
មនុស្សម្នាដើរកាត់ហាង ដែលបិទនៅក្នុងសង្កាត់ Chaoyang ក្នុងទីក្រុងប៉េកាំង ដោយសារច្បាប់រឹតបន្តឹងជំងឺកូវីដ ១៩ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២។ AFP
កំណើនសេដ្ឋកិច្ចរបស់ចិនទំនងនឹងជាប់គាំងទាំងស្រុង នៅឆ្នាំក្រោយ បើទោះបីជាគោលនយោបាយសូន្យកូវីដ ត្រូវដកចេញក៏ដោយ ដោយសារតែផលប៉ះពាល់ នាពេលបច្ចុប្បន្ន នៅបន្តជះឥទ្ធិពលធ្ងន់ធ្ងរដោយមិនអាចចៀសរួច ទម្រាំតែសេដ្ឋកិច្ចស្ទុះងើបពីភាពត្រដាបត្រដួសឡើងវិញបានដូចដើម។ នេះបើតាមការព្រមានរបស់អ្នកសេដ្ឋវិទូ។
ទោះមានការបិទខ្ទប់ដ៏តឹងរ៉ឹង ការធ្វើតេស្តរកកូវីដ និងការធ្វើចត្តាឡីស័កទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលឱ្យមានប្រសិទ្ធភាពក៏ដោយ ក៏អ្នកសេដ្ឋកិច្ចភាគច្រើន មិនរំពឹងថា ប្រទេសចិននឹងបើកដំណើរការឡើងវិញទាំងស្រុង នាពេលឆាប់នោះដែរ។ នាពេលនេះ ករណីឆ្លងរាលដាលនៃជំងឺកូវីដ នៅចិន កំពុងកើនឡើងយ៉ាងអាក្រក់ ហើយរបាយការណ៍ពីក្រុមហ៊ុនហិរញ្ញវត្ថុ Nomura បង្ហាញថា ច្រើនជាង ១/៥ នៃតំបន់សេដ្ឋកិច្ច ដែលបម្រើឱ្យផលិតផល ក្នុងស្រុកសរុប (GDP) របស់ចិន កំពុងស្ថិតក្រោមការបិទខ្ទប់។
ប្រធានសេដ្ឋវិទូចិនរបស់ក្រុមហ៊ុន Nomura ដែលបានព្យាករថា កំណើនសេដ្ឋកិច្ចចិន នឹងមានត្រឹម ៤,៣% នៅឆ្នាំ ២០២៣ លោក Lu Ting បានបង្ហាញការយល់ឃើញប្រាប់កាសែត South China Morning Post ថា៖ «ដោយសារតែគោលនយោបាយសូន្យកូវីដ គោលនយោបាយផ្សេងទៀត ដើម្បីជំរុញសេដ្ឋកិច្ច គឺគ្មានប្រសិទ្ធភាព»។
ផ្ទុយទៅវិញ លោក Lu បានព្រមានប្រឆាំងនឹងការរំពឹងទុក ដោយងងឹតងងល់ ចំពោះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស បើទោះចិន អាចនឹងបើកដំណើរការឡើងវិញទាំងស្រុង នៅចុងត្រីមាសទី ១ ឆ្នាំក្រោយក្ដី។ សេដ្ឋវិទូដដែល ព្រមានថា៖ «នៅពេលដែលចំនួននៃការឆ្លង (កូវីដ ១៩) កើនឡើងយ៉ាងឆាប់រហ័សនោះ វានឹងបង្កការប៉ះទង្គិចធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាល និងសង្គមទាំងមូល។ ការឆ្លងទ្រង់ទ្រាយធំ នឹងមានផលប៉ះពាល់អវិជ្ជមានលើការប្រើប្រាស់ ផលិតកម្ម និងការដឹកជញ្ជូន»។
លោក Lu បន្ថែមទៀតថា ផលវិជ្ជមានដ៏សំខាន់បំផុត នៅពេលចិនបើកដំណើរការប្រទេសឡើងវិញ ដែលរួមមានទាំងការស្ទុះងើបជាថ្មីនៃការប្រើប្រាស់ ជាពិសេសលើវិស័យសេវាកម្មនោះ អាចកើតឡើងតែនៅក្នុងត្រីមាសទី ៣ ឬទី ៤ នៃឆ្នាំក្រោយប៉ុណ្ណោះ។ ភ្ជាប់ជាមួយនឹងការប្រមាននេះ សេដ្ឋវិទូមកពីក្រុមហ៊ុនធនាគារវិនិយោគ Goldman Sachs បានព្យាករថា ចិនទំនងជាមិនបើកប្រទេសឡើងវិញ នៅត្រីមាសទី ១ នៃឆ្នាំ ២០២៣ នោះទេ។
