
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់កំប៉ុងកូកាកូឡាក្នុងពិធីសម្ពោធជាផ្លូវការ កាលពីឆ្នាំ ២០១៦។ រូបថត សហការី
ភ្នំពេញៈ ក្រុមហ៊ុន Swire Coca-Cola Limited ដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនហុងកុង ជាបុត្រសម្ព័ន្ធនៅក្រោមការគ្រប់គ្រងកាន់កាប់ទាំងស្រុងរបស់ក្រុមហ៊ុន Swire Pacific Limited បានទិញក្រុមហ៊ុនបុត្រសម្ព័ន្ធកូកាកូឡា ដែលផលិតនិងចែកចាយនៅកម្ពុជាជាផ្លូវការ សម្រាប់យុទ្ធសាស្ត្រពង្រីកទីផ្សាររបស់ខ្លួននៅក្នុងតំបន់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ខ្លួនបានបិទបញ្ចប់ការទិញជាផ្លូវការនៅថ្ងៃទី ២៥ ខែវិច្ឆិកា Swire Coca-Cola ដើម្បីកាន់កាប់សិទ្ធិជាម្ចាស់ក្រុមហ៊ុន Cambodia Beverage Company Ltd.និងចាប់ផ្តើមដឹកនាំអាជីវកម្មពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ តទៅ។
ក្រុមហ៊ុនថា ការទិញយកក្រុមហ៊ុននេះ ជាការបោះជំហានដំបូងរបស់ក្រុមហ៊ុន Swire Coca-Cola ចូលតំបន់អាស៊ី អាគ្នេយ៍ ដើម្បីពង្រីកអាជីវកម្មក្នុងតំបន់ថ្មីមួយទៀត។ ការបញ្ចប់ការទិញលក់ជាស្ថាពរនេះ ក៏ឆ្លុះបញ្ចាំងនូវចក្ខុវិស័យក្នុងការពង្រីកវិសាលភាពអាជីវកម្មរបស់ក្រុមហ៊ុន Swire Coca-Cola ចូលក្នុងតំបន់ដែលពោរពេញទៅដោយភាពរីកចម្រើន និងសក្តានុពល។
លោក Patrick Healy ប្រធានក្រុមហ៊ុន Swire Coca-Cola បានមានប្រសាសន៍ថា ការបញ្ចប់កិច្ចព្រមព្រៀងទិញលក់ជាស្ថាពរនៅកម្ពុជា គឺជាការបោះជំហានដ៏ធំដំបូងបំផុត សម្រាប់ក្រុមហ៊ុន Swire Coca-Cola ចូលទៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកបានថ្លែងថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃធ្វើការជាមួយនឹងក្រុមការងារថ្មី ហើយក៏មានក្តីរំភើបចំពោះសម្ទុះនៃភាពរីកចម្រើននៃទីផ្សារភេសជ្ជៈនៅកម្ពុជា។ យើងមានភាពជឿជាក់ ចំពោះសក្តានុពល និងការរីក ចម្រើនរបស់ក្រុមហ៊ុន Swire Coca-Cola នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ»។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកាកូឡា) ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅកម្ពុជា។ ក្រុមហ៊ុនកូកាកូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកាកូឡា។
នៅឆ្នាំ ២០១៦ កូកាកូឡាបានបើករោងចក្ររបស់ ខ្លួនក្នុងទឹកប្រាក់ ១០០ លានដុល្លារក្នុងទីក្រុងភ្នំពេញ ដើម្បីបំពេញតម្រូវការកើនឡើងសម្រាប់ភេសជ្ជៈកូកានៅកម្ពុជា និងបណ្តាប្រទេសអាស៊ាន។
រោងចក្ររបស់ក្រុមហ៊ុននេះមានទីតាំងនៅលើផ្ទៃដីទំហំ ១២,៥ ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងមានសមត្ថភាពផលិតដបជ័រចំនួន ៥៤ ពាន់ដប និងកំប៉ុងចំនួន ៦ ម៉ឺនក្នុង ១ ម៉ោង៕