
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ហេង ជីវ័ន
ភ្នំពេញៈ គម្រោងវិនិយោគចំនួន ៥២ ដែលមានទឹកប្រាក់ជិត ៤៦១ លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តក្នុងត្រីមាសទី៣ ឆ្នាំ ២០២២ ដែលគម្រោងទាំងនោះគឺក្នុងវិស័យជាច្រើន។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ ២០២២ ឱ្យដឹងថា ក្នុងត្រីមាសទី៣ គម្រោងវិនិយោគដែលបានអនុម័តដោយ CDC មានចំនួន ៥២ កើនឡើង ៥ គម្រោងបើធៀបនឹងត្រីមាសទី៣ ឆ្នាំ ២០២១។ ចំណែកទុនវិនិយោគក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ មាន ៤៦០,៨ លានដុល្លារ កើនឡើង ១៨,៤ ភាគរយ។ ការកើនឡើងនេះ ដោយសារកំណើនគម្រោងវិនិយោគលើការផលិតបន្ទះសូឡា, សាងសង់មន្ទីរពេទ្យ ដំឡើងរថយន្ត, គម្រោងអភិវឌ្ឍន៍តាមកោះ និងការពង្រីកគម្រោងមួយចំនួនទៀតក្នុងតំបន់សេដ្ឋកិច្ចពិសេស។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចំនួនគម្រោងដែលទទួលបានការអនុញ្ញាតឱ្យវិនិយោគនៅកម្ពុជាបានកើនឡើងចាប់តាំងពីរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ ២០២១។
ការកើនឡើងនេះវាអាចបណ្តាលមកពីកត្តាច្រើនយ៉ាងដូចជា កំណើនសេដ្ឋកិច្ចរឹងមាំ, ច្បាប់វិនិយោគមានលក្ខណៈអំណោយផល, ភូមិសាស្ត្រនៅកណ្តាលតំបន់, សម្បូរធនធានធម្មជាតិ, សម្បូរកម្លាំងពលកម្មជំនាញ, មានប្រព័ន្ធដឹកជញ្ជូនល្អ និងជាពិសេសគឺកម្ពុជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ជាមួយប្រទេសជាច្រើន។
លោកថ្លែងថា៖ «ចំនួននេះនឹងបន្តកើនឡើងទៀត ព្រោះក្រៅពីលក្ខណៈអំណោយផលនៅផ្នែកខាងក្នុង កម្ពុជាក៏មានទីផ្សារធំៗជាច្រើនចាំទទួលទិញទំនិញរបស់ខ្លួនផងដែរ»។
លោកបន្ថែមថា ក្រៅពីនេះចំណុចទាំងអស់ខាងលើ កម្ពុជាក៏ទទួលបានភាពចំណេញពីការចូលមកបណ្តាក់ទុនរបស់អ្នកវិនិយោគពីប្រទេសមួយចំនួនដែលជួបបញ្ហាអស្ថិរភាពនយោបាយ សង្គ្រាម និងជម្លោះផ្សេងៗ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណុៈ្ណ បានប្រាប់ថា កម្ពុជាកំពុងក្លាយជាកន្លែងដែលមានភាពទាក់ទាញខ្លាំងសម្រាប់ចូលមកបណ្តាក់ទុន ដោយការវិនិយោគនៅទីនោះក្រៅពីមានកម្លាំងពលកម្មជំនាញសម្បូរបែប និងច្បាប់វិនិយោគអំណោយផល ក៏មានទីផ្សារនាំចេញទៅប្រទេសធំៗ ជាច្រើនផងដែរ។
លោកថ្លែងថា៖ «ជាមួយនឹងលក្ខណៈអំណោយផលទាំងនេះ ខ្ញុំមានសុទិដ្ឋិនិយមថា ចំនួនគម្រោងវិនិយោគដែល CDC អនុម័តនឹងបន្តកើនឡើងថែមទៀតចាប់ពីពេលនេះតទៅ ឬយ៉ាងហោចណាស់ក៏មិនធ្លាក់ចុះដែរ»។
បច្ចុប្បន្នប្រទេសកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនបានចូលជាធរមានរួចមកហើយ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលបានចូលជាធរមានកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចូលជាធរមានក្នុងថ្ងៃទី ១ ខែធ្នូនេះ ខណៈបច្ចុប្បន្នកម្ពុជាក៏នឹងត្រូវបើកកិច្ចចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម «CAM-UAE CEPA» ពីថ្ងៃទី ១៩-២១ ខែធ្នូខាងមុខផងដែរ៕