ភ្នំពេញៈ បន្ទាប់​ពី​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​ក្រុង​ព្រះសីហនុ បាន​បញ្ចប់​ការ​សាង​សង់​ និង​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​មក បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ឯកជន​ចំនួន ៤ បាន​នឹង​កំពុង​ធ្វើ​ការ​សិក្សា​ពី​លទ្ធ​ភាព​ក្នុង​ការ​វិនិយោគ​លើ​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​សៀមរាប ដែល​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្រ្ត​ដ៏​ល្អ​ឯក​របស់​កម្ពុជា​។ នេះ​បើ​តាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិ​សនី និង​ពិធី​ប្រគល់​-​ទទួល​យាន​យន្ត​អគ្គិសនី នៅ​ទីស្ដីការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាល​ពី​ថ្ងៃ​២៩ ខែ​វិច្ឆិកា លោក ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា កត្តា​ស្ថិភាព​នយោបាយ​ និង​ទំនុក​ចិត្ត​ចំពោះ​ដំណើរ​វិវឌ្ឍន៍​ទៅ​មុខ​ដ៏​ល្អ​របស់​កម្ពុជា បាន​ធ្វើ​ឱ្យកម្ពុជា​ទាក់​ទាញ​បាន​នូវ​ចំណាប់​អារម្មណ៍​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់​។ ជាក់​ស្តែង​មាន​ក្រុម​ហ៊ុន​ចំនួន ៤ បាន​ស្នើ​មក​ក្រសួង​សាធារណ​ការ ដើម្បី​ធ្វើការ​សិក្សា​ផ្លូវ​ល្បឿន​លឿន​ពី​រាជ​ធានី​ភ្នំពេញ ទៅ​កាន់​ខេត្ត​សៀមរាប ខណៈ​បច្ចុប្បន្ន​ក្រសួងកំពុង​ចរចា​ ដើម្បី​កសាង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​ នៃ​ខេត្ត​ស្វាយ​រៀង ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ជិត ១ ៧០០​ លាន​ដុល្លារ​។

លោក​ថ្លែង​ថា៖ ​«​មាន​ក្រុមហ៊ុន​ចំនួន​ ៤ បាន​ស្នើ​សុំ​សិទ្ធិ​សិក្សា​ធ្វើ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ទៅ​សៀមរាប ប៉ុន្ដែលទ្ធផល​នេះ​មិន​ទាន់​ផ្ដល់​ជូន​មក​ក្រសួង​នៅ​ឡើយ​ទេ។ ខ្ញុំ​ជឿ​ជាក់​ថា ថ្ងៃ​មុខ​យើង​នឹង​មាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ទៅ​សៀមរាប​ផង​ដែរ​»។

ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃ​ទី ​៣០ ខែ​វិច្ឆិកា​ថា បើ​ការ​សិក្សា​នោះ​ទទួល​ជោគជ័យ ហើយ​ដំណើរ​ការ​សាង​សង់​អាច​កើត​ឡើង​ឆាប់​ៗ វា​នឹង​ចូល​រួម​ចំណែក​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស​ខេត្ត​សៀម​រាប​ឱ្យ​ទទួល​បាន​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន។ បច្ចុប្បន្ន​ដោយ​សារ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​ពី​ភ្នំពេញ ទៅ​ខេត្ត​សៀមរាប ត្រូវ​ប្រើ​ពេល​ប្រមាណ ៥​ ម៉ោង ហេតុ​នេះ​វា​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​មួយ​ចំនួន​ដែល​នៅ​ភ្នំពេញ ចង់​ទៅ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប ឬ​នៅ​សៀមរាប​ចង់​មក​ភ្នំពេញ​មាន​ការ​ស្ទាក់​ស្ទើរក្នុង​ការ​ធ្វើ​ដំណើរ​ ព្រោះ​មិន​មាន​ពេល​គ្រប់​គ្រាន់។ លោក​ស្រី​បន្ត​ថា បើ​ផ្លូវ​ល្បឿន​លឿន​កើត​ឡើង​ ភ្ញៀវ​នឹង​ចូល​ចិត្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ព្រោះ​ចំណេញ​ពេល និង​មាន​សុវត្ថិភាព​ជាង​មុន។

