
ភ្ញៀវទេសចរចូលទស្សនាសារមន្ទីរជាតិ កាលពីខែមុន។ ហេង ជីវ័ន
ភ្នំពេញៈ ភ្ញៀវទេសចរប្រទេសនៅជាប់ព្រំដែនទាំង ៣ ដែលធ្វើដំណើរមកកម្ពុជាក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២២ មានចំនួនជិត ១ លាននាក់ កើនឡើងជាង ១ ១៥៧ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលចំនួននេះគឺស្មើជិត ៦៣ ភាគរយនៃចំនួនភ្ញៀវសរុបចូលមកកម្ពុជាក្នុងរយៈពេលខាងលើ។
ស្ថិតិក្រសួងទេសចរណ៍ ទើបចេញផ្សាយកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុប ១ ៥៧៥ ៩៥៤ នាក់ កើន ៩៩១,១ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដោយក្នុងនោះភ្ញៀវមកពីប្រទេសនៅជាប់ព្រំដែនទាំង ៣ មានចំនួនសរុប ៩៩២ ៣០៥ នាក់ កើនឡើង ១ ១៥៧,៥ ភាគរយ ពីចំនួន ៧៨ ៩១១ នាក់។
យោងតាមស្ថិតិខាងលើ ភ្ញៀវទេសចរថៃ មាន ៥៩០ ៩៨៤ នាក់ កើន ៧៤៥,៣ ភាគរយ, វៀតណាម ៣៤១ ៩៥៣នាក់ កើន ៣ ៧៤៣ ភាគរយ និងភ្ញៀវឡាវ ចំនួន ៥៩ ៣៦៨ នាក់ កើន ៥៧ ៥៣៨,៨ ភាគរយ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃទី ១ ខែធ្នូ ថា ក្នុងដំណាក់កាលពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ដែលបណ្តាលមកពីបញ្ហាផ្សេងៗដូចជា បញ្ហាជម្លោះភូមិសាស្ត្រនយោបាយ កំណើនសេដ្ឋកិច្ចមានភាពផុយស្រួយ និងវិបត្តិជំងឺកូវីដ ១៩ ជាដើម គឺគេមិនអាចពឹងលើភ្ញៀវបរទេសមកពីប្រទេសឆ្ងាយៗដូចជា អាមេរិក និងអឺរ៉ុប បានទេ។ ហេតុនេះភ្ញៀវទេសចរពីប្រទេសជិតខាង និងក្នុងតំបន់ ពិតជាដើរតួនាទីសំខាន់ក្នុងការប៉ះប៉ូវនូវអ្វីដែលបានបាត់បង់កន្លងមក។
លោកថ្លែងថា៖ «ក្នុងដំណាក់កាលនេះគឺមានតែភ្ញៀវនៅក្នុងតំបន់អាស៊ាន ពិសេសប្រទេសជិតខាងដែលអាចជួយទ្រទ្រង់វិស័យទេសចរណ៍យើងបាន។ ភ្ញៀវមកពីប្រទេសឆ្ងាយៗ រួមទាំងភ្ញៀវចិន ដែលពីមុនធ្លាប់ធ្វើដំណើរមកកម្ពុជាច្រើននៅពេលនេះក៏កំពុងជួបបញ្ហានៅក្នុងប្រទេសរបស់ខ្លួនដូចៗគ្នា»។
លោកបានបន្តថា ទន្ទឹមនឹងកំណើនភ្ញៀវទេសចរអន្តរជាតិនៅពេលនេះ កម្ពុជាក៏ត្រូវពង្រឹងការអនុវត្តច្បាប់នៅក្នុងប្រទេសឱ្យកាន់តែល្អផងដែរ ដើម្បីទាក់ទាញទំនុកចិត្តភ្ញៀវទេសចរ។
ដើម្បីបង្កើននូវភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍នៅចន្លោះពីថ្ងៃទី ៩-១៤ ខែធ្នូនេះ កម្ពុជានឹងរៀបចំ «សន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើពិភពលោក និងបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ នៅខេត្តព្រះសីហនុ» នៅក្នុងខេត្តព្រះសីហនុ ផងដែរ។
ក្នុងឆ្នាំ ២០២១ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ១៩៦ ៤៩៥ នាក់ ធ្លាក់ចុះ ៨៥ ភាគរយបើធៀបឆ្នាំ ២០២០។ នេះបើតាមក្រសួងទេសចរណ៍៕