The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បញ្ហា​ប្រឈម និង​ដំណោះស្រាយ​របស់​សហគ្រិន​ស្ត្រី​ក្នុង​វិបត្តិ​កូវីដ

បញ្ហា​ប្រឈម និង​ដំណោះស្រាយ​របស់​សហគ្រិន​ស្ត្រី​ក្នុង​វិបត្តិ​កូវីដ

Content image - Phnom Penh Post
លោកស្រី ណេង ស៊ីណាត​។ រូបថត សហការី

បញ្ហា​ប្រឈម និង​ដំណោះស្រាយ​របស់​សហគ្រិន​ស្ត្រី​ក្នុង​វិបត្តិ​កូវីដ

ភ្នំពេញៈ រយៈពេល​ជាង​ ២ ​ឆ្នាំ​មកហើយ​ដែល​វិបត្តិ​សុខភាព​បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក ខណៈ​ក្រុមហ៊ុន​ជាច្រើន ជាពិសេស​សហគ្រាស​ខ្នាតតូច និង​មធ្យម​បាន​កំពុង​ជម្នះ​ដើម្បី​រស់​។ ក្រុមហ៊ុន Compass Advertising ដែល​ដឹកនាំ​ដោយ​សហគ្រិន​ស្ត្រី ​១ ​រូប​ក៏​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​បាន​រងគ្រោះ​ពី​វិបត្តិ​មួយ​នេះ ប៉ុន្តែ​នៅតែ​ព្យាយាម​រស់​នៅលើ​ទីផ្សារ​។

លោកស្រី ណេង ស៊ីណាត ស្ថាបនិក និង​ជា​អគ្គនាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Compass Advertising បាន​ផ្តល់​បទសម្ភាស​ឱ្យ​លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អំពី​យុទ្ធសាស្ត្រ​របស់​លោកស្រី​ក្នុង​ការទ្រទ្រង់​អាជីវកម្ម​នៅក្នុង​អំឡុងពេល​មាន​វិបត្តិ​សុខភាព និង​វិធីសាស្ត្រ​ដែល​សហគ្រិន​ស្ត្រី​អាចដឹកនាំ​ក្រុមហ៊ុន​ក្នុង​អំឡុងពេល​ដ៏លំបាក​ដោយ​មិន​កាត់បន្ថយ​បុគ្គលិក​។

ក្នុង​រយៈពេល​ជាង ​២​ ឆ្នាំ​ចាប់​តាំងពី​វិបត្តិ​សុខភាព​បាន​កើតឡើង​ដែល​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច តើ​អាជីវកម្ម​របស់​លោកស្រី​មាន​សកម្មភាព​ដូចម្ដេច​ដែរ​? តើ​លោកស្រី​រក្សា​និរន្តរភាព​អាជីវកម្ម​របស់ខ្លួន​ដោយ​របៀប​ណា​?

ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​អាជីវកម្ម​ក្នុង​ស្រុក និង​ពិភពលោក​។ វា​ជា​បញ្ហា​ប្រឈម​ដ៏ធំ​សម្រាប់​យើង​ក្នុង​ការ​គិតពិចារណា​អំពី​យុទ្ធសាស្ត្រ​ដោយ​មិន​ធ្វើឱ្យ​ខូច​រចនាសម្ព័ន្ធ​ក្រុម​របស់ខ្ញុំ​។ ក្នុង​អំឡុង​ពេលនោះ យើង​ចាំបាច់​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ និង​ប្រកាន់​យក​នូវ​មធ្យោបាយ​ផ្សេងៗ​ទៀត ដើម្បី​ទ្រទ្រង់​អាជីវកម្ម​។ ជា​សំណាងល្អ ការ​កើនឡើង​នៃ​ឌីជីថលូប​នីយកម្ម​ពិតជា​បាន​ជួយ​គាំទ្រ​អាជីវកម្ម​យើង ហើយ​យើង​នៅតែ​ទទួលយក​គម្រោង​តូចៗ​មួយចំនួន​ដោយ​ប្រើ​វេទិកា​អន​ឡាញ​។ នៅក្នុង​ករណីនេះ ខ្ញុំ​កំពុង​សម្លឹងមើល​បញ្ហា​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​ ផ្អែកលើ​ភាព​វិជ្ជមាន ដូចជា​យើង​អាច​ពន្លឿន​ការធ្វើ​ឌីជីថលូប​នីយកម្ម ហើយ​ឥឡូវនេះ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សេវាកម្ម​របស់​យើង ដោយមាន​តម្រូវការ​ជាប្រចាំ​ពី​អតិថិជន​។

រដ្ឋាភិបាល​ចាប់ផ្តើម​ដំណើរការ​សេដ្ឋកិច្ច​សង្គម​ពេញលេញ​ឡើងវិញ​តាំងពីដើម​ខែវិច្ឆិកា ឆ្នាំ​ ២០២១​ មក​។ តើ​លោកស្រី​បាន​សង្កេតឃើញ​ដំណើរការ​សេដ្ឋកិច្ច​របស់​កម្ពុជា​ប្រព្រឹត្តទៅ​យ៉ាងណាដែរ​?

