ភ្នំពេញៈ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម «CAM-UAE CEPA» លើកទី ២ ចាប់ពីថ្ងៃទី ១៩-២១ ខែធ្នូខាងមុខ ខណៈកិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាទៅកាន់តំបន់មជ្ឈិមបូព៌ា។
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានបើកការចរចាជុំទី១ កាលពីថ្ងៃទី ២៤-២៦ ខែតុលា ឆ្នាំ ២០២២ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។
ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ CAM-UAE CEPA លើកទី ២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃ CAM-UAE CEPA នេះ ដែលសម្រេចបាននាពេលកន្លងមក និងចំណុចសំខាន់ៗដែលត្រូវលើកឡើងក្នុងកិច្ចចរចានាពេលខាងមុខ។
ក្នុងឱកាសនៃកិច្ចប្រជុំនោះ លោក សូរស័ក្តិ បានប្រាប់ឱ្យក្រុមការងារចរចាត្រូវឱ្យបន្តខិតខំចរចាកិច្ចព្រមព្រៀង CAM-UAE CEPA ដោយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ម៉ឺងម៉ាត់ និងទំនួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះតាមការគ្រោងទុកសំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ រួមមាន អ្នកប្រើប្រាស់ ផលិតករ ធុរជន និងវិនិយោគិន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមចរចា CAM-UAE CEPA លោក ប៉ែន សុវិជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ថា កម្ពុជានឹងត្រូវធ្វើជាម្ចាស់រៀបចំការចរចាលើកទី ២ នៃ CAM-UAE CEPA ចាប់ពីថ្ងៃទី ១៩-២១ ខែធ្នូខាងមុខ ដែលកិច្ចចរចានេះនឹងមានការចូលរួមរបស់ប្រធានក្រុមចរចាកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ហើយក៏នឹងមានការចូលរួមជាគណៈអធិបតីរបស់លោក ប៉ាន សូរស័ក្តិ។ បញ្ចូលធាតុសំខាន់ៗមួយចំនួនសម្រាប់ការនាំចេញទំនិញទៅទីផ្សារប្រទេសអារ៉ាប់រួម ដែលមានដូចជា ផលិតផលកសិកម្ម អាហារហាឡាល់ និងប្រភេទអាហារកែច្នៃហាឡាល់ ដែលធ្វើអំពីសាច់គោ និងមាន់ ជាដើម។
យោងតាមលោក សុវិជាតិ កិច្ចព្រមព្រៀង CAM-UAE CEPA នឹងរួមបញ្ចូលមាននូវជំពូកសំខាន់ៗដូចជា ពាណិជ្ជកម្មទំនិញនិងសេវាកម្ម វិនិយោគ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កិច្ចសម្រួលពាណិជ្ជកម្ម របាំងបច្ចេកទេសពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសហគ្រាស ធុនតូចនិងមធ្យម។ ល។ ដើម្បីអាចទាញប្រយោជន៍សេដ្ឋកិច្ចជាអតិបរមាពីកិច្ចព្រមព្រៀង CAM-UAE CEPA ក្នុងបុព្វហេតុអភិវឌ្ឍន៍និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។
លោកប្រាប់ទៀតថា៖ «នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន គឺវាមិនត្រឹមតែបើកច្រកការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈនេះផលិតផលកម្ពុជាមួយចំនួនក៏អាចនឹងត្រូវបញ្ជូនទៅលក់បន្តនៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងតំបន់អ្រាហ្វិកផងដែរ។ អារ៉ាប់រួម អាចក្លាយជាច្រកសំខាន់មួយសម្រាប់ការនាំចេញទំនិញកម្ពុជាទៅតំបន់មជ្ឈិមបូព៌ា ឬប្រទេសមួយចំនួននៅក្នុងតំបន់អាហ្រ្វិក»។
កាចរចា CAM-UAE CEPA ជាមួយប្រទេសអារ៉ាប់រួម ត្រូវបានធ្វើដោយផ្ចិតផ្ចង់បំផុត ព្រោះកម្ពុជាមានគម្រោងធ្វើឱ្យវាក្លាយជាកិច្ចព្រមព្រៀងមួយដែលមានលក្ខណៈគំរូសម្រាប់ការចរចាជាមួយប្រទេសផ្សេងៗទៀតនៅពេលក្រោយ។ នេះបើតាមលោក សុវិជាតិ។
លោកលើកឡើងទៀតថា តាមរយៈការចរចានេះកម្ពុជាក៏នឹងខិតខំទាញយកអត្ថប្រយោជន៍ពីការអភិវឌ្ឍវិស័យថាមពល ប្រេងឥន្ធនៈ និងការនាំចូលជីកសិកម្ម ពីប្រទេសអារ៉ាប់ផងដែរ។ ជាមួយគ្នានេះ កម្ពុជាក៏អាចបញ្ជូនពលករជំនាញទៅសិក្សា និងធ្វើការនៅទីនោះពីបច្ចេកទេសនៃការអភិវឌ្ឍវិស័យថាមពល ប្រេង និងបច្ចេកវិទ្យាថ្មីៗជាដើម។
បើយោងតាមលោក សុវិជាតិ បច្ចុប្បន្នកម្ពុជាក៏បាននាំចេញផលិតផលមួយចំនួនទៅប្រទេសអារ៉ាប់ផងដែរ ដូចជា ស្បែកជើង គ្រឿងបន្លាស់ និងគ្រឿងបង្គុំជាដើម៕