ក្រុមសេដ្ឋវិទូនេះ បាននិយាយក្នុងរបាយការណ៍មួយ ចេញផ្សាយ កាលពីសប្ដាហ៍មុនថា៖ «សេដ្ឋកិច្ចចិនទំនងជានឹងបង្ហាញពីភាពខុសគ្នា រវាងឆមាសទី ១ និងទី ២ នៅឆ្នាំក្រោយ។ ដោយសារដំណាក់កាលដំបូងនៃការបើកប្រទេសឡើងវិញរបស់ចិន អាចមានភាពអវិជ្ជមាន ចំពោះកំណើនសេដ្ឋកិច្ច ដោយសារការកើនឡើងនៃការឆ្លងកូវីដ និងការធ្វើដំណើររបស់ប្រជាជន ធ្លាក់ចុះជាបណ្តោះអាសន្ន ដែលរូបភាពបែបនេះស្រដៀងគ្នាទៅនឹងអ្វី ដែលប្រទេសអាស៊ីបូព៌ាផ្សេងទៀត បានជួបប្រទះ ពេលបើកប្រទេសឡើងវិញ»។
យ៉ាងណា ក្រុមសេដ្ឋវិទូរបស់ក្រុមហ៊ុនអាមេរិកដដែល បានរំពឹងថា ការវិនិយោគនឹងនៅតែរឹងមាំនៅក្នុងឆមាសទី ១ នៃឆ្នាំ ខណៈការប្រើប្រាស់ និងសេវាកម្ម នឹងក្លាយជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងឆមាសទី ២ ដែលរួមចំណែកដល់កំណើន ៤,៥% នៃ GDP របស់ចិននៅឆ្នាំ ២០២៣។ សូមបញ្ជាក់ថា សេដ្ឋកិច្ចចិន ដែលឈរនៅលំដាប់ទី២ ធំបំផុតរបស់ពិភពលោក បានកើនឡើង ៣,៩% នៅត្រីមាសទី៣ នៃឆ្នាំ ២០២២ នេះ បើធៀបនឹងឆ្នាំមុន ហើយអត្រានេះ ហក់ឡើងពី ០,៤% នៅត្រីមាសទី ២។ នេះបើតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិន។
ប្រធានសេដ្ឋវិទូ នៅក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Pinpoint Asset Management លោក Zhang Zhiwei បានថ្លែងប្រាប់កាសែត South China Morning Post ថា ទោះមានការយល់ឃើញដូចគ្នា ក្នុងចំណោមអ្នកវិភាគថា សេដ្ឋកិច្ចរបស់ចិននឹងចុះខ្សោយ ក្នុងឆមាសទី ១ នៃឆ្នាំក្រោយ មុនពេលវាងើបមកដំណើរការធម្មតាវិញ នៅឆមាសទី ២ ក៏ដោយ ក៏ភាពមិនប្រាកដប្រជានៅតែបន្តកើនឡើង។
នាពេលនេះ ទីក្រុងប៉េកាំងមិនទាន់ផ្តល់សញ្ញាជាផ្លូវការណាមួយអំពីពេលណាមួយ ឬថា តើខ្លួននឹងដកចេញគោលនយោបាយសូន្យកូវីដរបស់ខ្លួននោះទេ ប៉ុន្តែរដ្ឋាភិបាល បានប្រកាសពីការបន្ធូរបន្ថយតិចតួច នៅដើមខែវិច្ឆិកានេះ ដែលធ្វើឱ្យទីផ្សារភាគហ៊ុនកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តរបស់រដ្ឋាភិបាលថ្នាក់មូលដ្ឋានលើវិធានការបន្ធូរបន្ថយថ្មីចំនួន ២០ ដែលប្រកាសដោយក្រុមប្រឹក្សារដ្ឋ មិនបានបង្ហាញពីភាពវិជ្ជមានដុំកំភួននោះឡើយ ដែលធ្វើឱ្យមានការសង្ស័យទៀតថា ការបើកប្រទេសឡើងវិញ នឹងមិនកើតមានពេលឆាប់ៗខាងមុខនោះទេ។ នេះបើតាមលោក Chen Zhiwu សាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុនៃសាកលវិទ្យាល័យហុងកុង។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅតាមសហគមន៍ ក្នុងប្រទេសចិន បានហក់ឡើងខ្ពស់ ទោះមានការបិទខ្ទប់ដ៏តឹងរ៉ឹង នៅតាមបណ្ដាទីក្រុងធំៗ ដែលមានប្រជាជនរាប់លាននាក់រស់នៅ ដូចជាក្រុងប៉េកាំង និងក្រុងក្វាងចូវ ក៏ដោយ។ ការឆ្លងទូទាំងប្រទេសបានឡើងរហូតដល់រាប់ម៉ឺនករណី ក្នុង ១ ថ្ងៃ ហើយនៅថ្ងៃទី ២៤ វិច្ឆិកា ចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសចិន កើនឡើងជាង ៣២ ០០០ ករណី។ ផលប៉ះពាល់កាន់តែខ្លាំងពីកូវីដ បន្តកើនឡើង ក្នុងអំឡុងពេលអ្នកវិនិយោគជាច្រើន ប៉ាន់ស្មានថា ចិននឹងបន្ធូរបន្ថយគោលនយោបាយសូន្យកូវីដឆាប់។
ស្របពេលអ្នកវិភាគរំពឹងថា ការប្រើប្រាស់នឹងក្លាយជាកត្តាសំខាន់បំផុត សម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ ពេលចិនបើកប្រទេសវិញ ហើយត្រដាបត្រដួសនឹងការឆ្លងរាលដាលកូវីដនោះ អ្នកវិភាគខ្លះលើកឡើងថា កំណើនដែលរំពឹងពីការកើនឡើងនៃតម្រូវការ អាចមានតិច។
របាយការណ៍ពីក្រុមសេដ្ឋវិទូរបស់ Goldman Sachs ដដែល ឱ្យដឹងថា ការងើបឡើងវិញនៃការប្រើប្រាស់ប្រកបដោយវិសាលភាព និងនិរន្តរភាព ពឹងផ្អែកលើការកែលម្អសក្តានុពល ក្នុងទីផ្សារការងារ ប្រាក់ចំណូលគ្រួសារ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់។ ជាមួយគ្នានោះ តួនាទីនៃការនាំចេញដែលជាម៉ាស៊ីនសេដ្ឋកិច្ច សម្រាប់ចិន នៅ ២ ឆ្នាំចុងក្រោយនេះ អាចថយចុះ នៅឆ្នាំំ ២០២៣ ចំពេលមានការថយចុះនៃតម្រូវការខាងក្រៅ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការស្ទុះងើបឡើងវិញនៃវិស័យផលិតកម្ម នៅក្នុងប្រទេសផ្សេងទៀត។
អ្នកវិភាគក៏ប្រាប់ដែរថា អចលនទ្រព្យដែលជាដង្ហើមសេដ្ឋកិច្ចសំខាន់បំផុតរបស់ចិន នៅ ២ ទសវត្សរ៍ចុងក្រោយ អាចបន្តធ្លាក់ បើមិននៅទ្រឹងទេ នាឆ្នាំក្រោយ ទោះការធ្លាក់ចុះ មានតិចជាងឆ្នាំ ២០២១។ ទោះមានការព្រមាននេះ លេខាបក្សនៃធនាគារប្រជាជនចិន អះអាងថា វិបត្តិអចលនទ្រព្យ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយបរទេសបំភាន់ និងថា សេដ្ឋកិច្ចរបស់ចិន ធន់រឹងមាំ មានសក្ដានុពលអស្ចារ្យ និងនៅតែអាចរីកចម្រើនខ្លាំងទៅមុខទៀត៕