ខ្ញុំ​អាច​និយាយ​ថា អាជីវកម្ម​កំពុង​ងើបឡើង​វិញ​ជា​បណ្ដើរៗ យើង​អាចបំពេញ​ការខាតបង់​មួយចំនួន​ក្នុង​អំឡុងពេល​ការបិទ​ខ្ទប់​។ ខ្ញុំ​អាច​និយាយ​ដោយ​មោទនភាព​ថា ក្រុមហ៊ុន​របស់​ខ្ញុំ​មិនដែល​ចុះចាញ់​ឡើយ ព្រោះ​ខ្ញុំ​មិនដែល​បោះបង់​ពួកគេ​ក្នុង​ពេល​ដ៏អាក្រក់​នោះទេ​។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​យ៉ាង​មុតមាំ​ថា ស្ថាន​ភាពល្អ​នេះ​នឹង​បន្ត ហើយ​ថា​យើង​ទាំងអស់​គ្នា​នឹង​រួចផុត​ពី​ការរីក​រាលដាល​ជំងឺ​នេះ​។ ប៉ុន្តែ​យ៉ាងណា ក៏​យើង​នៅតែ​ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​ឱ្យបាន​ត្រឹមត្រូវ​។

តើ​វិស័យ​សំខាន់ៗ​អ្វីខ្លះ​ដែល​លោកស្រី​មើលឃើញ​មាន​ការកើនឡើង​? តើ​ក្រុមហ៊ុន​លោកស្រី​សម្រេចបាន​អ្វីខ្លះ​ថ្មីៗ​នេះ​?

ខ្ញុំ​អាច​និយាយថា អាជីវកម្ម និង​ម៉ាក​យីហោ​ភាគច្រើន​មាន​ការ​ខិតខំ​យ៉ាងខ្លាំង​ពេលនេះ​។ មិនដែល​ធុញទ្រាន់​នឹង​ការ​ជ្រៀតចូល និង​វាយលុក​យុទ្ធសាស្ត្រ​ដ៏ល្អ​បំផុត​ដែល​គ្របដណ្តប់​ការខាតបង់​ទាំងអស់​ក្នុង​អំឡុង​ការរីក​រាលដាល​ជំងឺ​កូវីដ​នោះទេ​។ អាជីវកម្ម​មួយចំនួន ដើម្បី​រកប្រាក់​ចំណេញ​កំពុង​ប្រើប្រាស់​វិធី​ជាច្រើន​ដើម្បី​ស្វែងរក​ប្រាក់​ចំណេញ​។

បច្ចុប្បន្ន​សមិទ្ធផល​ដ៏ធំ​បំផុត​ដែល​ក្រុមហ៊ុន​របស់ខ្ញុំ​សម្រេច​បាន គឺ​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុជា​នាពេល​ថ្មីៗ​មកនេះ ដែលជា​ពិព័រណ៍​បច្ចេកវិទ្យា​ដ៏ធំ​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​ត្រូវ​ត្រៀមខ្លួន​ចំពោះ​បញ្ហា​ប្រឈម​ជាច្រើន និង​ការរៀបចំ​ជាប្រចាំ​។ ក្រុម​ការងារ​របស់​ខ្ញុំ​ពិតជា​លះបង់ និង​ខំ​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​ ដើម្បី​ធ្វើឱ្យ​ពិព័រណ៍​នេះ​អាច​ធ្វើ​ទៅ​បាន និង​ទទួលបាន​ជោគជ័យ​។ ដៃគូ​អាជីវកម្ម​ទាំងនោះ​ដែល​ជឿ​ទុកចិត្ត​លើ​យើង​ក្នុង​អំឡុងពេល​បើក​ដំណើរការ​តាម​គន្លង​ថ្មី​គឺ​ពិតជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​សមិទ្ធផល​របស់​យើង​។

សូម​យក​ចំណាប់អារម្មណ៍​លើ​ជីវិត​ផ្ទាល់ខ្លួន​របស់​លោកស្រី ដោយសារ​លោកស្រី​ជា​ស្ត្រី​រឹងមាំ និង​ឯករាជ្យ​ ១ ​រូប​ដែល​បាន​កសាង​អាជីវកម្ម​ជោគជ័យ​យ៉ាងខ្លាំង​។ តើ​លោកស្រី​មើលឃើញ​សហគ្រិន​ស្ត្រី​ជួប​បញ្ហា​ប្រឈម​អ្វីខ្លះ​? តើ​លោកស្រី​ជម្នះ​ដោយ​របៀប​ណា​?

