ភ្នំពេញៈក្រសួងពាណិជ្ជកម្មកម្ពុជាបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាពាណិជ្ជកម្ម​នៅក្នុងស្រុក តាមរយៈផែនការសកម្មភាពកន្លងមក និងប្តេជ្ញាពង្រឹង វិស័យនេះបន្ថែមដែលជាអាទិភាព​របស់រដ្ឋាភិបាលកម្ពុជាក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញា លោកអ៊ុក ប្រជា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង​របស់ រដ្ឋាភិបាល កម្ពុជា ជាពិសេសក្រសួង និងស្ថាប័នពាក់ព័ន្ធ​ជុំវិញការអភិវឌ្ឍ​វិស័យកម្មសិទ្ធិបញ្ញា​នៅកម្ពុជា។

លោក លើកឡើងថា ៖ «ការអភិវឌ្ឍកម្មសិទ្ធិបញ្ញាគឺជាវិស័យអាទិភាព​របស់រាជរដ្ឋាភិបាល​កម្ពុជា​នៅ ក្នុងអភិក្រម​សេដ្ឋកិច្ចទីផ្សារ ហើយមានតួនាទីជាគន្លឹះក្នុងការជំរុញកំណើន និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ហើយការងារកម្ម​សិទ្ធិបញ្ញានេះ​គឺជាកិច្ចការមួយដែលមាន​ភាពប្រទាក់ក្រឡា​ដោយផ្ទាល់ផង និងដោយប្រយោលផង ជាមួយ​ភាគីពាក់ព័ន្ធ ជាច្រើន ទាំងកម្រិតអន្តររដ្ឋាភិបាល កម្រិតអន្តរក្រសួង ជាពិសេសវិស័យឯកជន» ។

លោកគូសបញ្ជាក់ថា ក្នុងកិច្ចការលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញានេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាព ការងារកម្មសិទ្ធិបញ្ញា សម្រាប់ រយៈពេល ៣ ឆ្នាំ សេចក្តីព្រាង​គោលនយោបាយជាតិ ការពង្រឹងស្ថាប័នកម្មសិទ្ធិបញ្ញា​ក្នុងការគ្រប់គ្រងច្បាប់ និងប្រព័ន្ធកម្មសិទ្ធិបញ្ញាឱ្យមានប្រសិទ្ធភាព និងមានតុល្យភាព។

ក្រសួងក៏បានកសាងហេដ្ឋារចនាសម្ព័នរូបវន្ត ព្រមទាំងការពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ពង្រឹងកិច្ចសហ​ប្រតិបត្តិការ និងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធនានាផង។

កម្ពុជាក្នុងពេលបច្ចុប្បន្ន អាចត្រូវបានចាត់ទុកជាប្រទេសលំដាប់ទី ២ ក្នុងតំបន់អាស៊ាន ដែលមានរយៈ ពេលនៃការ​ចុះបញ្ជីបានលឿនជាងគេ ដោយប្រើរយៈពេលនេះមកត្រឹមចន្លោះ​ពី ៥ទៅ ៧ ខែ ក្នុងការ ចុះបញ្ជីម៉ាកសញ្ញា ដែលលឿនជាងមុនប្រមាណ ២ ខែ។

លោកបណ្ឌិតមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម មើលឃើញថា ស្ថានភាពការ អនុវត្តច្បាប់លើ វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាហាក់នៅមានកម្រិតទាបខ្លាំងនៅឡើយ ខណៈការលួច ចម្លងស្នាដៃ ម៉ាកសញ្ញា ជាដើមមានការផុសផុលខ្លាំងនៅកម្ពុជា ហើយមិនមាន​ចំណាត់ការ ធ្ងន់ធ្ងរណាមួយលើអ្នកប្រព្រឹត្តបទ​ល្មើសនេះទាល់តែសោះ ខណៈកម្ពុជាមានច្បាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញាដ៏សមរម្យនិងល្អទៅហើយ។

លោកបណ្ឌិតមាស នី មើលឃើញពីបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅកម្ពុជា ដូច្នេះថា៖« វាជាការលំបាកដែរ សម្រាប់បរិបទស្រុកយើង ដែលពោរពេញទៅដោយ​អំពើពុករលួយ ដែលការអនុវត្តច្បាប់​នៅមានស្តង់ដា ២ ដែលពិបាកទុកចិត្ត ដោយរកឃើញថា​មានការរំលោភលើកម្មសិទ្ធិបញ្ញា​ដោយអ្នក​មានអំណាច ក្រសួង មន្ទីរ អាជ្ញាធរពាក់ព័ន្ធ​មិនអាចមានចំណាត់ការបាន» ។

