
សៀមរាបៈ ក្រោយពីកម្ពុជាបើកប្រទេសទទួលទេសចរអន្តរជាតិឡើងវិញ ពិសេសនៅរយៈពេល១០ខែឆ្នាំ២០២២ ខេត្តសៀមរាបចាប់ផ្ដើមមានកំណើនភ្ញៀវទេសចរអន្តរជាតិច្រើនឡើងវិញ រួមជាមួយការហោះហើរពីបរទេសចូលក្នុងខេត្តនេះមានចាប់ពី១៥-១៦ជើងក្នុង១ថ្ងៃ ដែលបានដឹកជញ្ជូនភ្ញៀវទេសចរមកជាមួយចាប់ពី១ ៣០០នាក់ទៅ១ ៤០០នាក់ក្នុង១ថ្ងៃ។នេះបើតាមព័ត៌មានពីក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល១០ខែឆ្នាំ២០២២ (មករា-តុលា) ខេត្តសៀមរាបទទួលបានទេសចរសរុបចំនួន១ ៧៩២ ៥៤៩នាក់ កើនឡើង ៨៨៦,៣៣៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១ ៦២៣ ២០០នាក់ កើនឡើង៨៣០,៤៥% និងទេសចរអន្តរជាតិមានចំនួន១៦៩ ៣៤៩នាក់ កើនឡើង២២២៤,៣០%។
ក្រសួងទេសចរណ៍បានដកស្រង់សម្តី លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បញ្ជាក់ថា៖ «ចំពោះជើងហោះហើរមកកាន់ខេត្តសៀមរាបមាន១៥-១៦ជើងក្នុង១ថ្ងៃ ដែលមានភ្ញៀវទេសចរអន្តរជាតិមានប្រមាណ ១ ៣០០នាក់ទៅ១ ៤០០នាក់ក្នុង១ថ្ងៃ ដោយឡែក ចំពោះការធ្វើដំណើរតាមផ្លូវគោកចូលមកខេត្តសៀមរាបមានប្រមាណ៦០០-៧០០នាក់ក្នុងមួយថ្ងៃ។
បើតាមក្រសួងទេសចរណ៍ រយៈពេល១០ខែឆ្នាំ២០២២ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១,៥៧លាននាក់ កើនឡើង៩៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង ១០,៨៦លាននាក់ កើនឡើង២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