ភ្នំពេញៈ អ្នក​ចិញ្ចឹម​ជ្រូក​​​ក្នុង​ស្រុក​បាន​ស្នើ​​ឱ្យ​រដ្ឋាភិបាលជួយ​អន្តរាគមន៍​ ខណៈ​​តម្លៃ​ជ្រូករស់​ ​ពេល​នេះ​ធ្លាក់​ចុះ​យ៉ាង​គំហុក ហើយ​ចំនួន​អ្នក​ចិញ្ចឹម​ជ្រូក​ដែល​​​បោះ​បង់​មុខ​របរ​នេះ​ក៏​មាន​កាន់តែ​ច្រើន​​ដែរ ​បន្ទាប់​ពី​មិន​មាន​ប្រាក់​​បន្ត​ខាត​បង់ ពិសេស​អ្នកចិញ្ចឹម​ខ្នាត​តូចៗ​ដែល​មាន​ ដើម​ទុន​តិច​តួច។

បើយោង​តាម​សមាគម​អ្នកចិញ្ចឹម​សត្វ​កម្ពុជា ផ្សព្វ​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​​ ២៨ ខែ​វិច្ឆិកា គឺ​តម្លៃ​ជ្រូក​រស់​ (លក់​មុខ​កសិ​ដ្ឋាន) សប្តាហ៍​ទី ​៤៩ (សប្តាហ៍​នេះ) ឆ្នាំ​ ២០២២ គឺ​នៅ​ភ្នំពេញកណ្តាល ជ្រូក​រស់​មាន​តម្លៃ ៧ ៥០០​​ រៀល​ក្នុង​ ១​ គីឡូ​ក្រាម, តំបន់​និរតី​ មានតម្លៃ ៧ ២០០​ រៀល, តំបន់​បស្ចិម​ មាន​តម្លៃ ៧ ៥០០​ រៀល, តំបន់​ពាយព្យ​ ៦ ៨០០ ​រៀល, តំបន់​ឦសាន​ ៧ ០០០​ រៀលនិង​តំបន់​អា​គ្នេ​យ៍ មានតម្លៃ ៧ ២០០ ​រៀល​។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លោក ស្រ៊ុន ពៅ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា​ថា តម្លៃ​ជ្រូក​រស់ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅក្នុង​​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គឺ​ធ្លាក់​ចុះ​ប្រហែល​ ៥០ ​ភាគ​​រយ​បើ​ធៀប​រយៈពេល​ដូច​គ្នា​​​ឆ្នាំ​មុន។ តម្លៃ​​​ជ្រូក​រស់​​ធ្លាក់​ចុះ​​នេះ គឺ​​អាច​​​មក​ពី​មូល​ហេតុ​ចម្បងៗ ចំនួន ២ គឺ​ទី​១ ដោយសារ​កំណើន​នៃ​ការ​ចិញ្ចឹម​ក្នុង​ស្រុក​កាល​ពី​ឆ្នាំ​មុន​​ ដែល​ធ្វើ​ឱ្យ​​មាន​​​ជ្រូក​រស់​​ច្រើន​កំពុង​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ និង​ចំណុច​ទី ​២ ដែលជា​ចំណុច​សំខាន់​នោះ គឺ​​ការ​កើន​ឡើង​​ការ​នាំ​ចូល​សាច់​ជ្រូក​បង្កក​ពី​ក្រៅ​ប្រ​ទេស ​(​ប្រទេស​ឆ្ងាយៗ)​​ ដោយ​ឆ្លង​កាត់​តាម​ប្រទេស​ជិត​ខាង​​។

លោកបន្ថែម​​​ថា ភាគ​ច្រើន​នៃ​ផលិត​ផល​សាច់​បង្កក ដែល​នាំ​ចូល គឺ​រួម​មាន គ្រឿង​ក្នុង ជើង និង​ក្បាល ដែល​ផលិតផល ទាំង​​អស់​នេះ​នៅ​ប្រទេស​រីកចម្រើន​គេ​បោះ​ចោល។

លោក​បាន​ថ្លែង​ថា៖​ «​អ្វី​ដែល​ជា​ឧបសគ្គ​សម្រាប់​អ្នក​ចិញ្ចឹមជ្រូក​នៅ​កម្ពុជា​ពេល​នេះគឺ​ការនាំ​ចូល​យ៉ាង​ច្រើន​នៃ​បរិមាណ​សាច់​ជ្រូក​បង្កក​។ នេះ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​មួយ​ដែល​ប៉ះ​ពាល់​ដល់​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក​ ដោយសាច់​បង្កក​ទាំង​នោះ​មាន​តម្លៃ​ទាប គឺ​​ប្រមាណ ៩ ០០០ ​​រៀល​ក្នុង​ ១​​ គីឡូ​ក្រាម​តែ​ប៉ុណ្ណោះ»។

លោក​​បញ្ជាក់​​ថា៖ ​«​ក្នុង​នាម​អ្នក​ចិញ្ចឹម​ជ្រូក ក៏​ដូច​ជា​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា ខ្ញុំ​​​ស្នើ​ឱ្យ​រដ្ឋាភិ​បាល​មេត្តា​ជួយ​អន្តរាគមន៍​ដើម្បី​ធ្វើ​ឱ្យ​វិស័យ​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អាច​បន្ត​ជីវិត​​ទៅ​មុខទៀត ព្រោះ​បើ​ស្ថានភាពដូច​រាល់​ថ្ងៃ គឺ​ការ​ចិញ្ចឹម​ទាំង​អស់​នឹង​ត្រូវ​បញ្ចប់។ ជាក់​ស្តែង​អ្នកចិញ្ចឹម​ជ្រូក​នៅ​ពេល​លក់​ជ្រូក​គឺ​សងការ​ប្រាក់​កម្ចី​មិន​រួច​​​ផង»។

