ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​មក​ដាក់​ពាក្យ​ធ្វើការ​រុករក​រ៉ែ​លើ​ផ្ទៃដី ១៥៥ ហិកតា​នៅ​ស្រុក​ឈូក ខេត្ត​កំពត ខណៈ​មន្ត្រី​អះអាងថា តំបន់​ដែល​ត្រូវ​អភិវឌ្ឍ​នេះ​មាន​សក្តានុពល​លើការ​​វិនិយោគ​ផលិត​ស៊ីម៉ងត៍។​

​បើតាម​ការចេញផ្សាយរ​បស់​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី ២២ ខែវិច្ឆិកា ក្រសួង​សូម​ជូន​ដំណឹង​ដល់​សាធារណជន បណ្តា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ ចំពោះ​ការបើក​ឱ្យ​ដាក់ពាក្យ​ប្រកួត​ប្រជែង​ជា​សាធារណៈ​សម្រាប់​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ស្វែង​រុករក ចំពោះ​តំបន់ភ្នំ​ទ្វារ​ប្រាំបី និង​ភ្នំ​ជ្រោះ​កណ្តោល ក្នុង​ស្រុក​ឈូក ខេត្តកំពត។​

​ក្រសួង​លើកឡើងថា​៖ «​សាធារណ​ជន បណ្តា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ ដែល​ចាប់អារម្មណ៍​សូម​ស្នើសុំ​ពាក្យសុំ​អាជ្ញាប័ណ្ណ​ស្វែង​រុករ​កនៅ​នាយកដ្ឋាន​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ»។​

​លោក អ៊ឹង ឌី​ប៉ូ​ឡា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា ថា តំបន់​ដែល​ក្រសួង​ប្រកាស​ឱ្យ​សាធារណជន​ដាក់ពាក្យ​ស្នើសុំ​ស្វែង​រុករក​រ៉ែ​នោះ គឺមាន​សក្តានុពល​អាច​ធ្វើ​អាជីវកម្ម​ផលិត​ស៊ីម៉ងត៍​បាន​។ នេះ​ជា​ឱកាស​សម្រាប់​វិស័យ​ឯកជន​ដែល​ចាប់អារម្មណ៍។​

​លោក​ថ្លែងថា​៖ «​យើង​ស្វាគមន៍​សា​ធារ​ណ​ជន ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ទាំងអស់​ដែលមាន​ចំណាប់​អារម្មណ៍ គឺ​ពួកគាត់​អាចដាក់​ពាក្យ​ស្នើសុំ​ស្វែង​រុករក​បាន ដែល​យើង​ផ្តល់ជូន​គាត់​រយៈពេល ៣ ឆ្នាំ​ម្តង ដូច្នេះ​បើ​ការសិក្សា​មាន​លទ្ធផល​ល្អ ពួកគេ​អាចដាក់​ពាក្យ​ស្នើសុំ​វិនិយោគ​បាន»។​

​យោងតាម​លោក ឌី​ប៉ូ​ឡា បច្ចុប្បន្ន​កម្ពុ​ជាមាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន ៥ គឺ ១ នៅ​ខេត្ត​បាត់ដំបង និង ៤ ទៀត​នៅ​ខេត្ត​កំពត ដែល​មាន​សមត្ថភាព​ផលិត​បាន​ប្រមាណ ៩ លាន​តោន​ក្នុង ១ ឆ្នាំ នៃ​តម្រូវការ​ក្នុងស្រុក​សរុប​ចំនួន ១២ លានតោន៕