​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ទេស​ចរណ៍ លោក ថោង ខុន បាន​លើកឡើងថា តាម​ការ​ព្យាករ​ក្នុង​ឆ្នាំ ២០២២ នេះ​ខេត្តសៀមរាប​នឹង​អាច​ទទួល​ភ្ញៀវទេសចរ​សរុប ២,២៧​ លាន​នាក់ កើន​ជាង ៣២៦ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​នឹងមាន​ចំណែក​ប្រមាណ ១០​ ភាគរយ​។​

​ក្នុង​ពិធី​ប្រារព្ធ​ខួប ២០​ ឆ្នាំ​របស់​សាលា​សណ្ឋាគារ និង​ទេសចរណ៍ ប៉ូល​ឌុយ​ប្រ៊ូ​ល នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​ ១ ខែធ្នូ លោក ថោង ខុន បាន​លើកឡើងថា ការគ្រប់គ្រង​ដោយ​ប្រសិទ្ធភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ​១៩ និង​ការបើក​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម​បាន​ឆាប់រហ័ស បាន​ជួយ​ឱ្យ​កម្ពុជា​ស្រូប​បាន​នូវ​កំណើន​ភ្ញៀវទេសចរ​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​ក្នុង​រយៈពេល ១០ ​ខែ​ដើមឆ្នាំ​ ២០២២ ខេត្តសៀមរាប ទទួលបាន​ភ្ញៀវ​ទេសចរ ១ ៧៩២ ៥៤៩​ នាក់ កើនឡើង ៨៨៦,៣៣៥​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ក្នុងចំណោម​នោះទេ​សចរ​ជាតិ មាន ១ ៦២៣ ២០០​ នាក់ កើន ៨៣០,៤៥​ ភាគរយ និង​ទេសចរ​អន្តរជាតិ ១៦៩ ៣៤៩​ នាក់ កើនឡើង ២ ២២៤,៣០ ភាគរយ​។​

​លោក​និយាយថា​៖« ​តាម​ការ​ព្យាករ​សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ ​២០២២ នេះ ភ្ញៀវទេសចរ​ដែល​ចូលមក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប នឹង​ឡើងដល់​ជាង ២,២៧ ​លាន​នាក់ កើនឡើង​ជាង​ ៣២៦​ ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០២១ ក្នុងនោះ​ទេសចរ​ជាតិ​អាច​នឹង​ឡើងដល់​ជាង ២​ លាន​នាក់​នៅក្នុង​កំណើន​ជាង ២៩១ ​ភាគរយ ហើយ​ទេសចរ​អន្តរជាតិ​នឹង​ឡើងដល់​ជាង ២៣​ ម៉ឺន​នាក់​ក្នុង​កំណើន​ជាង ១ ៧៦៣​ ភាគរយ​»​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់ ភ្នំពេញ​​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៤ ខែធ្នូ​ថា ចាប់តាំងពី​រដ្ឋា​ភិ​បាល​ប្រកាស​បើកទទួល​ភ្ញៀវ​អន្តរជាតិ​ឱ្យ​ចូលមក​កម្ពុជា​ឡើងវិញ ​(​ខែវិច្ឆិកា ឆ្នាំ​ ២០២១)​ គេ​ឃើញ​ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើដំណើរ​មក​ខេត្តសៀមរាប​កើនឡើង​ជា​លំដាប់ ដែល​ជួយ​ឱ្យ​អ្នក​នៅក្នុង​សេវា​កម្មនេះ​អា​ចរក​កម្រៃ​បាន​វិញ​ខ្លះៗ​ហើយ​។ លោក​ប្រាប់ទៀតថា សម្រាប់​ភ្ញៀវ​អន្តរជាតិ​ដែល​ចូលមក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​នៅពេលនេះ គឺមាន​ភាគច្រើន​ជា​ជនជាតិ​ឥណ្ឌា អឺរ៉ុប និង​ប្រទេស​មួយចំនួន​ក្នុង​តំបន់ ខណៈ​ភាគច្រើន​ជា​ភ្ញៀវ​ចិន​។​