លោក​បន្ថែម​ថា៖ ​«​ក្នុង​នាម​អ្នកចិញ្ចឹម​ក្នុង​ស្រុក​យើង​ពិត​ជា​ចង់​ឱ្យ​កម្ពុជា​អាច​ធានា​សន្តិសុខ​ស្បៀង​ដោយ​ខ្លួនឯង​បាន ១០០​​ ភាគ​រយ​ និង​ឈាន​ដល់​ការ​នាំចេញ​នៅ​ពេល​អនាគត​»។​

លោក​ប្រាប់​ទៀត​ថា អ្វី​ដែល​ចោទ​ក្នុង​​​ពេល​នេះ​គឺ​អ្នក​ចិញ្ចឹមជ្រូក​ខ្នាត​តូច ដែល​ជា​​​កសិករ​មាន​ជ្រូក​ចន្លោះ​ពី​ ២០​ ៣០០​ ក្បាល គឺ​​​ពួក​គាត់​មិន​មាន​ថវិកា​សម្រាប់​ទ្រទ្រង់ ខណៈ​កសិដ្ឋាន​ធំៗ​អាច​នៅ​មាន​ធនធាន​ខ្លះ​សម្រាប់​បន្ត​ដំណើរ​ការ​ទោះ​ជា​ខាត​បង់​ខ្លាំង​ក៏​ដោយ​។​

ទាក់​ទង​នឹង​ទីផ្សារ​សាច់ជ្រូក​ដាក់​លក់​នៅ​លើ​ទីផ្សារ លោក ស្រ៊ុន ពៅ បាន​ប្រាប់​ថា តម្លៃ​មិន​​បាន​ធ្លាក់​ចុះ​​ទេ ព្រោះ​តម្លៃ​ផលិតផល​ដូច​ជា ជើង និង​គ្រឿង​ក្នុង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ទាប ដើម្បី​ទប់​ទល់​ទៅនឹងតម្លៃ​ផលិត​ផល​បង្កក។ ​

លោក សំ ធារិទ្ធ អ្នកគ្រប់គ្រង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ចន ហេង ​នៅ​​​កៀនស្វាយ ខេត្ត​កណ្ដាល បាន​និយាយ​​ថា តម្លៃ​ជ្រូក​រស់​រយៈ​ពេល ៤-៥ ​ខែ​ចុង​ក្រោយ​នេះ បាន​ធ្លាក់​​ដល់​កម្រិត​ទាប​ដែល​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ ពិសេស​អ្នក​ចិញ្ចឹម​ខ្នាត​តូច​ត្រូវ​ខាត​បង់​ធ្ងន់ធ្ងរ និង​បោះ​បង់​មុខ​របរ​នេះ​ចោល​តែ​ម្តង​។ ការ​ធ្លាក់​ចុះ​តម្លៃ​ជ្រូក​ គឺ​​​បណ្តាល​មកពី​ការ​នាំចូល​​សាច់​បង្កក​ដែល​មាន​​បរិមាណ​ច្រើន​​​រៀង​រាល់​ថ្ងៃ​។ លោក​​​បន្ត​ថា ការ​នាំ​ចូល​សាច់​បង្កក​​កំពុង​បង្កើន​សម្ពាធកាន់​តែ​ធ្ងន់​​​ដល់​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក។

លោក​​បន្ថែម​ថា នៅ​ពេល​នេះ​ជ្រូក​រស់​អាច​លក់​បាន​ក្នុង​រង្វង់ ៧ ០០០​ រៀល​ ក្នុង ​១​ គីឡូក្រាម ខណៈ​ថ្លៃ​ដើម​​​ផលិត​កម្ម​គឺ​ស្ថិត​ចន្លោះ​​​ពី​ ៩ ០០០​-​១០ ០០០​ រៀល​ ទើប​​​អាច​រួច​ខ្លួន​។​ កាល​ពី​ឆ្នាំ​មុន​តម្លៃ​ជ្រូក​រស់​​នៅ​ចន្លោះ​ពី ១១ ០០០-​១៥ ០០០​ រៀល ​ក្នុង​ ១ គីឡូ​ក្រាម។

លោក​​អះអាង​ថា៖​ «​​ជា​ការ​ចាំបាច់​ណាស់​​ក្នុង​ដំណាក់​កាល​នេះ​គឺ​​ពួក​យើង​ត្រូវការ​ការ​គាំទ្រ​ពីរដ្ឋាភិ​បាល ដើម្បី​ធ្វើ​​ឱ្យ​តម្លៃ​ជ្រូក​រស់​កើន​ឡើង​វិញ​ ពី​ព្រោះ​បច្ចុប្បន្ន​មាន​អ្នក​ចិញ្ចឹម​ជ្រូក​ជា​ច្រើន​ត្រូវ​វ័ណ្ឌក​ជាប់​បំណុល​គេ ដោយ​សារ​​ការ​ចិញ្ចឹម​ជ្រូក​»។

សម្រាប់​ការ​នាំ​ចូល​ជ្រូក​រស់ ឬ​សាច់​ជ្រូកពី​ប្រទេស​ជិត​ខាង​មក​កម្ពុជា​​ពេល​នេះ គឺ​មិន​មាន​ទៀត​ទេ ព្រោះ​តម្លៃ​នៅ​ប្រទេស​ជិត​ខាង​​ខ្ពស់​ជាង​កម្ពុជា​។ នេះ​បើ​តាម​លោក ធារិទ្ធ៕