នៅក្នុងសម័យកាលបច្ចេកវិទ្យាឌីជីថល ដែលកំណើននៃការរំលោភកម្មសិទ្ធិបញ្ញានេះ​កាន់តែកើនឡើង។ លោកបណ្ឌិត មាស នី អំពាវនាវឱ្យមានការអនុវត្តច្បាប់​និងយន្តការ​ស្តីពីកម្មសិទ្ធិបញ្ញានេះឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ បន្ថែមលើច្បាប់​និងអនុសញ្ញា​នានា​ដែលមានស្រាប់ ដែលលោកសង្កត់ធ្ងន់ថា បើគ្រាន់តែមានការបង្កើត​ច្បាប់ច្រើនទៅៗ ប៉ុន្តែគ្មានការអនុវត្ត នោះបញ្ហានេះនឹងនៅតែចោទ​ឡើងជាធម្មតា។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកមេធាវី សុក សំអឿន យល់ថា ច្បាប់ស្តីពីវិស័យកម្មសិទ្ធិបញ្ញា​របស់​កម្ពុជា​គឺ​មានភាព​សមល្មម​ទៅតាមបរិបទសម័យកាលទៅហើយ​ប៉ុន្តែនៅមានចន្លោះ​ខ្វះខាត​លើ​ការអនុវត្តច្បាប់ទៅវិញទេ និងមួយវិញទៀត​គឺភាពខ្វះចន្លោះនៃការផ្សព្វផ្សាយ​ឲ្យបានទូលំទូលាយ​ដល់សាធារណជនទូទៅបានយល់ដឹង​ពីទិដ្ឋភាពច្បាប់កម្មសិទ្ធិបញ្ញា​នានា។

លោកបានផ្តល់គំនិតដល់រាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធគិតគូរប្រែសម្រួលមធ្យោបាយផ្សព្វផ្សាយទិដ្ឋភាពច្បាប់លើវិស័យកម្មសិទ្ធិបញ្ញានេះ ឱ្យ​បានទូលំទូលាយ និងជាពិសេសស្ថាប័ន​មានសមត្ថកិច្ចគួរ​ជួយសម្រួលដល់ការដាក់ពាក្យស្នើសុំជុំវិញរបបកម្មសិទ្ធិបញ្ញានេះផងដែរ ដែលលោកមើលឃើញថា​អាចកែប្រែ ដើម្បីលើកស្ទួយវិស័យនេះ​នៅក្នុងស្រុក ដើម្បីជា​ប្រយោជន៍ដល់អភិក្រមសេដ្ឋកិច្ចទីផ្សារ និងពាណិជ្ជកម្ម។

គួរជម្រាបជូនផងដែរថា យោងតាមនាយកដ្ឋានកម្មសិទ្ធិបញ្ញាកម្ពុជា បច្ចុប្បន្ន កម្ពុជាមានច្បាប់​ទាក់ទង​នឹងកម្មសិទ្ធិបញ្ញាចំនួន ៤​ សំខាន់ៗ រួមមាន ទី១ ច្បាប់សី្តពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួត​ប្រជែង​មិនស្មោះត្រង់ ដែលត្រូវបានប្រកាសឲ្យប្រើបា្រស់នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០០២ បានបញ្ជាក់​​ពីភារកិច្ចរបស់ក្រសួងពាណិជ្ជកម្មចំពោះម៉ាក ។ ទី ២ ច្បាប់សី្តពីប្រកាសនីយបត្រតក្កកម្ម ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ត្រូវបានគ្រប់គ្រងដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ។ ច្បាប់នេះត្រូវបានប្រកាស​ឲ្យប្រើប្រាស់ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៣ ។ ទី៣ ច្បាប់សី្តពីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល ដែលបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២ ០០៣ ត្រូវបានគ្រប់គ្រងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ការពារសិទិ្ធនេះ និងទី ៤ ច្បាប់សី្តពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ បានអនុម័តនៅថ្ងៃទី៨ ខែ មេសា ឆ្នាំ ២០០៨ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