​លោក​ថ្លែងថា​៖ «​ជាមួយនឹង​កំណើន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នៅពេលនេះ​ខ្ញុំ​គិតថា ចំនួន​ភ្ញៀវ​ក្នុង​ខេត្តសៀមរាប​ដែល​ក្រសួង​ព្យាករ​ប្រាកដជា​អាច​សម្រេចបាន ពិសេស​ភ្ញៀវ​ក្នុងស្រុក​»​។​

​បន្ថែម​លើ​នេះ លោក ខៀវ ធី បញ្ជាក់ថា ដោយសារ​ក្រុមហ៊ុន​/​ទីភ្នាក់ងារ និង​បណ្តា​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាគច្រើន​ពឹងផ្អែក​លើ​ភ្ញៀវ​អន្តរជាតិ ដូច្នេះ​អ្វីដែល​មាននៅ​ពេលនេះ​គឺ​មិនទាន់​អាចជួយ​ឱ្យ​បណ្តា​ក្រុមហ៊ុន​/​ទីភ្នាក់ងារ និង​បណ្តា​មគ្គុទ្ទេសក៍​ទេសចរណ៍ មាន​សកម្ម​ភាពល្អ​ឡើងវិញ​ទេ ដោយ​ទាមទារ​ឱ្យមាន​ការបន្ត​ជួយ​គាំទ្រ​បន្ថែម​ពី​រដ្ឋាភិបាល​។​

​លោក​លើកឡើងថា​៖ «​ក្នុងនាម​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរ ខ្ញុំ​សូម​ស្នើ​ដល់​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងទេសចរណ៍ មេត្តា​ពិនិត្យ​លទ្ធភាព​ក្នុងការ​រក្សា​តម្លៃ​អនុគ្រោះ​ក្នុងសម័យ​កូ​វីដ ដល់​បណ្តា​មគ្គុទ្ទេសក៍​ទេសចរណ៍ ដែល​ត្រូវ​ដូរ​អាជ្ញាប័ណ្ណ​ថ្មី​រហូតដល់​ឆ្នាំ​ ២០២៥ ដោយ​កុំ​ទាន់​យក​តម្លៃ​ពេញ ព្រោះ​មគ្គុទ្ទេសក៍​ទាំងអស់​ពុំទាន់​មានការ​ងារ​ធ្វើ​គ្រប់ៗ​គ្នា​នៅឡើយ​ទេ​»​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀម​​រាប លោក ង៉ូ​វ សេង​កាក់ បានឱ្យដឹងថា បច្ចុប្បន្ន​ខេត្តសៀមរាប ទទួលបាន​ជើង​ហោះ​ដឹក​ភ្ញៀវទេសចរ​ពី​បរទេស​ចូលក្នុង​ខេត្ត​ចន្លោះ​ពី​ ១៥-១៦​ ជើង​ក្នុង ​១ ​ថ្ងៃ ដោយមាន​ភ្ញៀវ​ចាប់ពី ១ ៣០០​ នាក់​ទៅ ១ ៤០០ ​នាក់​ក្នុង​ ១​ ថ្ងៃ​។ ចំណែក​ការធ្វើដំណើរ​តាមផ្លូវ​គោក​ចូលមក​ខេត្ត​សៀម​​រាប មាន ៦០០-៧០០ ​នាក់​ក្នុង​១​ថ្ងៃ​។​

​ទាក់ទង​នឹង​ចំនួន​ជើងហោះហើរ​នេះ លោក ធី បាន​បញ្ជាក់ថា​៖ «​ដើម្បីឱ្យ​អ្នក​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្ត សៀមរាប​អាចឈរជើង​បាន​រឹងមាំ​ដូច​មុន គឺ​យ៉ាង​ហោច​ក្នុង ១​ ថ្ងៃ​ត្រូវមាន​ជើងហោះហើរ​ដឹក​ភ្ញៀវ​ប្រហែល ៣០ ជើង​»៕