ភ្នំពេញៈ ផ្នែក​ឯកជន​រំពឹងថា ការ​វិនិយោគ​លើ​ការដាំដុះ បង្កើត​រោងចក្រ​កែច្នៃ និង​វេច​ខ្ចប់​គ្រាប់​ស្វាយចន្ទី​នៅ​កម្ពុជា​នឹង​កើនឡើង​ច្រើន​នៅ​ពេល​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី​ឆ្នាំ ២០២២-២០២៧ ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ខណៈ​បច្ចុប្បន្ន​កម្ពុជា​បាន​នាំចេញ​គ្រាប់​ស្វាយចន្ទី​មិនទាន់​កែច្នៃ​ជាច្រើន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​វៀតណាម។​

​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ បាន​ប្រកាស​បញ្ចប់​ដំណាក់កាល​នៃ​កិច្ច​ប្រជុំ​អន្តរក្រសួង​បន្ទាប់ពី​បាន​ឆ្លងកាត់​ការប្រជុំ​អន្តរក្រសួង​ចំនួន ៣ លើក​រួចមក ដោយ​ជំហាន​បន្ទាប់​នឹងត្រូវ​ដាក់​ឆ្លង​កិច្ចប្រជុំ​ពេញអង្គ​របស់​គណៈរដ្ឋមន្ត្រី​។ ក្នុង​កិច្ចប្រជុំ​កាល​ពី​ថ្ងៃទី ២៥ ខែ​វិច្ឆិកា គឺមាន​ការ​ចូលរួម​ពី​លោក តឹក​រ៉េត សំរេច រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​ថ្នាក់​ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​ជាច្រើន​ទៀត។​

​លោក រាជ រ៉ា កន្លងមក​ធ្លាប់​លើក​ឡើង​ថា គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី បាន​ឆ្លង​កាត់​កិច្ច​ប្រជុំ​ជាច្រើន​ដូចជា កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​របស់​ក្រសួង​ពាណិជ្ជកម្ម អន្តរក្រសួង​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ​ដូចជា សមាគម​អ្នក​នាំចេញ និង​អ្នក​ដាំដុះ ជាដើម ដើម្បី​បំពេញ​បន្ថែម​នូវ​ធាតុ​ចូល​ថ្មីៗ និង​កែសម្រួល​រាល់​ចំណុច​ខ្វះខាត។​

​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ី​ឡុ​ត បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា​ថា គោលដៅ​នៃ​ការ​រៀបចំ​គោលនយោបាយ​ជាតិ​ស្ដីពី​ស្វាយចន្ទី​គឺ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ឱ្យ​បញ្ចេញ​ទុន​មក​វិនិយោគ​លើ​ផលិតកម្ម​ស្វាយចន្ទី​ឱ្យបាន​កាន់​តែច្រើន ខណៈ​កន្លងមក​វិស័យ​នេះ​ហាក់​ត្រូវគេ​ព្រងើយ​កន្តើយ​មិនសូវ​យកចិត្ត​ទុកដាក់​ឡើយ បើ​ទោះបី​ក្នុង ១ ឆ្នាំៗ​កម្ពុជា​ទទួល​បាន​ប្រាក់​យ៉ាងច្រើន​ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ជាតិ​ក៏ដោយ។

​លោក​បន្តថា នៅពេល​គោ​លន​យោ​បាយ​ជាតិ​ស្វាយចន្ទី​ចូល​ជា​ធរមាន វា​នឹង​ជួយ​ទាក់ទាញ​ឱ្យមាន​ការ​វិនិយោគ​កាន់តែ​ច្រើន ព្រោះ​ការវិនិយោគ​ក្នុង​វិស័យ​នេះ​នឹង​ទទួល​បាន​ភាព​អនុគ្រោះ​មួយ​ចំនួន​ដូចជា ពន្ធ ការបង្កើត​កសិដ្ឋាន​ប្រមូលផ្តុំ​ការដាំដុះ និង​កែច្នៃ​នាំចេញ ជាដើម។​

​លោក​លើកឡើងថា​៖ «​នៅពេល​គោលនយោបាយ​នេះ​ត្រូវបាន​ដាក់ឱ្យ​អនុវត្ត វា​នឹង​ជួយ​ជ្រោមជ្រែង​ដល់​កសិករ​ក្នុង​ស្រុក តាមរយៈ​ការ​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម​ផ្សេងៗ ហើយក៏​អាច​ជួយ​ឱ្យ​កសិករ​ធ្វើ​ការលក់​ទៅកាន់​រោងចក្រ​ដោយ​ផ្ទាល់ ដែល​អាច​ទទួល​បាន​ប្រាក់កម្រៃ​លើសពី​ប្រាក់​ដែល​គាត់​លក់​ឱ្យ​ឈ្មួញ​កណ្តាល»។​

​លោក​បន្ថែមទៀតថា គ្រាប់ស្វាយចន្ទី​ផ្តល់​ប្រាក់ចំណូល​យ៉ាងច្រើន​ជា​រៀងរាល់​ឆ្នាំ ដោយ​អាច​មាន​លើសពី​ការ​នាំចេញ​ស្រូវ​អង្ករ​ទៀតផង​។ ​លោក​បញ្ជាក់ថា​៖ «​នេះ​ជា​វិស័យ​មួយ​ដែល​ភាគី​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល​គួរតែ​យកចិត្ត​ទុកដាក់​ឱ្យបាន​ខ្លាំង ព្រោះ​វិស័យនេះ​ប្រើប្រាស់​ដី​ដាំដុះ​តិច​ប៉ុន្តែ​អាច​រក​ចំណូល​ចូលជាតិ​បាន​ច្រើន គឺ​លើសពី​ស្រូវ​អង្ករ​ទៀត»។​

​ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ក្នុង​រយៈពេល ១០ ខែ​ក្នុង​ឆ្នាំ ២០២២ ប្រទេស​កម្ពុជា បាន​នាំចេញ​គ្រាប់​ស្វាយចន្ទី​ឆៅ (​ស្រស់​) ចំនួន ៤៦៩ ៥១៥,១៥ តោន ថយចុះ ៤៨,៥៩ ភាគរយ ក្នុង​នោះ​នាំចេញ​ទៅ​វៀតណាម ៤៦៧ ៣០១, ថៃ ២ ០៥០ តោន​, ឥណ្ឌា ១៥០,១៦ តោន​, ចិន ១៣,៥៨​តោន​, ជប៉ុន ០,១៤ តោន​, និង​ហ្វីលីពីន ០,០៥ តោន​។ ដោយឡែក ការ​នាំចេញ​គ្រាប់​ស្វាយចន្ទី​កែច្នៃ មាន​ចំនួន ៥៩៩,៩៣ តោន ថយចុះ ៥៨,៩៣ ភាគរយ ក្នុង​នោះ​នាំទៅ​ប្រទេស​ថៃ ២៦៤,៤៤ តោន​, ចិន ២២៩,៨៤​តោន​, ជប៉ុន ៧៤,៤៣ តោន​, កោះ​តៃវ៉ាន់ ២៥ តោន​, កូរ៉េ ៧,១ តោន​, និង​ប្រទេស​ស្វ៊ីស មាន​ចំនួន ០,១២ តោន៕