​ភ្នំពេញៈ កម្ពុជា​រំពឹងថា​នឹង​ជំរុញ​ការនាំចេញ​អង្ករ​គ្រាប់​វែង​​ (Indica Rice)​ ទៅ​ទីផ្សារ​អឺរ៉ុប​កាន់តែច្រើន​ថែមទៀត បន្ទាប់ពី​បានទទួល​ជ័យជម្នះ​លើ​បណ្តឹងតវ៉ា​ចំពោះ​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប កាលពី​ឆ្នាំ​ ២០១៩ ដែល​ដកហូត​ការ​អនុ​​គ្រោះ​ពន្ធ​សម្រាប់​ការនាំ​ចូល​អង្ករ​គ្រាប់​វែង ​(Indica Rice)​ ពី​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF) សហភាព​អឺរ៉ុប​បានសម្រេច​យកពន្ធ​អង្ករ​នាំចូល​ពី​ប្រទេស​កម្ពុជា​សម្រាប់​រយៈពេល ​៣ ​ឆ្នាំ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៨ ខែមករា ឆ្នាំ​ ២០១៩ ដោយ​ក្នុង​ឆ្នាំ​ដំបូង ​(២០១៩) តម្លៃ​ពន្ធ​គឺមាន​ចំនួន ១៧៥ ​អឺរ៉ូ​ក្នុង​ ១ ​តោន​, ឆ្នាំ​ទី ​២ តម្លៃ ១៥០ ​អឺរ៉ូ​, និង​ឆ្នាំ​ទី ​៣ តម្លៃ ១២៥ ​អឺរ៉ូ​។ ការសម្រេច​យកពន្ធ​នេះ​ធ្វើឡើង​បន្ទាប់​ពី​មាន​ការតវ៉ា​ពី​ប្រទេស​អ៊ី​តា​លី និង​ប្រទេស​អេ​ស្ប៉ា​ញ ដែលជា​ប្រទេស​នាំ​ចេញ​អង្ករ​ទៅកាន់​អឺរ៉ុប​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ CRF ចុះ​កាលបរិច្ឆេទ​កាលពី​ថ្ងៃទី​ ៣០ ខែ​​វិច្ឆិកា ឆ្នាំ​ ២០២២ ឱ្យដឹងថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុ​ជាមាន​ក្តី​រីករាយ​ដែល​កម្ពុជា​បានឈ្នះ​ក្តី​ក្នុង​សំណុំរឿង​លេខ T-269/19 ដែល​គណៈកម្មការ​អឺរ៉ុប​បានដាក់​វិធានការ​រឹតត្បិត​ការអនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប តាម​បទ​ប្បញ្ញត្តិ​អនុវត្ត​លេខ 2019/76 ចុះ​ថ្ងៃទី​ ១៦ ខែមករា ឆ្នាំ​ ២០១៩ (​បទ​ប្បញ្ញត្តិ​អនុវត្ត​)​។​

​សំណុំ​រឿងនេះ​ត្រូវបាន​ប្តឹង​កាលពី​ថ្ងៃទី​ ១០ ខែមេសា ឆ្នាំ​ ២០១៩ ទៅកាន់​តុលាការ​នៃ​សហភាព​អឺរ៉ុប ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក សុខ ពុទ្ធិ​វុ​ធ ជាមួយនឹង​មេធាវី​អន្តរជាតិ ក្នុង​គោលបំណង​រក​យុត្តិធម៌​សម្រាប់​ការនាំ​អង្ករ​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប ពិសេស​អង្ករ​គ្រាប់​វែង ដែល​គណៈកម្មការ​អឺរ៉ុប​បានដាក់​ពន្ធ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​លើក​ឡើង​ទៀតថា សាលក្រម​ចុះ​ថ្ងៃទី​ ៩ ខែ​​វិច្ឆិកា ឆ្នាំ​ ២០២២ របស់​សាលាដំបូង (The General Court) ​នៃ​សហភាព​អឺរ៉ុប បាន​បញ្ជាក់ថា ការដាក់​ពន្ធ​របស់​គ​ណៈ​កម្ម​ការ​អឺរ៉ុប​មកលើ​អង្ករ​គ្រាប់​វែង​របស់​កម្ពុជា​នៅ​ទីផ្សារ​សហភាព​​អឺរ៉ុប គឺជា​វិធានការ​ខុសច្បាប់ និង​មិនមាន​ភ័ស្តុតាង​គ្រប់គ្រាន់​។​

CRF បញ្ជាក់ថា​៖ «​ជោគជ័យ​នៃ​ការ​ឈ្នះក្តី​នេះ​ជាការ​ឆ្លុះបញ្ចាំង​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការអភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ក្រោម​គោលនយោបាយ​អភិវឌ្ឍន៍​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​យោងតាម CRF សម្រាប់​ព័ត៌មាន​ស្តីពី​សាលក្រម​តុលាការ គេ​អាច​ស្វែង​​រក​នៅលើ​គេហទំព័រ https://curia.europa.eu​។​

