ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​អាមេរិក បាន​បដិសេធ​ក្រុមហ៊ុន​ចំនួន ៤​ ដែល​ព្យាយាម​គេច​បង់ពន្ធ​នាំចូល​បន្ទះ​សូ​ឡា និង​ម៉ូ​​ឌុល​ផលិត​នៅក្នុង​ប្រទេស​ចិន ដោយ​បញ្ជូនទៅ​ប្រទេស​អា​ស៊ាន​ចំនួន ៤ រួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ និង​វៀតណាម​។​

​ក្រសួងពាណិជ្ជកម្ម​កាល​ពីថ្ងៃ​ទី​ ២ ខែធ្នូ បានចេញ​សេចក្ដី​សម្រេច​បឋម​របស់ខ្លួន​ក្នុងការ​​ស៊ើបអង្កេត​ការ​គេចពន្ធ​លើ​បន្ទះ​សូ​ឡា និង​ម៉ូឌុល មកពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ក្រសួងពាណិជ្ជកម្ម​បាន​ពិនិត្យ​លើ​ពាក្យបណ្តឹង​ដែល​ចោទ​ប្រ​កាន់​ថា ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​ចំនួន ៨ បាន​ផលិត​បន្ទះ​សូ​ឡា និង​ម៉ូឌុល នៅ​ប្រទេស​ចិន បន្ទាប់មក​បញ្ជូន​ផលិតផល​ទាំងនោះ​ទៅ​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ថៃ និង​/​ឬ​វៀតណាម​សម្រាប់​ការកែច្នៃ​តិចតួច មុន​ពេល​នាំ​ចេញទៅ​អាមេរិក​។​

​ក្រសួងពាណិជ្ជកម្ម​បញ្ជាក់ថា​៖ «​សកម្មភាព​បែបនេះ​គឺ​ស្មើ​នឹង​កិច្ចខិតខំ​ដើម្បី​គេចវេះ​លើ​កាតព្វកិច្ច​ពន្ធ​ប្រឆាំង​ទៅនឹង​ការ​បង្ខូច​តម្លៃ ដែលមាន​ស្រាប់ (AD)​​ និង​កាតព្វកិច្ច​ប្រឆាំង​ការ​​ទូទាត់ ​(CVD) បញ្ជា​ទិញ​លើ​បន្ទះ​សូ​ឡា និង​ម៉ូឌុល​ដែល​នាំចូល​ពី​ប្រទេស​ចិន​។ សេចក្ដី​សម្រេច​បឋម​នោះបាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រសួង​ពា​ណិ​ជ្ជ​កម្ម​ក្នុងការ​គ្រប់គ្រង​លើ​ទទួលខុសត្រូវ​របស់​ប្រទេស​ចិន រាល់​សកម្មភាព​បង្ខូច​ពាណិជ្ជ​កម្ម ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ឧស្សាហកម្ម​អាមេរិក​»​។​

​ស្ថិតនៅក្រោម​ច្បាប់​អាមេរិក​ក្រសួងពាណិជ្ជកម្ម​អាចធ្វើ​ការ​ស៊ើបអង្កេត​ការ​គេចពន្ធ​នៅពេលដែល​ភ័ស្តុតាង​បង្ហាញថា​ទំនិញ​ដែល​ស្ថិតនៅក្រោម​ការ​បញ្ជា​ទិញ AD/CVD ដែលមាន​ស្រាប់​ត្រូវបាន​បញ្ចប់ ឬ​ដំឡើង​នៅក្នុង​ប្រទេស​ទី​ ៣ ដោយ​ប្រើ​ប្រាស់​គ្រឿងបន្លាស់ និង​គ្រឿង​បង្គុំ​នាំចូល​ពី​ប្រទេស​ដែល​ស្ថិត​នៅក្រោម​ការបញ្ជាទិញ​។ ការ​បញ្ជា​ទិញ AD/CVD ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់​ការ​អនុ​គ្រោះ​ដល់​ឧស្សាហកម្ម​ក្នុងស្រុក​របស់​អាមេរិក នៅពេលដែល​ឧស្សាហកម្ម​ទាំងនេះ​កំពុង​ប្រ​ឈម​នឹង​ការប្រកួតប្រជែង​មិន​ស្មើភាព​។ ការ​គេចវេះ​កាត​ព្វ​កិច្ច​ពន្ធ​ទាំងនេះ​គំរាមកំហែង ដល់​ឧស្សាហកម្ម កម្មករ និង​អាជីវកម្ម​របស់​អាមេរិក​។​

​បន្ទាប់ពី​ការស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់ តម្លាភាព និង​ផ្អែកលើ​ទិន្នន័យ​របស់​ក្រុមហ៊ុន​ចំនួន ៨ ​នៅ​ប្រទេស​ទាំង ៤ ក្រសួង​ពា​ណិ​ជ្ជ​កម្មបាន​រកឃើញថា ក្រុម​​ហ៊ុន​ចំនួន​ ៤ ​ក្នុងចំណោម​ក្រុម​ហ៊ុន​ទាំង ៨ ដែល​ស៊ើបអង្កេត​កំពុង​ព្យាយាម​គេចពន្ធ​របស់​អា​មេ​រិ​កដោយ​ធ្វើការ​កែច្នៃ​តិចតួច​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​មុនពេល​ដឹកជញ្ជូន​ទៅ​អាមេរិក​។​

​ក្រុមហ៊ុន​ទាំង ៤ រួមមាន​ក្រុម​ហ៊ុន BYD Hong Kong, Canadian Solar, Trina និង​ក្រុមហ៊ុន Vina Solar គួរតែ​ជា​កម្មវត្ថុ​នៃ​ពន្ធ​នាំចូល​បន្ថែម​របស់​អាមេរិក​។​

​កាលពី​ខែមិថុនា ប្រ​ធានា​ធិ​​ប​តី​អាមេរិក លោក បៃ​ដិ​ន បានចេញ​សេចក្តីប្រកាស​មួយ​ស្តីពី​ការលើកលែង​ពន្ធ​លើ​ការនាំ​​ចូល​បន្ទះ​សូ​ឡា និង​ម៉ូឌុល ពី​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ថៃ និង​វៀតណាម រយៈពេល​ ២​ ឆ្នាំ​។​

​កាលពី​ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចេញ​បន្ទះ​សូ​ឡា​ចំនួន ៥៤ ៣១៩,៨៣​តោន ដែលមាន​តម្លៃ ២៧៣,៨៧ លាន​ដុល្លារ កើន​ជាង ២៧​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ នេះ​បើតាម​របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​លោក ហេង គុណ​លាង អ្នក​​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ ខែមិថុនា ថា កម្ពុ​ជាមាន​គោលនយោបាយ​លើកទឹកចិត្ត​ដល់​ការផលិត​បន្ទះ​សូ​ឡា ក៏ដូចជា​គ្រឿងបន្លាស់ និង​ឧ​បករ​​ណ៍​អគ្គិសនី​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​។

លោក​ថ្លែងថា​៖ «​កម្ពុជា​ក៏ដូចជា​ប្រទេស​ដទៃទៀត​ដែរ​គឺ​កំពុងធ្វើការ​រួម​គ្នា​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​បង្កើន​ការប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​ជា​អតិបរមា​។ ដូច្នេះហើយ រដ្ឋាភិបាល​លើក​ទឹកចិត្ត និង​គាំទ្រ​ការផលិត​បន្ទះ​សូ​ឡា សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​នាំចេញ​»៕