ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គ្រោង​នឹង​ផលិត​ស្ទិកឃ័រ​ទំនើប​មាន ឃ្យូអកូដ (QR Code) សម្រាប់​បិទ​នៅ​លើ​ផ្លែ​ទុរេន​ដើម្បី​សម្គាល់​ទីតាំង​ភូមិសាស្ត្រ និង​កំណត់​អត្តសញ្ញាណ បញ្ចៀស​ការ​ក្លែងបន្លំ​ឈ្មោះ និង​ផ្តល់​ទំនុក​ចិត្ត​ទាំង​អ្នកលក់ និង​អ្នកទិញ​ក្នុង​គោលបំណង​ជំរុញ​ការ​ដាំដុះ និង​ការនាំចេញ។​

​បើ​យោងតាម​ការសរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ដែល​ទើបត្រូវ​បាន​តែងតាំង​ថ្មី ក្នុង​ដំណើរ​ចុះ​ទៅតាម​បណ្តា​ខេត្ត​ជួប​បងប្អូន​ប្រជាកសិករ និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃទី ២២ ខែ​វិច្ឆិកា លោក​បាន​ជួប​សំណេះ​សំណាល​ជាមួយ​បងប្អូន​ម្ចាស់​ចម្ការ​ទុរេន នៅ​ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្តកំពត។​

​ក្នុងឱកាស​នោះ​លោក​បាន​លើកទឹកចិត្ត​ដល់​បងប្អូន​ដែលជា​ម្ចាស់​ចម្ការ​ទុរេន​ឱ្យ​ចងក្រង​ជា​សហគមន៍​កសិកម្ម​សំដៅ​ធ្វើ​យ៉ាងណា​រក្សាបាន​នូវ​គុណភាព និង​បរិមាណ​ជាក់លាក់។​

​លោក​សរសេរថា​៖ «​ទន្ទឹមនឹង​ការពន្យល់​ប្រាប់​បងប្អូន​ពី​អត្ថប្រយោជន៍​នៃ​ការ​ចងក្រង​គ្នា​ជា​សហគមន៍​កសិកម្ម​ដើម្បី​បង្កើត​បាន​នូវ​តម្លៃ​បន្ថែម និង​ការពារ​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​របស់​ទុរេន​កំពត​យើង ខ្ញុំ​បាន​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម​ចុះមក​សិក្សា​អំពី​ដំណាំ​ទុរេន​កំពត ជួយ​បងប្អូន​រៀបចំ​ឯកសារ​បង្កើតជា​សហគមន៍ ចងក្រង​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ឡើងវិញ»។​

​លោក​បន្ថែមថា​៖ «​ខ្ញុំ​គ្រោង​ផលិត​ស្ទិ​ក​ឃ័​រ​ទំនើប​មាន​ឃ្យូអកូដ (QR Code) សម្រាប់​បិទ​លើ​ផ្លែ​ទុរេន​ទុក​សម្គាល់​ជូន​បងប្អូន​ពី​ទីតាំង​ចម្ការ ពូជ ទុរេន ថ្ងៃ​ដែល​ហូប​បាន និង​អត្តសញ្ញាណ​ម្ចាស់​ចម្ការ​ទុរេន ដែល​នឹង​ផ្តល់​ជម្រើស និង​ភាព​ងាយស្រួល​ទៅដល់​អ្នក​ទទួលទាន​ក្នុងការ​សម្គាល់​ចំណាំ ការរក្សា​ទំនុកចិត្ត និង​ការផ្តល់​ការគាំទ្រ​កាន់តែ​ទូលំទូលាយ​ដល់​បងប្អូន ដោយ​មិន​បារម្ភ​ពី​ការ​ក្លែងបន្លំ​ឈ្មោះ និង​គុណភាព»។​

