​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន បាន​អំពាវនាវ​ឱ្យ​វិនិយោគិន​ជប៉ុន​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត ដើម្បី​ទាញយក​ប្រ​យោ​ជន៍​ពី​ការធ្វើ​ផ្លាស់ប្តូរ​ឋានៈ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ពី​ដៃគូ​យុទ្ធសាស្ត្រ​ទៅជា​ «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ដែល​នឹង​ប្រកាស​អនុវត្ត​នៅ​ឆ្នាំ​ក្រោយនេះ ដោយ​លោក​បាន​លើកយក​ភាពជោគជ័យ​របស់​ក្រុមហ៊ុន Minebea (Cambodia) ក្នុង​រយៈ​​ពេល ១១​ ឆ្នាំ​នៅ​កម្ពុជា​ជា​គំរូ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Fumio Kishida ជា​សម​ភាគី​ជប៉ុន​នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ថ្ងៃទី ​១២ ខែវិច្ឆិកា បាន​ព្រមព្រៀងគ្នា​ក្នុងការ​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​ទៅជា​ «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​» ​ដែល​នឹងត្រូវ​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០២៣ ខាងមុខ​។​

​ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី ១១ នៃ​ប្រតិ​ប​ត្តិ​ការ Minebea នៅ​កម្ពុជា លោក ហ៊ុន សែន បានឱ្ យដឹងថា កម្ពុជា​-​ជប៉ុន នឹង​ប្រារព្ធ​ខួប​លើក​ទី ៧០ នៃ​ទំនាក់ទំនង​ការទូត ហើយនឹង​ផ្លាស់ប្តូរ​ពី​យុទ្ធសាស្ត្រ​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​​ជ្រោយ​នៅ​ឆ្នាំ​ ២០២៣​។ លោក​បន្ថែមថា កម្ពុជា​កំពុង​ទទួលបាន​ជំនួយ​ហិរញ្ញ​វត្ថុ​ជាច្រើន​ពី​រដ្ឋាភិបាល​ជប៉ុន ទោះជា​យ៉ាងណា​ខ្លួន​ចាំបាច់​ត្រូវការ​ការវិនិយោគ​រប​ស់ជ​ប៉ុន​បន្ថែមទៀត​។​

​លោក​ថ្លែងថា​៖ «​យើងទាំងអស់គ្នា​ដឹងថា​យើង​បានទទួល​ជំនួយ​ហិរញ្ញវត្ថុ​ជាច្រើន​ពី​ប្រទេស​ជប៉ុន ប៉ុន្តែ​អ្វីដែល​យើង​ត្រូវការ​បន្ថែមទៀត​គឺ​ការវិនិយោគ​ផ្ទាល់​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា ព្រោះ​យើង​ដឹងថា ប្រទេស​ជប៉ុន​មិន​ត្រឹម​តែមាន​តួនាទី​ជួយ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​បណ្ដា​ប្រទេស​ផ្សេងទៀត​ផងដែរ​។ ដូច្នេះ​បញ្ហាសំខាន់​ដែល​យើង​ចង់បាន​គឺថា យើង​ចង់​មានការ​វិនិយោគ​របស់​ជប៉ុន​បន្ថែមទៀត និង​ការបើក​ទី​ផ្សារ​ឱ្យ​កាន់តែ​ធំ​សម្រាប់​យើង​»​។​

​លោក​បន្ថែមថា​៖ «​ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ណាស់​ដែល​មើលឃើញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ជប៉ុន​មានការ​កើន​ឡើង តាមរយៈ​ការវិនិយោគ​របស់​ជប៉ុន​មក​កម្ពុជា ហើយ​បន្ទាប់មក​ពួកគេ​បាន​នាំចេញ​បន្តទៅ​កាន់​ប្រទេស​របស់ខ្លួន​វិញ​។ ដូច្នេះ យើង​ត្រូវតែ​រក្សា​ការងារ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​យើង​»​។​

​លោក​បញ្ជាក់ថា លោក​បាន​យកចិត្ត​​ទុកដាក់​យ៉ាងខ្លាំង​ដល់​ក្រុមហ៊ុន​មី​នេ​បៀ​ដែល​អស់​រយៈពេល​ ១១​ ឆ្នាំ​មកហើយ​ដោយ​ផ្តល់​ការគាំទ្រ​ពេញលេញ​។​

​លោក​បន្ថែមថា​៖ «​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​ចូល​រួមជាមួយ​ក្រុមហ៊ុន និង​បណ្ដា​ក្រុមហ៊ុន​ផ្សេងទៀត​ដើម្បី​ធ្វើឱ្យ​ការវិនិយោគ​នេះ​ទទួលជោគជ័យ​»​។​

​លោក Yoshihisa Kainuma អគ្គ​នាយក​ក្រុមហ៊ុន Minebea Cambodia បានឱ្យដឹង​ក្នុង​ពិធី​នេះ​ថា ដោយមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា ក្រុមហ៊ុន​របស់លោក​បាន​ទទួលជោគជ័យ​យ៉ាងខ្លាំង​ពី​ការវិនិយោគ​ដំបូង​ត្រឹមតែ ២៣​ លាន​ដុល្លារ កើនឡើង​ដល់​ជាង ៦០០​ លាន​ដុល្លារ​ដូច​ពេលនេះ​។​

​លោក​បន្តថា​៖ «​ជាមួយនឹង​ផែនការ​វិនិយោគ​ដើម​របស់​យើង ដែលជា QIP​ ដំបូង​របស់​យើង យើង​មាន​គម្រោង​វិ​និ​យោគ​ចំនួន ២៣​ លាន​ដុល្លារ​ក្នុង​រយៈ​​ពេល ៥ ឆ្នាំ ប៉ុន្តែ​យើង​បាន​បណ្តាក់ទុន​ជាង ១០០​ លាន​ដុល្លារ​រួចទៅហើយ ហើយ​នៅក្នុង​ខួប​លើក​ទី ​៥ នេះ ខ្ញុំ​បាន​និយាយថា នៅពេលដែល​រោងចក្រ​ទី​៣ ដាក់ឱ្យ​ដំណើរការ​ពេញលេញ ផែនការ​វិនិយោគ​រប​ស់​យើង ត្រូវ​រំពឹងថា​នឹងមាន​ជាង ២៥០ ​លាន​ដុល្លារ ដែល​បច្ចុប្បន្ន​មាន​ចំនួន ៦១៤ ​លាន​ដុល្លារ​នៃ​ទ្រព្យ​សកម្ម​ថេរ និង​ការចំណាយ​លើ​ការពង្រីក​ផ្សេងទៀត​។ ដូច្នេះ អ្វីដែល​ធ្វើឱ្យ​យើង​មាន​មោទនភាព​នោះ​គឺ​ការ​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុង​ការកសាង​ធនធានមនុស្ស ពោល គឺ​បុគ្គលិក​វ័យក្មេង​កម្ពុជារ​បស់​យើង​កំពុង​រីកចម្រើន​ជាមួយនឹង​យើង ហើយ​បាន​ក្លាយជា​អ្នកជំនាញ​ដែលមាន​ជំនាញ​ខ្ពស់​បន្ទាប់ពី​បានធ្វើការ​ជាមួយ​ក្រុមហ៊ុន​របស់​យើង​»​។​

​បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក្រុមហ៊ុន Minebea មាន​គម្រោង​ពង្រីក​រោងចក្រ​ថ្មី​នៅ​ខេត្តពោធិ៍សាត់ ដើម្បី​បង្កើន​ការផលិត​៕