លោកស្រី​បញ្ជាក់​ថា៖​ «​ប្រសិន​បើ​មាន​ផ្លូវ​ល្អ ហើយ​ជិត​ជាង​មុន វា​នឹង​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​លើក​ទឹក​ចិត្ត ក៏ដូច​ជា​ផ្ដល់​ទំនុក​ចិត្ត​ឱ្យ​ភ្ញៀវ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​កាន់​តែ​ច្រើន។ ក្នុង​នាម​ជា​ប្រតិបត្តិករទេសចរណ៍ យើង​ពិត​ជា​ចង់​ឃើញ​គម្រោង​នេះ​ឆាប់​ចេញ​ជា​រូប​រាង»។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ឱ្យ​ដឹង​ថា បើ​ផ្លូវ​ល្បឿន​លឿន​នេះ​លេច​ចេញ​ជា​រូប​រាង​វា​នឹង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​មហិមាដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ព្រោះ​នឹង​ធ្វើ​ឱ្យ​ខេត្ត​សៀមរាប​ក្លាយ​ជា​គោលដៅ​ទេសចរ​ណ៍កាន់​តែ​ពេញ​និយម​ទាំង​សម្រាប់​ប្រជាជន​ខ្មែរ និង​ជន​បរទេស។ វា​នឹង​មាន​លក្ខណៈ​កាន់​តែ​ពិសេស​បន្ថែម​ទៀត ប្រសិន​បើ​គម្រោង​កសាង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​បាវិត​ (ព្រំដែន​វៀតណាម) និងផ្លូវ ១ ​ខ្សែ​ថ្មី​នេះ​កើត​ឡើង​ទាំង ២ ព្រោះ​នឹង​ជួយ​ឱ្យ​មាន​លំហូរ​ភ្ញៀវ​ទេសច​វៀតណាម និង​ជន​បរទេស​នៅ​វៀតណាម ចូល​មក​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​កាន់​តែ​ច្រើន​។​

លោក​បញ្ជាក់​ថា៖​ «​យើង​ពិត​ជា​ស្វាគមន៍​ឱ្យ​មាន​ផ្លូវ​ល្បឿន​លឿន​នេះ​កើត​ឡើង​ ព្រោះ​វា​នឹង​រួម​ចំណែក​បង្កើន​សក្តានុពល​យ៉ាង​ច្រើន​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​»។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹក​ជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់​នៅ​កម្ពុជា បាន​ប្រាប់​ថា នៅ​ពេល​មាន​ផ្លូវ​ល្បឿន​លឿន​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ក្រុង​សៀមរាប​វា​នឹង​ផ្តល់​នូវ​ផល​ប្រយោជន៍​ច្រើន​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាម ព្រោះ​នឹង​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​គោល​ដៅ​ទាំង​ ២ កាន់​តែ​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស​ជាង​មុន។ លោកបន្ត​ទៀត​ថា នៅ​ពេល​មាន​ផ្លូវ​ល្បឿន​លឿន​ វា​ក៏​នឹង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​នៅ​តាម​ផ្លូវ​ជា​តិ​បាន​ច្រើន​ផង​ដែរ​។

លោក​លើក​ឡើង​ថា៖ ​«ផ្លូវ​ល្បឿន​លឿន​នឹង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ជំរុញ​វិស័យ​ទេសចរណ៍​ឱ្យ​មាន​កំណើន​កាន់​តែ​ខ្ពស់ ព្រោះ​ភ្ញៀវ​អន្តរ​ជាតិ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​មក​ចុះ​ចត​នៅ​ភ្នំពេញ ឬ​សៀមរាប គឺ​អាច​ធ្វើ​ដំណើរ​ទៅ​គោល​ដៅ​ទាំង ២ កាន់​តែ​ងាយ​ស្រួល​ និង​អាច​តភ្ជាប់​ទៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ​។​

លោក​ប្រាប់​ទៀត​ថា សម្រាប់​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​ក៏​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ផង​ដែរ៕​

វីដេអូ៖