកា ឫហិរញ្ញប្បទានពីរដ្ឋ ដើម្បីច្នៃអង្ករនឹងត្រូវលក់បន្ថែម ដោយកុំផ្តោតតែរោងម៉ាស៊ីនកិនស្រូវ ឫក៏សហគ្រាសកិនស្រូវជាដើម។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញអំពីសក្ដានុពល និងវឌ្ឍនភាព របស់វិស័យស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២២ នេះ កម្ពុជាមាននាំចេញជិត៤៥ម៉ឺនតោន គិតជាទឹកប្រាក់ជាង ២៨៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់គោលដៅចំនួន ៦០ ប្រទេស ដែលក្នុងនោះមានតំបន់មជ្ឈិមបូព៌ាផងដែរ៕