​លោក គីម ប៊ុន​ឡែ​ន ម្ចាស់​ហាង​ទុរេន «King of Durian» និង​ជា​កសិករ​ដាំ​ទុរេន​នៅ​ស្រុក​ឈូក ខេត្តកំពត បាន​សាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ ដោយ​លោក​យល់​ឃើញថា​ជាការ​យកចិត្ត​ទុកដាក់​ពី​លោក​រដ្ឋមន្ត្រី​មកលើ​វិស័យ​ដាំដុះ​ទុរេន និង​ជាការ​កសាង​ទំនុក​ចិត្ត​ទាំង​អ្នក​ដាំដុះ និង​អ្នកហូប។​

​លោក​និយាយថា​៖ «​ជាបឋម ខ្ញុំបាទ​ជា​កសិករ និង​ជា​អ្នក​វិនិយោគ​ដាំ​ទុរេន​ពិតជា​សប្បាយ​ចិត្តខ្លាំង​មែនទែន​ពី​ការយក​ចិត្ត​ទុកដាក់រ​បស់​រដ្ឋមន្ត្រី​វ័យក្មេង​មកលើ​វិស័យ​ទុរេន​ដ៏​មាន​សក្តានុពល​មួយ​នេះ​។ ខ្ញុំ​ជឿថា ការ​បង្កើត​ស្ទិកឃ័រ​អ៊ីចឹង​គឺ​ល្អ​។ ល្អ​ដោយសារ​តែ​ការបន្លំ​ប្រភព​ដើម​ទុរេន គឺជា​បញ្ហា​ដែល​បាន​និង​កំពុង​ប៉ះពាល់​ទៅដល់​ទំនុកចិត្ត សុវត្ថិភាព​អ្នក​ហូប និង​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​តំបន់​ដែល​ផលិត​ទុរេន​ល្បីៗ ដូចជា​កំពត​ជាដើម»។

​លោក​បាន​បន្ថែមថា​៖ «​លើសពីនេះ​ទៀត វា​ទំនងជា​ជំហាន​ដើម្បី​ឈានដល់​ការសិក្សា​ការ​នាំចេញ​។ ជា​កសិករ​វិនិយោគ​លើ​ចម្ការ​ទុរេន ខ្ញុំ​សង្ឃឹមថា​រដ្ឋាភិបាល​អាច​សិក្សា​ដើម្បីឱ្យ​យើង​នាំចេញ​ទុរេន​ទៅ​ប្រទេស​ចិន​ឆាប់ៗ​នេះ​ចៀស​វាង​ពេល​ទុរេន​ចាល់​ទីផ្សារ នាំឱ្យ​កសិករ​ស្រែក​ដង្ហោយ​នោះ​វា​យឺត​ពេល​ទៅហើយ»។

​បច្ចុប្បន្ន​កម្ពុជា​កំពុង​រៀបចំ​ផែនការ​នៅក្នុង​ការជំរុញ​ការនាំ​ចេញទៅ​ទីផ្សារ​ចិន​ដោយ​ផ្ទាល់​ផងដែរ ដោយ​កន្លងមក​មាន​ក្រុមហ៊ុន​ថៃ និង​ក្រុមហ៊ុន​ចិន​បាន​ចរចា​ម្ចាស់​ចម្ការ​ទុរេន​នៅ​ខេត្ត​បាត់ដំបង ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​បណ្តា​ខេត្ត​នោះ​ផងដែរ លោក​រដ្ឋមន្ត្រី ឌិត ទីណា ក៏បាន​ជួប​ជាមួយ​អ្នក​ចិញ្ចឹម​កូន​ត្រី​-​បង្កង អ្នកលក់​ពងទា​កូន អ្នក​ចិញ្ចឹម​គោ​ប្រាម៉ាន់ អង្គការ Marines Cooperation Cambodia, ក្រុមហ៊ុន Long Mate, ក្រុមហ៊ុន CP Cambodia និង​អភិបាល​ខេត្តកំពត​ផងដែរ៕