ក្នុងនាម​ជា​សហគ្រិន វា​ពិតជា​មិន​ងាយស្រួល​ទេ​ក្នុង​ការបង្កើត​អាជីវកម្ម​តាំងពី​ដំបូង​។ បញ្ហា​ប្រឈម​ជាច្រើន​កើតមានឡើង ហើយ​យើង​ចាំបាច់​ត្រូវតែ​រក​ទំនុកចិត្ត​ពី​អតិថិជន​នៅពេល​អនាគត ជាពិសេស​នៅក្នុង​វិស័យ​ភ្នាក់ងារ​ផ្សាយពាណិជ្ជកម្ម​នៅទីនេះ​។ កម្ពុជា​មាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន​កំពុង​គ្រប់គ្រង​ទីផ្សារ​។ បញ្ហា​ប្រឈម​ទាំងនេះ​ជួយ​ឱ្យ​ខ្ញុំ​ធ្វើ​ការងារ​កាន់តែ​រហ័ស ដោយមាន​ជំនួយ​ពី​គ្រួសារ​របស់ខ្ញុំ និង​ក្រុម​ការងារ​ល្អ​ខំប្រឹងប្រែង​ក្នុង​ការជួយ​ជ្រោមជ្រែង និង​លើក​ទឹកចិត្ត​។

តើ​លោកស្រី​ឃើញ​មាន​ការលើក​ទឹកចិត្ត​ណាមួយ​ពី​រដ្ឋាភិបាល​ ដើម្បី​ជំរុញ​ស្ត្រី​ឱ្យ​ក្លាយជា​សហគ្រិន​ដែរឬទេ​?

នៅក្នុង​ប្រទេស​កម្ពុជា ទាំង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​កំពុង​ធ្វើការ​រួមគ្នា​ដើម្បី​លើក​ទឹកចិត្ត​ស្ត្រី មិន​ត្រឹមតែ​នៅក្នុង​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​នៅក្នុង​ស្ថាប័ន​របស់​រដ្ឋាភិបាល​ផងដែរ​។ ដូច​លោក​ដឹង​ហើយ​ថា បច្ចុប្បន្ននេះ​យើង​មាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ស្ត្រី​ក្នុង​ធុរកិច្ច ស្ត្រី​ក្នុង​បច្ចេកវិទ្យា និង​សមាគម​ផ្សេងទៀត​ដែល​តំណាង​ឱ្យ​ស្ត្រី​នៅក្នុង​អាជីវកម្ម​។ គោលដៅ​ចុងក្រោយ​របស់​សមាគម​ទាំងនោះ​គឺ​ដើម្បី​លើក​ទឹកចិត្ត​ស្ត្រី​កាន់តែច្រើន​នៅក្នុង​អាជីវកម្ម ខណៈពេល​ដែល​យើង​អាច​ឃើញ​ថា នៅពេលនេះ​មាន​ស្ត្រី​ជាច្រើន​កំពុង​ដឹកនាំ​ក្រុមហ៊ុន និង​សូម្បីតែ​ស្ថាប័ន​រដ្ឋាភិបាល​មួយចំនួន​ផងដែរ​។

ទាំងអស់​នេះ ខ្ញុំ​អាច​និយាយ​ថា រដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការ​ធ្វើឱ្យមាន​សមភាព​យេនឌ័រ​នៅក្នុង​សេដ្ឋកិច្ច និង​ជួរ​រដ្ឋាភិបាល ដើម្បី​អនុញ្ញាត​ឱ្យ​ស្ត្រី​ប្រើប្រាស់​សមត្ថភាព និង​ផ្តល់​លទ្ធភាព​ឱ្យ​ពួកគេ​សម្រាប់​ការរួមចំណែក​ក្នុង​សេដ្ឋកិច្ច​៕

អត្ថបទគួរចាប់អារម្មណ៍