ភ្នំពេញៈ ការនាំ​ចូល​ដែក និង​ដែកថែប​ពី​ទីផ្សារ​ក្រៅប្រទេស​មក​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​រយៈពេល​ ១០ ​ខែ​ដើមឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ជិត ៣០ ​លាន​ដុល្លារ កើនឡើង​ជាង ២៣ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១ ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ទិន្នន័យ​ទំនិញ​ពាណិជ្ជកម្ម​នាំចូល​ឱ្យ​ដឹងថា ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​ ២០២២ កម្ពុជា​បាន​បញ្ចេញ​ប្រាក់​ចំនួន ៣០១,៨៧ ​លាន​ដុល្លារ​លើ​ការនាំ​ចូល​ដែក និង​ដែកថែប ដោយ​ចំនួន​នេះ​កើនឡើង ២៣,២ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ ២៤៥,០៩ ​លាន​ដុល្លារ​។ ទឹកប្រាក់​នៃ​ការនាំ​ចូល​ដែក និង​ដែកថែប គឺ​ស្មើនឹង​ប្រមាណ ១,២ ​ភាគរយ​នៃ​ទឹកប្រាក់​ដែល​កម្ពុជា​នាំចូល​ទំនិញ​ពី​ក្រៅប្រទេស​ដែលមាន​ចំនួន ២៥៧ ៨១៧,៧៣​ លាន​ដុល្លារ​។

យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្រាប់​ខែ​តុលា​ឆ្នាំនេះ​ការនាំ​ចូល​ដែក និង​ដែកថែប មាន​ទឹកប្រាក់ ៣០,០៩ ​លាន​ដុល្លារ កើនឡើង ៦០,៨ ​ភាគរយ​ធៀប​ខែតុលា ឆ្នាំ​ ២០២១ ដែលមាន ១៨,៧១​ លាន​ដុល្លារ​។

អគ្គលេខាធិការ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ស្ថានភាព​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​ចាប់ផ្តើម​ល្អ​ឡើងវិញ​បន្តិច​ហើយ​ បន្ទាប់ពី​ជាប់គាំង​ជាង ២ ​ឆ្នាំ​ដោយសារ​វិបតិ្ត​ជំងឺ​កូវីដ​-១៩​។ វិស័យនេះ​នៅ​ត្រូវការ​ពេល​យូរ​បន្ថែមទៀត​ទើប​អាចមាន​សម្ទុះ​ខ្លាំង​ដូច​កាលពីមុន​អំឡុង​ឆ្នាំ​ ២០១៨ ​។

លោក​ថ្លែងថា​៖ «​បើ​និយាយ​ពី​ស្ថានភាព​វិស័យ​សំណង់​ដែល​មាន​វឌ្ឍនភាព​នៅពេល​នេះ គឺ​ភាគច្រើន​ជា​គម្រោង​តូចៗ​មានដូចជា​លំនៅឋាន​របស់​ប្រជាជន​ក្នុងស្រុក ខណៈ​សំណង់​ធំៗ​ដែល​​វិនិយោគ​ដោយ​ជនបរទេស​គឺមាន​វឌ្ឍនភាព​តិចតួច​ប៉ុណ្ណោះ​»​។

លោក​បាន​ប្រាប់ទៀតថា ដែក​នាំចូល​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់​ភាគច្រើន​នាំមក​ពី​ប្រទេស​វៀតណាម ចិន និង​ថៃ​។

លោក ជីវ ស៊ីវ​ផេង ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា កាលពី​ថ្មីៗ​នេះ​បាន​និយាយថា ទឹកប្រាក់​នាំចូល​ដែក និង​ដែកថែប​កើនឡើង គឺ​ដោយសារតែ​គម្រោង​វិនិយោគ​ដែលមាន​ម្ចាស់​ជា​អ្នក​នៅក្នុង​ស្រុក​កំពុង​បន្ត​វិវឌ្ឍ​ទៅមុខ​ល្អ ហើយ​តម្លៃ​ដែក និង ដែកថែប ក៏ខ្ពស់​ជាង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែរ​។ លោក​បញ្ជាក់ថា​៖ «​ចំនួន​ទឹកប្រាក់​នាំចូល​ដែក និង​ដែកថែប​កើនឡើង គឺ​ដោយសារ​សំណង់​លំនៅឋាន​ក្នុង​ស្រុក​បន្ត​រីកចម្រើន ប៉ុន្តែ​សម្រាប់​គម្រោង​សាងសង់​ធំៗ​នៅពេល​នេះ គឺ​មិនសូវ​មាន​សកម្មភាព​ទេ​»​។

លោក​ប្រាប់ទៀត​ថា សកម្មភាព​សាងសង់​នៅតាម​ការដ្ឋាន​មួយចំនួន​ថយចុះ​នៅពេលនេះ ក៏​ដោយសារ​តែ​រដ្ឋាភិបាល​ធ្វើការ​រឹតបន្តឹង​លើ​ការត្រួតពិនិត្យ​និយាម​បច្ចេកទេស និង​គុណភាព​នៅ​ទីតាំង​ផ្ទាល់​ផងដែរ ដើម្បី​ទប់ស្កាត់​ហានិភ័យ​ពី​ការសាងសង់​។

លោក​អះអាង​ថា​៖ «​វិស័យ​សំណង់​នៅ​កម្ពុជា​នឹងមាន​ភាពល្អ​ប្រសើរឡើង​វិញ នៅពេល​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក និង​ជំងឺ​កូវីដ​ ១៩ ត្រូវ​គ្រប់គ្រង​បាន​ទាំងស្រុង​»​។

របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឱ្យ​ដឹងថា ក្នុង​រយៈពេល ​៨ ​ខែ ឆ្នាំ​ ២០២២ ក្រសួង​បានផ្តល់​ច្បាប់​អនុញ្ញាត​ឱ្យ​គម្រោង​សាងសង់​ចំនួន ២ ៨១១ ​គម្រោង ធ្លាក់ចុះ ៩០ ​គម្រោង និង​មាន​ទុនវិនិយោគ​សរុប ១ ៦៦២ ​លាន​ដុល្លារ ធ្លាក់ចុះ ៥៦,៧​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​ ។ ក្នុងចំណោម​គម្រោង​វិនិយោគ​ទាំង ២ ៨១១ គឺមាន​គម្រោង​លំនៅឋាន ២ ៥២១ ​គម្រោង​៕