​ភ្នំពេញៈ ប្រទេស​កូ​វ៉ែត​ បាន​ចាប់អារម្មណ៍​លើ​វិស័យ​ប្រេង ការសាងសង់​ផ្លូវ​ល្បឿន​លឿន និង​វិស័យ​ហិរញ្ញវត្ថុ​លើ​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​កម្ពុជា​ សំដៅ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើត​ការដោះដូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។​

​ការបង្ហាញ​ចំណាប់អារម្មណ៍​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក​កឹម ស៊ីថន រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម និង លោក Mohamad S SH S Alhajri ឯកអគ្គរាជទូត​តែងតាំង​ថ្មី​នៃ​រដ្ឋ​កូ​វ៉ែត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក Mohamad បានបញ្ជាក់​ពី​ឆន្ទៈ​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ជាពិសេស​វិស័យ​ពាក់ព័ន្ធ​ការផ្គត់ផ្គង់​ថាមពល​(​ប្រេងឥន្ធនៈ​) ការសាងសង់​ផ្លូវ​ល្បឿន​លឿន និង​វិស័យ​ហិរញ្ញវត្ថុ​(Soft Loans)​។​

​លោក​បាន​ថ្លែងថា​៖«​ប្រទេស​ទាំង​២​ត្រូវ​បន្ត​អនុវត្ត និង​ប្រើប្រាស់​ក្របខ័ណ្ឌ​គតិយុត្ត​នានា​ឱ្យ​អស់ពី​លទ្ធភាព រួមមាន កិច្ចព្រមព្រៀង និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែលមាន​ស្រាប់ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​»​។​

​លោក​ក៏បាន​ស្នើឱ្យ​ពិនិត្យ​លទ្ធភាព​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម និង​វេទិកា​ធុរកិច្ច​រួមគ្នា ដែល​អាចជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​លោក កឹម ស៊ីថន បាន​ថ្លែងថា រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​សំខាន់ៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ថ្មីៗ ដែល​បម្រើ​ដល់​សកម្មភាព​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា រួមមាន ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​អាស៊ាន តំបន់​សេដ្ឋកិច្ច​ពិសេស និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សំខាន់ៗ​រួមមាន​ព្រលានយន្តហោះ និង​កំពង់ផែ​ទឹក​ជ្រៅ​។​

​លោក​បាន​ថ្លែងថា​៖« [​យើង​] លើកទឹកចិត្ត​វិនិយោគិន​កូ​វ៉ែត​ឱ្យ​ចាប់យក​ឱកាស​សេដ្ឋកិច្ច​នៅ​កម្ពុជា តាមរយៈ​ការបង្កើត​ផលិតកម្ម ការចូលរួម​ក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​តំបន់ ជាពិសេស​បានស្នើ​ជំរុញ​ការនាំ​ចូល​នូវ​ផលិតផល​កម្ពុជា​ដែលមាន​គុណភាព និង​ភាព​ប្រកួតប្រជែង រួមមាន ផលិតផល​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​»​។​

​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​- អេ​មី​រ៉ា​ត​អារ៉ាប់​រួម កំពុងបើក​ផ្លូវ​ចរចា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (Cambodia-United Arab Emirates Comprehensive Economic Partnership Agreement) ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នេះ​លើក​ទី​២ ចាប់ពី​ថ្ងៃទី​១៩-២១ ខែធ្នូ ខាងមុខ សំដៅ​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កូ​វ៉ែត សម្រេចបាន​ប្រមាណ ៦៤​ម៉ឺន​ដុល្លារ គិតពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០២២ លើ​មុខទំនិញ​សំខាន់ៗ ដូចជា សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ ថ្នាំជក់ ផលិតផល​ធ្វើដំណើរ​, ម៉ាស៊ីន​និង​ឧបករណ៍​អគ្គិសនី​, ប៉ូ​លី​មែរ​នៃ​អេ​ទី​ឡែ​ន កែវ​និង​វត្ថុ​ធ្វើ​ពី​កែវ​ជាដើម​៕