
រមណីយដ្ឋាន Six Senses Krabey Island នាខេត្តព្រះសីហនុ។ រូបថត សហការី
ភ្នំពេញៈ កម្ពុជានឹងដឹកនាំប្រតិភូអន្តរជាតិប្រមាណជាង ១២០ នាក់ ដែលមកចូលរួម «សន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក» នៅខែធ្នូខាងមុខ ទៅទស្សនកិច្ចនៅគោលដៅទេសចរណ៍តំបន់ឆ្នេរកោះ និងសហគមន៍អេកូទេសចរណ៍សំខាន់មួយចំនួន ដើម្បីបង្ហាញពីគោលដៅទេសចរណ៍កម្រិតខ្ពស់នៅកម្ពុជា និងជាការផ្សព្វផ្សាយទៅកាន់ពិភពលោកពីសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងក្នុងកិច្ចប្រជុំត្រៀមរៀបចំ «សន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើពិភពលោក និងពិធីបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ នៅខេត្តព្រះសីហនុ» កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២។ លោកថា បន្ទាប់ពីស្ថានភាពការរីករាលដាលជំងឺកូវីដ ១៩ នៅកម្ពុជាមានភាពធូរស្រាល ក្រសួងទេសចរណ៍បានខិតខំយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយ និងទាក់ទាញឱ្យភ្ញៀវទេសចរបរទេសចូលមកទស្សនាកម្ពុជា ពិសេសនៅតាមទីតាំងសំខាន់ៗ។
លោកបានថ្លែងថា៖ «ក្នុងដំណាក់កាលស្ដារវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ ១៩ គឺមានតែគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍នេះទេ ដែលដើរតួសំខាន់ក្នុងការទាក់ទាញ និងទទួលភ្ញៀវទេសចរបានច្រើន»។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ២៩ ខែវិច្ឆិកាថា ការនាំថ្នាក់ដឹកនាំ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍បរទេសឱ្យទៅទស្សនានៅទីតាំងទេសចរណ៍ដែលមានសក្តានុពលដោយផ្ទាល់ នឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់ការផ្សព្វផ្សាយ។
លោកនិយាយថា៖ «នៅក្នុងខែធ្នូខាងមុខ ខេត្តព្រះសីហនុនឹងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក ដែលជាឱកាសសម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ដ៏ស្រស់ត្រកាល និងសម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក។ បច្ចុប្បន្នតំបន់ឆ្នេរ និងកោះក្នុងខេត្តព្រះសីហនុ ក៏ត្រូវបានរៀបចំយ៉ាងស្អាតដើម្បីត្រៀមទទួលភ្ញៀវគ្រប់ជាតិសាសន៍»។
ក្រៅពីតំបន់ឆ្នេរកោះ នៅក្នុងក្រុងព្រះសីហនុក៏មានកន្លែងកម្សាន្ត សំណង់អគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះជាច្រើនផងដែរ។ នេះបើតាមលោក វណ្ឌី។
ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ លោក ជុក ជំនោរ បានឱ្យដឹងថា គោលដៅដែលក្រសួងទេសចរណ៍គ្រោងនឹងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិនៅពេលខាងមុខ មានដូចជា កោះរ៉ុង កោះឋានសួគ៌ កោះសង្សារ កោះក្របី កោះឫស្សី សហគមន៍អេកូទេសចរណ៍ពាមក្រសោប នៅខេត្តកោះកុង ក៏ដូចជាឆ្នេរសមុទ្រនានានៅខេត្តព្រះសីហនុ។
បើយោងតាមលោក ជុក ជំនោរ ប្រតិភូបរទេសដែលបានបញ្ជាក់ថា នឹងចូលរួមក្នុងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកនេះ គឺមានមកពីប្រទេសនានាដូចជា វៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៊ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្គាល់ កាណាដា ប្រេស៊ីល ម៉ារ៉ុក កូតឌីវ័រ ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា និងប្រទេសក្នុងតំបន់សមុទ្រការីបង់ (Caribbean Sea)។
យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០២២ នេះ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១ ២៦៥ ៧៧២ នាក់ កើនឡើង ៨៦១,៣ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ និងថយចុះ ៨៩,៤ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០។ ក្នុងនោះភ្ញៀវតាមផ្លូវអាកាស ចំនួន ៤៦៨ ៨៨៩ នាក់ កើន ឡើង ៦៤៣,៧ ភាគរយ និងផ្លូវគោកទឹក ៧៩៦ ៨៨៣ នាក់ កើនឡើងចំនួន ១ ០៦១,២ភាគរយ៕