​រាជរដ្ឋាភិបាល បាន​លើកឡើងថា កម្ពុជា​បាននិងកំពុង​ធ្វើដំណើរ​ឆ្ពោះ​ទៅមុខ​ជានិច្ច​ដែល​ពោរពេញ​ទៅដោយ​ឱកាស​មាស​យ៉ាងពិត​ប្រាកដ​សម្រាប់ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​បាន​ឆ្លងកាត់ បាន​ផ្លាស់ប្តូរ​គួរឱ្យ​កត់សម្គាល់ ទាំង​ទិដ្ឋភាព នយោបាយ សន្តិសុខ សង្គម និង​សេដ្ឋកិច្ច។

​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប ១១ ឆ្នាំ នៃប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​មីនីបៀ របស់​ជប៉ុន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ខណៈដែល​ប្រទេស​មួយ​ចំនួន​កំពុង​ជួប​វិបត្តិ​កូវីដ ១៩ ធ្វើឱ្យ​ប្រទេស​ខ្លះ​បាន​ផ្អាក​ដំណើរការ​សកម្មភាព​ផលិត​នានា និង​ប្រទេស​ខ្លះទៀត​កំពុង​ជួប​វិបត្តិ​សង្គ្រាម ប៉ុន្តែ​កម្ពុជា​នៅតែ​មាន​ស្ថាន​ភាពល្អ និង​មាន​កំណើន​វិនិយោគ​នៅ​ក្នុង​ប្រទេស​គួរឱ្យ​កត់សម្គាល់។

​លោក ហ៊ុន សែន បាន​លើកឡើងថា កំណើន​ក្រុមហ៊ុន​វិនិយោគ​នៅ​កម្ពុជា គឺ​កើតឡើង​ដោយសារ​កត្តា​ធំៗ ២ គឺ​កត្តា​សន្តិភាព និង​កត្តា​ស្ថិរភាព​នយោបាយ​កម្ពុជា រួម​ជាមួយ​នឹង​ការលើក​ទឹកចិត្ត​មួយ​ចំនួន បានធ្វើ​ឱ្យ​មានការ​ទាក់ទាញ​វិនិយោគទុន​មក​កម្ពុជា​ជាច្រើន។

លោក​បាន​បញ្ជាក់បន្ថែម​ដូច្នេះ​ថា​៖ «​ឥឡូវ​សូម​សម្លឹង​មើលទៅ​ប្រទេស​អ៊ុយក្រែន តើ​ប្រទេស​ក្នុង​ពិភពលោក និង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅ​ស្រុក ចង់ទៅ​វិនិយោគ​នៅ​ប្រទេស​មាន​សង្គ្រាម​ទេ​? ចឹង​គ្មាន​អ្នកណា​អាច​ប្រថុយ​ដាក់ទុន​វិនិយោគ នៅ​ប្រទេស​មាន​សង្គ្រាម គ្មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នោះទេ ចឹង​សព្វថ្ងៃ​កម្ពុជា​មាន​កត្តា ២ គឺ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ទើប​ជំរុញ​ឱ្យ​បណ្តា​ក្រុមហ៊ុន​ឈរជើង​វិនិយោគ​នៅ​កម្ពុជា​បាន»។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​អះអាង​ទៀតថា ដើម្បី​ជំរុញ​ការវិនិយោគ និង​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​ជាតិ​កាន់​តែមាន​ភាពរឹងមាំ រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ខិតខំ​ជំរុញ និង​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ទាំង​ផ្នែក​រឹង និង​ទន់ ដើម្បី​សម្រួល​ដល់ការ​វិនិយោគ និង​ពាណិជ្ជកម្ម ដែល​កំពុងតែ​មានការ​រីកលូតលាស់​នេះ។

​ប្រទេស​កម្ពុជា​ត្រូវបាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឱ្យ​រហ័ស​នាម​ថា «​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៃ​អាស៊ី​» ដោយសារ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយនេះ សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ថេរ និង​លឿន​រហ័ស ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុងក្រោយ​នេះ។​

​ជាងនេះទៀត អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ចកម្ពុជា ធ្លាប់បាន​លើកឡើង​ដែរ​ថា កំណើន​ក្រុមហ៊ុន​វិនិយោគ​នៅ​កម្ពុជា គឺ​ដោយសារ​តែ​ក្រុមហ៊ុន​ទាំង​នោះ បាន​សម្លឹង​ឃើញ​សក្តានុពល​របស់​កម្ពុជា ដោយ​ផ្អែក​ទៅលើ​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ជា​រៀងរាល់ឆ្នាំ បរិយាកាស​វិនិយោគ​ល្អ ទីតាំង​វិនិយោគ​អំណោយផល​ល្អ នៅ​ចំ​ចំណុច​កណ្តាល​បេះដូង​នៃ​បណ្តា​ប្រទេស​អាស៊ាន កម្លាំង​ពលកម្ម​វ័យក្មេង​ច្រើន ពិសេស​កត្តា​ស្ថិរភាព​នយោបាយ បាន​ប្រែក្លាយ​កម្ពុជា​ពោរពេញ​ទៅដោយ​ឱកាស​មាស​សម្រាប់ការ​ទាក់ទាញ​វិនិយោគ។​

​ជាមួយគ្នានេះដែរ អ្នកជំនាញ និង​អ្នកជំនួញ​កម្ពុជា ក៏មាន​ក្តី​រំពឹង​ខ្ពស់ ចំពោះ​ច្បាប់​វិនិយោគ​ថ្មី និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ក្នុងការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ឱកាស​វិនិយោគ និង​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា។ តាមរយៈ​យន្តការ​សម្របសម្រួល និង​លំហូរ​ពាណិជ្ជកម្ម​សេរី​ទាំងនេះ វា​នឹង​ជួយផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្ពស់​បន្ថែម​ទៀត​ដល់​វិនិយោគិន​ជាតិ និង​អន្តរជាតិ ក្នុងការ​បោះទុន​វិនិយោគ​លើ​គម្រោង​ថ្មីៗ​បន្ថែម​ទៀត​នៅ​កម្ពុជា។​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុង​ឆ្នាំ ២០១៩ រំហូរ​ទុនវិនិយោគ​ពី​បរទេស​នៅ​កម្ពុជា មាន​ចំនួន​ប្រមាណ ៣,៤ ពាន់​លានដុល្លារ ឆ្នាំ ២០២០ បាន​បន្ត​កើនឡើង​ក្នុង​ទំហំ​តិចតួច​ប្រមាណ ៣,៦ ពាន់​លានដុល្លារ​អាមេរិក និង​ឆ្នាំ ២០២១ កើន​ដល់ ៤,៥ ពាន់​លានដុល្លារ​អាមេរិក​។ ដោយឡែក ក្នុង​រយៈពេល ២ ខែ​ដំបូង​នៃ​ឆ្នាំ ២០២២ ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​កើនឡើង​ដល់​ទំហំ​ជិត​ពាក់កណ្ដាល​នៃ​ឆ្នាំ ២០២១ គឺ​ប្រមាណ ២ ពាន់​លានដុល្លារ​អាមេរិក៕​