ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​លើ​គម្រោង​វិនិយោគ​ដែលមាន​ទឹកប្រាក់​ប្រមាណ​ ១៦៤,៤​ លាន​ដុល្លារ​អាមេរិក​ឱ្យ ក្រុមហ៊ុន MARITIME CITY CO., LTD ដើម្បី​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ផ្កាយ​ ៥ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​មណ្ឌល​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា បានចេញ​សេចក្តីសម្រេច​ដល់​ក្រុមហ៊ុន MARITIME CITY CO., LTD ដើម្បី​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ផ្កាយ​ ៥ ចំនួន ៥៨២​ បន្ទប់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​មណ្ឌល​កម្សាន្ត​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ ​២ សង្កាត់​លេខ​ ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុង​ទុនវិនិយោគ​ប្រមាណ ១៦៤,៤ ​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១ ៤៥៥​ កន្លែង​។​

​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩ ខែវិច្ឆិកាថា គម្រោង​វិនិយោគ​ដែលមាន​ទឹកប្រាក់​ច្រើន​លាន​ដុល្លារ​នេះ​គឺ​ឆ្លុះបញ្ចាំង​អំពី​ទំនុកចិត្ត​របស់​វិនិយោគិន​មកលើ​សក្តានុពល​របស់​ខេត្ត ដែល​មិន​គ្រាន់តែ​ជា​គោលដៅ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាទី​កន្លែង​អាជីវកម្ម និង​ពាណិជ្ជកម្ម​ផងដែរ​។​

​លោ​បាន​ថ្លែងថា​៖ «​យើងខ្ញុំ​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ និង​ការធ្វើ​អាជីវកម្ម​សណ្ឋាគារ​លំដាប់​ផ្កាយ ​៥​ នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ក្នុងនាម​រដ្ឋបាលខេត្ត យើង​សូម​គាំទ្រ​ចំពោះ​គម្រោង​នេះ​។ សម្រាប់​គម្រោង​នេះ​គឺជា​សញ្ញា​វិជ្ជមាន​របស់​ខេត្ត​ក្រោយពី​រដ្ឋាភិបាល​លោក​បាន​បើក​ឱ្យ​ដំណើរការ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​វិបត្តិ​កូ​វីដ​ ១៩​។ ជាមួយគ្នានេះដែរ យើង​សូម​ស្វាគមន៍​វិនិយោគិន​សក្តានុពល​ទាំងអស់​មក​បោះទុន​វិនិយោគ​ក្នុង​ខេត្ត​របស់​យើង​បន្តទៀត​លើ​គ្រប់​វិស័យ​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី បា​ស៊ី​ហ្វិ​ក ​(PATA) បាន​លើកឡើង ថា ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ដែលមាន​សក្តា​នុ​ពល​ទេសចរណ៍​មួយ​ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​គឺ​អាជ្ញា​​ធរ​មូលដ្ឋាន​យកចិត្តទុកដាក់​ជំរុញ​ការផ្សព្វផ្សាយ ការពង្រឹង​សណ្តាប់​ធ្នាប់​ដើម្បី​សុវត្ថិភាព​ភ្ញៀវទេសចរ និង​ការកំណត់​នូវ​តម្លៃ​សេវា​ដែលមាន​ស្តង់ដា​មួយ​។​

​លោក​បាន​ថ្លែងថា​៖ «​រាល់​ការ​វិ​និ​យោគ​ថ្មី​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​កម្ពុជា ប៉ុន្តែ​អ្វី​ដែលជា​រឿង​សំខាន់​ទៀត​នោះ គឺ​ការអនុវត្ត​ឱ្យបាន​នូវ​សណ្តាប់ធ្នាប់​សាធារណៈ តម្លៃ​សេវា​កម្ម និង​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ឱ្យបាន​កាន់តែ​ទូលំ​​ទូលាយ​»​។​ «​ខ្ញុំ​សង្កេតឃើញថា​នាពេល​បច្ចុប្បន្ន នេះ ខេត្ត​ព្រះសីហនុ​មាន​សណ្ឋាគារ​ទំនើបៗ​ច្រើន​ប៉ុន្តែ​ចំនួន​ភ្ញៀវទេសចរ​នៅ​មិនទាន់​ឆ្លើយតប​នៅឡើយ​ទេ ដូច្នេះ​យើង​ទាមទារ​ឱ្យមាន​ការ​ផ្សព្វ​​ផ្សាយ​សំដៅ​ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​កាន់តែច្រើន​»​។ នេះ​បើ​យោងតាម​លោក ស៊ីណាន​។​

​កាលពី​ថ្ងៃទី​ ២៥ ខែវិច្ឆិកា ថ្មីៗ​នេះ CDC ក៏បាន​អនុម័ត​គម្រោង​វិនិយោគ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ នេះ​ជា​របស់​ក្រុមហ៊ុន Huan Hai Bo Lai International Investment Co., Ltd​ផងដែរ​។ សណ្ឋាគារ​ថ្នាក់​នេះ​មាន​ទឹកប្រាក់​វិនិយោគ​ ១៦៨​ លាន​ដុល្លារ​និង​មាន​បន្ទប់​ចំនួន ៩៥៧ ​មាន​ទីតាំង​វិនិយោគ​នៅ​ភូមិ ​៤ សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​បង្កើត​ការងារ​បាន ៩៥៥​ កន្លែង​។​

​យោងតាម​មន្ទីរ​ទេសចរណ៍​ខេត្ត​បច្ចុប្បន្ន​ខេត្ត​នេះ​មាន​សណ្ឋាគារ​ជាង ៨០ ​ដែលមាន​បន្ទប់​ជាង ៩ ០០០ ​ក្នុងនោះ​សណ្ឋាគារ​លំដាប់​ផ្កាយ ៤ ​និង​ផ្កាយ ៥ ចំនួន ៨ ដែលមាន​បន្ទប់​ប្រហែល ៥ ០០០៕​