ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានដាក់ឱសានវាទដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសទាំងអស់ដែលជំពាក់បំណុលពន្ធចូលខ្លួនមកដោះស្រាយបានត្រឹមដំណាច់ឆ្នាំ ២០២២ នេះ។ ម្ចាស់សហគ្រាសទាំងឡាយណាដែលខកខានមិនចូលមកដោះស្រាយទូទាត់បំណុលពន្ធនឹងប្រឈមនឹងការបិទអាជីវកម្ម ឬវិធានរដ្ឋបាលផ្សេងៗ។
យោងតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា GDT បានលើកឡើងថា កន្លងមកអគ្គនាយដ្ឋានពន្ធដារ បានសង្កេតឃើញថា សហគ្រាស ភាគច្រើនបានចូលខ្លួនមកទូទាត់បំណុលពន្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀតមិនបានចូលខ្លួនមកទូទាត់បំណុលពន្ធរបស់ខ្លួននៅឡើយទេ ទោះបីជា GDT បានចេញលិខិតដល់សហគ្រាសទាំងនោះជាច្រើនលើកច្រើនសាឱ្យមកធ្វើការទូទាត់បំណុលក៏ដោយ។
បើយោងតាមច្បាប់ស្តីពីសារពើពន្ធរដ្ឋបាលសារពើពន្ធមានសិទ្ធិក្នុងការអនុវត្តវិធានការតឹងទារបំណុលពន្ធ ចំពោះអ្នកជាប់បំណុលពន្ធ គឺ GDT មានសិទ្ធិធ្វើការព្យួរទុកជាបណ្តោះអាសន្ននូវវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមរបស់សហគ្រាសដោយមិនអនុញ្ញាតឱ្យស្នើសុំបង្វិលសងអាករ ឬប្រើប្រាស់ឥណទានអាករបានឡើយ ការឃាត់ទុកជាបណ្តោះអាសន្ននូវការស្នើសុំបង់ពន្ធប្រថាប់លើការផ្ទេរ កម្មសិទ្ធិអចលនទ្រព្យ។
ជាមួយគ្នានេះដែរ GDT នឹងធ្វើការសហការជាមួយអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបញ្ឈប់ប្រតិបត្តិការនាំចេញនាំចូល; សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ឈប់ ឬផ្អាកដំណើរការសហគ្រាសជាបណ្តោះអាសន្ន; សហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីឃាត់ទុកការចុះបញ្ជីក្រុមហ៊ុនថ្មី ឬ/និង ការផ្ទេរភាគហ៊ុន ជាដើម។
GDT បានថ្លែងអះអាងថា៖ «ដូច្នេះដើម្បីចៀសវាងនូវផលវិបាកដែលកើតឡើងជាយថាហេតុ ចំពោះការអនុវត្តវិធានការតឹងទារបំណុលពន្ធនេះ សូមលោកលោកស្រីនាយិកាសហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់ មកធ្វើការទូទាត់បំណុលពន្ធ ឬចូលខ្លួនមកដោះស្រាយបំណុលពន្ធ នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឬនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌដែលជាអង្គភាពគ្រប់គ្រងសហគ្រាស យ៉ាងយូរត្រឹមដំណាច់ឆ្នាំ ២០២២ ជាកំហិត»។
លោក គង់ វិបុល អគ្គនាយក GDT បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីដើមខែវិច្ឆិកានេះថា ស្ថាប័នរបស់លោកបានបន្តខិតខំប្រឹងប្រែងធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងអភិវឌ្ឍមនុស្សដើម្បីបង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធ។
លោកបានថ្លែងថា៖ «យើងធ្វើកំណែទម្រង់ទំនើបកម្មនេះក្នុងន័យធ្វើឱ្យ អ្នកជាប់ពន្ធធ្វើការអនុលោមភាព ដោយស្ម័គ្រចិត្តផង និងឱ្យមានតម្លាភាពក្នុងការបង់ពន្ធផង ធ្វើឱ្យអ្នកជាប់ពន្ធគាត់ទុកចិត្តថា ប្រាក់ពន្ធនេះគឺពិតជាបង់ពន្ធទៅរដ្ឋពិតប្រាកដមែន។ មួយ ទៀតដោយសារតែយើងធ្វើទំនើបកម្មលើប្រព័ន្ធ IT គ្រប់គ្រាន់ទៅ អ្នកជាប់ពន្ធក៏ពិបាកគេចដែរ»៕