គម្រោងវិនិយោគរបស់ក្រុមហ៊ុន សមស្របជាមួយខេត្តព្រះសីហនុដែលមានសក្តានុពល កន្លងមកនៅខេត្តព្រះសីហនុមានក្រុមហ៊ុនវិនិយោគចំនួន ១៩៩ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន ៨៤ក្រុមហ៊ុន និងវិនិយោគខ្នាតធំ (អភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង) តាមបណ្តាកោះ ឆ្នេរ មាន ៣៣ក្រុមហ៊ុន គិតចាប់ពីឆ្នាំ ១៩៩៤ ដល់ខែតុលា ឆ្នាំ ២០២២។
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ថ្លែងក្នុងជំនួបជាមួយ លោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group នៃប្រទេសអូទ្រីសនៅថ្ងៃទី ២៤ ខែវិច្ឆិកា ថា ដោយឡែកខេត្តព្រះសីហនុ ក៏មានគម្រោងវិនិយោគទេសចរណ៍ផ្សាភ្ជាប់ និងធម្មជាតិ (ខ្នាតតូចទំហំក្រោម ១០ហិកតា) ដែលទទួលបានគោលកាណ៍វិនិយោគពីក្រសួងបរិស្ថានចំនួន ៨១គម្រោង ក្នុងនោះកំពុងដំណើរការចំនួន ៤១ គម្រោង និង ៤០គម្រោងទៀតកំពុងសិក្សាតាមផែនការមេអភិវឌ្ឍន៍របស់គម្រោង និងអនុវត្តនីតិវិធីច្បាប់។
លោកបន្តថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរដ្ឋបាលខេត្តចង់បានក្រុមហ៊ុនមកធ្វើការវិនិយោគលើវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ។
លោកអភិបាលរងខេត្តបានធ្វើការណែនាំឱ្យក្រុមហ៊ុនធ្វើការវិនិយោគកន្ត្រកខ្សែរ៉កនៅតំបន់កោះរ៉ុង និងនាំមកនូវអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។
លោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group បានថ្លែងអំណរគុណរដ្ឋបាលខេត្ត ដែលបានឱ្យក្រុមហ៊ុន Doppelmayr Group ចូលជួបពិភាក្សានាពេលនេះ ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនវិនិយោគបរទេសទើបចូលប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីឱកាសវិនិយោគលើការរៀបចំសកម្មភាពកម្សាន្ត មានទោងយោល ខ្សែរ៉ក និងសកម្មភាពកម្សាន្តទេសចរណ៍ផ្សេងៗជាច្រើនទៀត ដែលអាចរៀបចំនៅខេត្តព្រះសីហនុ។
លោកបានបន្តថា ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនកន្ត្រកខ្សែរ៉កឈានមុខគេនៅលើពិភពលោក ដែលមានកន្ត្រកខ្សែរ៉កជាច្រើនប្រភេទ ក្រុមហ៊ុនមានទស្សនវិស័យធ្វើការវិនិយោគលើវិស័យទេសចរណ៍ កន្ត្រកខ្សែរ៉ក ដែលមានការពាក់ព័ន្ធនិងគមនាគមន៍ដឹកជញ្ជូនផងដែរ។ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍកន្ត្រកខ្សែរ៉កនៅប្រទេសចំនួន ៥០ ក្នុងនោះមានកន្ត្រកខ្សែរ៉កតំបន់ភ្នំ ខ្សែរ៉កការដឹកជញ្ជូនក្នុងក្រុង និងខ្សែរ៉កដឹកជញ្ជូនឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតដែលជាការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ៕