
ទិដ្ឋភាពនៅព្រំដែនប៉ោយប៉ែត កម្ពុជា-ថៃ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩។ ហេង ជីវ័ន
ភ្នំពេញៈ ការនាំចេញនាំចូលទំនិញរវាងប្រទេសកម្ពុជា និងថៃ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២២ មានតម្លៃសរុបជិត ៤ ពាន់លានដុល្លារកើនជាង ២១ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះការនាំទំនិញពីប្រទេសថៃបានគ្របដណ្តប់រហូតដល់ជិត ៨០ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យនៃជញ្ជីងពាណិជ្ជកម្មទំនិញនាំចេញ-នាំចូល បានឱ្យដឹងថា ចាប់ពីខែមករាខែតុលា ឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានទឹកប្រាក់សរុប ៣ ៩៥២,០៣ លានដុល្លារកើនឡើង ២១,៤ ភាគរយពីចំនួន ៣ ២៥៥,៤២ លានដុល្លារ នៅរយៈពេល ១០ ខែឆ្នាំ ២០២១។ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅថៃ មានចំនួន ៦៩៨,០១ លានដុល្លារ កើន ៣៦ ភាគរយពី ៥១៣,៣៣ លានដុល្លារ និងការនាំទំនិញពីថៃមកកម្ពុជាវិញមាន ៣ ២៥៤,០២ លានដុល្លារ កើន ១៨,៧ ភាគរយពីចំនួន ២ ៧៤២,០៨ លានដុល្លារ។
សម្រាប់ខែតុលា ឆ្នាំ២០២២ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ មានតម្លៃ ៣២៥,០៤៥ លានដុល្លារ ធ្លាក់ចុះ ១៩,៥៩ ភាគរយពីចំនួន ៤០៤,២៦ លានដុល្លារ នាខែតុលា ឆ្នាំ ២០២១ ដោយការនាំចេញពីកម្ពុជាមាន ៤២,៩៦ លានដុល្លារ កើន ១៥,៦ ភាគរយពីចំនួន ៣៧,១៨ លានដុល្លារនិងទំនិញពីថៃមកកម្ពុជា មាន ២៨២,០៨ លានដុល្លារ ធ្លាក់ចុះ ២៣,២ ភាគរយពីចំនួន ៣៦៧,០៨ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ ខែវិច្ឆិកាថា ពាណិជ្ជកម្មនៃប្រទេសទាំង ២ បានកើនឡើងជាបន្តបន្ទាប់នេះ គឺបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសជិតខាងទាំង ២ ដែលចំនួននេះនឹងបន្តកើនឡើងច្រើនថែមទៀតនាពេលខាងមុខ។ ទំហំទឹកប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានខ្ពស់ជាងនេះច្រើនទៀត ព្រោះការផ្លាស់ប្តូរទំនិញតាមព្រំដែនមួយចំនួនមិនត្រូវបានកត់ត្រាបញ្ចូលនោះទេ។
លោកថ្លែងថា៖ «ក្រៅពីមានទំនាក់ទំនងទ្វេភាគីល្អជាមួយគ្នាប្រទេសទាំង ២ ក៏ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។ ទំហំទឹកប្រាក់នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសនឹងកើនឡើងខ្ពស់បន្ថែមទៀតនាពេលខាងមុខ»។
បច្ចុប្បន្នកម្ពុជាបាននាំចូលទំនិញពីប្រទេសថៃជាច្រើនប្រភេទដែលមានដូចជា គ្រឿងសំណង់ អគ្គិសនី គ្រឿងអេឡិចត្រូនិក ម៉ាស៊ីន យានយន្ត ប្រេងឥន្ធនៈ ជីកសិកម្ម គ្រឿងសម្អាង ផលិតផលចំណីអាហារភេសជ្ជៈ។ ចំណែកផលិតផលកម្ពុជានាំទៅថៃភាគច្រើនជាផលិតផលកសិកម្ម។ នេះបើតាមលោក លឹម ហេង។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា កម្ពុជា និងថៃ ជាប្រទេសមានព្រំដែនជាប់គ្នា និងមានទំនាក់ទំនងនយោបាយល្អជាមួយគ្នា ដូច្នេះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានកើនឡើងជាបន្តបន្ទាប់។ ទោះបីយ៉ាងណា ដោយសារថៃ ជាប្រទេសធំ មានកម្លាំងផលិតកម្មខ្លាំង និងមានទំនិញប្រហាក់ប្រហែលកម្ពុជា ដូច្នេះចំនួនទឹកប្រាក់នាំទំនិញថៃមកកម្ពុជាច្រើនជាងកម្ពុជានាំចេញទៅថៃ គឺជារឿងដែលចៀសមិនផុត។ លោកបានបន្តថា អ្វីដែលកម្ពុជាត្រូវធ្វើពេលនេះ គឺខិតខំទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកវិនិយោគផ្ទាល់នៅកម្ពុជាកាន់តែច្រើនដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។
លោកបញ្ជាក់ថា៖ «អតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មនឹងបន្តកើតមានជាយូរទៀត ប៉ុន្តែយើងអាចកាត់បន្ថយខ្លះតាមរយៈការខិតខំកែច្នៃផលិតផលក្នុងស្រុកឱ្យបានច្រើន និងទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនក្នុងស្រុកឱ្យបានច្រើន។ បន្ថែមលើនេះ ក៏ត្រូវធ្វើការផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យប្រជាជនងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើន»។
លោក ហុង វណ្ណៈ បានបញ្ជាក់ថា៖ «ខ្ញុំមិនមានសុទិដ្ឋិនិយមថា ជញ្ជីងពាណិជ្ជកម្មកម្ពុជា ថៃ នឹងមិនអាចមានតុល្យភាពបានទេ ទោះយូរឆ្នាំទៅមុខទៀតក៏ដោយ»។
កាលពីឆ្នាំ ២០២១ ពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានតម្លៃសរុប ៤ ០៨៣,៥៦ លានដុល្លារ កើន ៨,៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ក្នុងនោះកម្ពុជានាំចេញ ៦២០,២១ លានដុល្លារ ធ្លាក់ចុះ ៣០,៨ ភាគរយ និងទំនិញនាំចូលពីថៃមាន ៣ ៤៦៣,៣៤ លានដុល្លារ កើនឡើង ២០,៩ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