​លោក ឡាយ ឈុន​ហួ អគ្គនាយក​ក្រុមហ៊ុន City Rice Import Export ដែលជា​ក្រុមហ៊ុន​បាន​នាំ​អង្ករ​ផ្ការំដួល​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​វេទិកា​អង្ករ​ពិភពលោក​រៀបចំឡើង​នៅ​ក្រុង​ភូ​កេ​ត ប្រទេស​ថៃ ហើយ​ទទួលបាន​ពានរង្វាន់​លេខ​ ១ ជា​ «​អង្ករ​ល្អ​ដាច់​គេ​» បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១ ខែធ្នូ​ថា ការ​​សម្រេច​ដកហូត​ការអនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំចូល​អង្ករ​គ្រាប់​វែង​ពី​សំណាក់​គណៈកម្មការ​អឺរ៉ុប​កាលពី​ឆ្នាំ​ ២០១៩ បានធ្វើឱ្យ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ទទួល​រង​ផលប៉ះពាល់ ៣​ ឆ្នាំ ពិសេស​ប្រភេទ​អង្ក​រស​។ ទោះយ៉ាងណា​ស្ថានភាព​នេះ​មាន​ល្អ​ឡើងវិញ​ហើយ​។​

​លោក​បញ្ជាក់ថា​៖ «​ការនាំចេញ​អង្ករ​​កម្ពុជា​បានល្អ​ឡើងវិញ​ចាប់តាំងពី​ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ​ ២០២២ ដោយ​ការ​នាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប បាន​រួច​ពន្ធ​នាំចូល​ឡើងវិញ ពិសេស​អង្ករ​ក្រអូប ​(​ផ្កាម្លិះ​) ដែល​កំពុងមាន​សម្ទុះ​ឡើងជា​បន្តបន្ទាប់​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា ទោះបី​ការសម្រេច​ដកហូត​ការអនុគ្រោះ​ពន្ធ​សម្រាប់​ការនាំ​ចូល​អង្ករ​គ្រាប់​វែង​ពី​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​បាន​ចប់​ហើយ​ក៏ដោយ ប៉ុន្តែ​សាលក្រម​សម្រេច​របស់​សាលាដំបូង​នៃ​សហភាពអឺរ៉ុប គឺ​ជួយ​ឱ្យ​អង្ករ​កម្ពុជា​កាន់តែ​មាន​កិត្តិនាម​លើ​ពិភពលោក​។ លោក​បន្តថា ភាព​វិជ្ជមាន​ទាំងនេះ នឹង​ធ្វើឱ្យ​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុ​ជាមាន​ទំហំ​កាន់តែ​ធំ​បន្ថែមទៀត​។​

​លោក​លើកឡើងថា​៖ «​នេះ​ជាស​ញ្ញា​វិជ្ជមាន​ថ្មី​មួយទៀត​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា បន្ថែម​ពីលើ​កិត្តិនាម​ដែល​កម្ពុជា​ទើប​ទទួលបាន​កាលពី​ខែវិច្ឆិកា ក្នុង​វេទិកា​អង្ករ​ពិភពលោក នៅ​ទីក្រុង​ភូ​កេ​ត ប្រទេស​ថៃ​»​។​

​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹងថា រយៈ​​ពេល ១០ ​ខែ​នៃ​ឆ្នាំ​ ២០២២ កម្ពុជា បាន​នាំចេញ​អង្ករ​សរុប ៥០៩ ២៤៩​ តោន កើនឡើង ៤៩០៨០​ តោន ស្មើនឹង ១០,៦៧​ ភាគរយ បើ​ធៀប​នឹង​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២១ មាន​ចំនួន ៤៦០ ១៦៩​ តោន​។​

​បរិមាណ​អង្ករ​ដែល​នាំចេញ​ទៅកាន់​ទិសដៅ​សហភាព​អឺរ៉ុប​ (២៣​ប្រទេស​) មាន​ចំនួន ១៦៥ ៦៣០ ​តោន កើន​​ឡើង ៤៣,៤៣ ​ភាគរយ​, ប្រទេស​ចិន ចំនួន ២៣១ ៨៧៣​ តោន កើនឡើង ១,១៨ ​ភាគរយ​, ទិសដៅ​អាស៊ាន​ចំនួន ៤៨ ២៥៣​ តោន កើនឡើង ១០,១៩​ ភាគរយ​, និង​ទិសដៅ​ដទៃទៀត មាន​បរិមាណ ៦៣ ៤៩៣ ​តោន ថយចុះ ១១,៤៨ ភាគរយ​៕