ភ្នំពេញៈ និន្នាការ​នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​នឹង​បន្ត​កើន​ឡើង​ឥត​ឈប់​ដែល​នឹង​នាំមក​នូវគុណ​ប្រយោជន៍​ជាច្រើន​ទៅដល់​សេដ្ឋកិច្ច​ជាតិ តាមរយៈ​ការ​បង្កើន​ផលិតភាព ការ​កាត់បន្ថយ​ថ្លៃដើម និង​បញ្ហា​អវិជ្ជមាន​ជាច្រើន​ទៀត​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​។ នេះ​បើតាម​លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា។​

​ក្នុង​ពិធី​បើក​សន្និសីទ​ម៉ាក្រូ​ សេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី ៩ ស្តីពី «​ដំណើរ​ឆ្ពោះទៅ​កាន់ការ​ស្ដារឡើងវិញ និង​ភាព​ធន់​ក្រោយ​កូវីដ ១៩» ដែល​រៀបចំ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ ( UNDP) នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៤ វិច្ឆិកា លោកស្រី ជា សិរី បាន​លើក​ឡើង​ថា បន្ទាប់ពី​រយៈពេល​ជាង ២ ឆ្នាំ​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ នៅ​ពេលនេះ​ការឆ្លង​រាលដាល​កូវីដ ១៩ នៅ​កម្ពុជា​មាន​កម្រិត​តិចតួច​បំផុត និង​មិនមាន​អ្វី​គួរឱ្យ​បារម្ភ​ទៀត​ទេ ដែល​នេះ​បាន​អនុញ្ញាត​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​វិស័យ​ចម្បងៗ​បន្ត​ងើប​ឡើងវិញ​ជាលំដាប់។

​ក្នុងន័យនេះ​ផែនការ​នៃ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​គោ​លនយោបាយ​ពាក់ព័ន្ធ​គួរ​ត្រូវបាន​សិក្សា និង​ពិភាក្សា​ឱ្យបាន​ស៊ីជម្រៅ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​។​លោកស្រី​បាន​បន្ថែមថា ក្នុង​ចំណោម​ធាតុ​ផ្សំ​ដែល​នឹង​ចូលរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​នោះ «​ឌីជីថលូប​នីយកម្ម» គឺជា​ចំណុច​សំខាន់​មួយ​ដែល​កម្ពុជា​កំពុង​យកចិត្ត​ទុកដាក់​ខ្លាំង ខណៈ​កន្លង​មក​គេ​សង្កេត​ឃើញថា របៀបរបប​រស់នៅ​ក្នុង​សង្គម និង​ការបម្រើ​ការងារ​នៅតាម​ស្ថាប័ន​នានា​មាន​ការ​ផ្លាស់ប្តូរ​យ៉ាងច្រើន ដោយ​ប្ដូរ​ទៅរក​ការ​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ។​

​លោកស្រី​ថ្លែងថា​៖ «​និន្នាការ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​នឹង​បន្ត​កើន​ឡើង​ឥត​ឈប់ ដែល​នឹង​នាំមក​នូវ​គុណ​ប្រយោជន៍​ជាច្រើន​ដល់​សេដ្ឋកិច្ច​ជាតិ តាមរយៈ​ការបង្កើន​ផលិតភាព និង​អាច​រួមចំណែក​កាត់បន្ថយ​ថ្លៃដើម និង​បញ្ហា​អតិផរណា ដែល​យើង​បាន​និង​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន»។​

​លោកស្រី​បន្តថា​៖ «​ក្នុងន័យនេះ ខ្ញុំ​សូម​គូសបញ្ជាក់ថា ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ធនាគារ​នា​រយៈពេល​កន្លងមក​នេះ ពិសេស​ប្រព័ន្ធ​ទូទាត់​បានរួម​ចំណែក​ដល់​ការ​ទ្រទ្រង់​សកម្មភាព​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ក្នុង​អំឡុង​វិបត្តិ​កូវីដ ១៩ និង​បាន​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​ដោយ​បាន​ជួយ​កាត់បន្ថយ​ការ​ប៉ះពាល់​ផ្ទាល់ កាត់បន្ថយ​ការធ្វើ​ដំណើរ​មិនចាំបាច់ និង​រក្សា​នូវ​គម្លាត​សង្គម​ជាដើម ស្រប​ពេលដែល​ទំនើបកម្ម​សេវា​ហិរញ្ញវត្ថុ បាន​លើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ ឬ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​នៅ​តាម​តំបន់​ជនបទ​ឱ្យ​កាន់តែ​ប្រសើរ​ផងដែរ»។​

​ទោះយ៉ាងណា លោកស្រី​ក៏​លើកឡើងថា ផល​អវិជ្ជមាន​នៃ​ឌីជីថលូប​នីយកម្ម មិនគួរ​ត្រូវបាន​មើល​រំលង​នោះទេ ព្រោះ ឌីជីថលូប​នីយកម្ម បាន​ផ្ដល់​លទ្ធភាព​ដល់​ប្រជាជន​រស់នៅ​តាម​តំបន់​ដាច់​ស្រយាល​អាច​ទទួល​បាន​នូវ​សេវាកម្ម​ចាំបាច់​ផ្សេងៗ​រួមទាំង​សេវា​ហិរញ្ញវត្ថុ ដែល​ពួកគាត់​អាច​នឹងមិន​បាន​ទទួល​ប្រសិនបើ​គ្មាន​ទំនើបកម្ម​ផ្នែក​បច្ចេកវិទ្យា ប៉ុន្តែ​ឌីជីថលូប​នីយកម្ម​ក៏​ទាមទារ​កត្តា​ជា​មូលដ្ឋាន​មួយចំនួន​ផងដែរ គឺ​លទ្ធភាព​ក្នុង​ការប្រើ​ឧបករណ៍​អេឡិចត្រូនិក និង​សេវា​អ៊ីនធឺណិត​មាន​តម្លៃ​សមរម្យ បើ​ពុំ​ដូច​នោះទេ​ឌីជីថលូប​នីយកម្ម អាច​បង្កឱ្យ​មាន​វិសមភាព​សង្គម។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក គី​ សេរី​វឌ្ឍន៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៤ ខែវិច្ឆិកា ថា វត្តមាន​របស់​កូវីដ ១៩ បាន​ធ្វើឱ្យ​ការប្រើប្រាស់​បច្ចេកវិទ្យា​នៅ​កម្ពុជា​មាន​ដំណើរការ​ទៅមុខ​កាន់តែ​លឿន និង​កំពុង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​នេះ​ក៏​ជួយ​ឱ្យ​រដ្ឋាភិបាល​អាច​ធ្វើការ​គ្រប់គ្រង​ចរាចរណ៍​សាច់ប្រាក់​បាន​កាន់តែ​ងាយស្រួល និង​ច្បាស់លាស់​។ វា​ក៏​ជួយ​ឱ្យ​ធនាគារ​ជាតិ​ងាយស្រួល​រៀបចំ​គោលនយោបាយ​ហិរញ្ញវត្ថុ ឱ្យបាន​ត្រឹមត្រូវ និង​ជួយ​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល​ក្នុង​ចរន្ត​សេដ្ឋកិច្ច​កាន់តែ​ច្រើន​ផងដែរ»៕​