តម្លៃ​មាស​កំពុងស្ថិត​ក្នុងទិសដៅ​ធ្លាក់ចុះ​អស់​រយៈពេល ៣៧​ សប្តាហ៍​ជាប់ៗ​គ្នា ហើយ​នៅតែ​បន្ដ​ស្ថិតក្រោម​សម្ពាធ ខណៈ ដែល​ប្រាក់​ដុល្លារ​សហរដ្ឋអាមេរិក​ទ​ទួល​បានការ​គាំទ្រ​ពី​ការដំឡើង​អត្រា​ការ​ប្រាក់​។ កាលពី​ថ្ងៃ​ពុធ មាស​បាន​បើក​នៅ​តម្លៃ ១ ៧៤៩​ ដុល្លារ (​ក្នុង​ ១ ​អោន​ស៍​) ដោយបាន​ធ្លាក់ចុះ ២៣៨​ ដុល្លារ បើ​ធៀប​នឹង​តម្លៃ​បើក​ក្នុង​សប្តាហ៍​ដែល​ចាប់ផ្ដើម​ធ្លាក់​ដំបូង​។​

​អ្នកជំនាញ​ទីផ្សារ​បាន​វិភាគ​ទៅលើ​ផ្នែក​ចិត្តសាស្ត្រ និង​ផ្នែក​បច្ចេកទេស និង​បាន​យល់ឃើញថា ភាពភ័យខ្លាច​ក្នុង​ការទិញ​មាស​នៅ​មិនទាន់​រសាយ​ពី​អ្នកជួញដូរ​ភាគច្រើន​នោះទេ ព្រោះ​កម្លាំង​នៃ​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​សហរដ្ឋ​អាមេរិក​កាលពីមុនៗ និង​បំណង​នាពេល​អនាគត​របស់​វា​នៅតែ​ធ្វើឱ្យ​មាស​នៅក្នុង​សម្ពាធ​។ បច្ចុប្បន្ន សូចនាករ​ច្បាស់លាស់​បំផុត​ដែល​អាចនិយាយបាន​សម្រាប់​អ្នកជួញដូរ គឺ​មាស​កំពុង​ត្រូវបាន​បន្ទាប​តម្លៃ​ដោយ​ប្រាក់​ដុល្លារ​។​

​គេហទំព័រ Investing.com បាន​រាយការណ៍​ថា តម្លៃ​មាស​បាន​ធ្លាក់ចុះ ក្រោម​កម្រិត​តម្លៃ​ទាប​ដ៏​សំខាន់​របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​មន្ត្រី​ធនាគារ​កណ្តាល​សហរដ្ឋអាមេរិក បាន​បង្កឱ្យមាន​ភាពមិន​ច្បាស់លាស់​មួយចំនួន​នៃ​គោល​នយោបាយ​រូបិយវត្ថុ​របស់ខ្លួន​។

​ការដំឡើង​អត្រា​ការប្រាក់ គឺអាច​បន្ត​ឡើង និង​រក្សា​រហូតដល់​ឆ្នាំ​ ២០២៤ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អតិផរណា​។ ក្នុង​សប្តាហ៍​នេះ ទោះបីជា​អត្រា​ការងារ​នៅ​សហរដ្ឋអាមេរិក​សម្រាប់​ខែវិច្ឆិកា ដែល​គ្រោង​នឹង​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ត្រូវបាន​ព្យាករ​ទាប​ជាង​ទិន្នន័យ​កែប្រែ​ចុងក្រោយ​កាលពី​ខែ​មុន​ក្ដី វា​នៅតែ​មិនមែនជា​សញ្ញា​សំខាន់​ដ៏​ល្អ​មួយ​សម្រាប់​ការបញ្ជាទិញ​ធំ​នោះទេ​។ ការ​​ផ្លាស់ប្តូរ​ទិសដៅ​ដ៏​គួរឱ្យកត់សម្គាល់​របស់​មាស អាច​កើតឡើង​បន្ទាប់ពី​ម៉ោង ៨​ កន្លះ យប់​ថ្ងៃ​សុក្រ សប្តាហ៍​នេះ​៕