
ទិដ្ឋភាពនៃសណ្ឋាគារប៊ូទិក «Kampot RiverInn Boutique Hotel»។ រូបថត សហការី
ភ្នំពេញៈ គម្រោងសណ្ឋាគារប៊ូទិកដ៏ប្រណីតមួយក្នុងខេត្តកំពត «Kampot RiverInn Boutique Hotel» ដែលជាបុត្រសម្ព័ន្ធរបស់ កោះស្លាកែតស្ទូឌីយោ គ្រោងនឹងបើកដំណើរការនៅថ្ងៃទី ៨ ខែធ្នូខាងមុខ ខណៈខេត្តកំពតរំពឹងថា នឹងមានភ្ញៀវទេសចរកាន់តែច្រើនធ្វើដំណើរទៅកម្សាន្តនៅទីនោះ។
លោកស្រី ច័ន្ទ ដាវី ស្ថាបនិកក្រុមហ៊ុន ដាវីត្រា (ខេមបូឌា) ឯ.ក ដែលជាម្ចាស់គម្រោងវិនិយោគគម្រោង «កោះស្លាកែតស្ទូឌីយោ» និង Kampot RiverInn Boutique Hotel បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៥ ខែធ្នូថា Kampot RiverInn Boutique Hotel គឺជាសណ្ឋាគារប៊ូទិកដ៏ល្អលំដាប់ស្តង់ដាអន្តរជាតិ ដែលនឹងផ្តល់នូវកន្លែងស្នាក់នៅមានផាសុកភាព និងមានបរិស្ថានស្រស់បំព្រងដល់អតិថិជនដំបូងគេក្នុងក្រុងកំពត ។ សណ្ឋាគារនេះមានទីតាំងនៅក្បែរមាត់ព្រែកកំពត ដែលជាបេះដូងនៃក្រុងកំពត។
លោកស្រីឱ្យដឹងទៀតថា មូលហេតុដែលលោកស្រីបញ្ចេញទុនវិនិយោគលើគម្រោងសណ្ឋាគារ Kampot RiverInn Boutique Hotel គឺដោយសារកត្តាសំខាន់ៗមួយចំនួនដូចជា ភាពល្អប្រសើរនៃស្ថិរភាពនយោបាយ កំណើន សេដ្ឋកិច្ចរឹងមាំ និងជាពិសេសខេត្តកំពតគឺជាទីតាំងដ៏ល្អដាច់គេនៅកម្ពុជា ដែលមានសក្តានុពលខ្ពស់ក្នុងការស្រូបទាញអ្នកវិនិយោគ និងភ្ញៀវទេសចរជាច្រើនឱ្យធ្វើដំណើរទៅទីនោះ ព្រោះក្រៅពីមានសមុទ្រ ខេត្តកំពតក៏មានកន្លែងកម្សាន្តជាច្រើនទៀតដូចជា ភ្នំ ទឹកជ្រោះ ស្រែអំបិល និងរមណីយដ្ឋាន ជាដើម។
លោកស្រីអះអាងថា៖ «សក្តានុពលទាំងនេះ នឹងធ្វើឱ្យខេត្តកំពតទទួលបានភ្ញៀវទេសចរទៅកម្សាន្តកាន់តែច្រើននាពេលអនាគត ខណៈនៅក្នុងពេលនេះកន្លែងស្នាក់នៅក្នុងខេត្តក៏មិនអាចឆ្លើយតបនឹងកំណើនភ្ញៀវផងដែរ»។
កោះស្លាកែតស្ទូឌីយោ គឺជារមណីយដ្ឋានទេសចរណ៍សិប្បនិម្មិតដែលបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២២ ដើម្បីឱ្យភ្ញៀវបានចូលមកកម្សាន្តដោយស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ធ្លាប់បាននិយាយថា លក្ខណៈអំណោយផលពីធម្មជាតិដែលសម្បូរព្រៃភ្នំ និងទឹកជ្រោះ បានធ្វើឱ្យខេត្តកំពតទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាច្រើនឱ្យធ្វើដំណើរទៅទីនោះ ខណៈបច្ចុប្បន្នខេត្តនេះក៏មានគម្រោងវិនិយោគជាច្រើនបានទៅបោះទីតាំង។ ក្រៅពីនេះ ខេត្តកំពតស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលជាកន្លែងមានភ្ញៀវទេសចរទៅកម្សាន្តច្រើនផងដែរ។
លោកស្រីថ្លែងថា៖ «ខេត្តកំពតជាទីតាំងដែលមានសក្តានុពលខ្ពស់សម្រាប់វិស័យទេសចរ ដូច្នេះការវិនិយោគលើកន្លែងស្នាក់នៅ គឺពិតជានឹងផ្តល់ផលចំណេញច្រើនទាំងសម្រាប់អ្នកវិនិយោគ ប្រជាជនក្នុងតំបន់ និងអាជ្ញាធរ ផងដែរ»។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បានឱ្យដឹងថា ទោះបីសំណង់លក្ខណៈលំនៅឋាននៅក្នុងខេត្តកំពតមិនមានសម្ទុះឡើងខ្លាំង ប៉ុន្តែសម្រាប់ការសាងសង់កន្លែងកម្សាន្ត ឬស្នាក់នៅ គឺមានដំណើរទៅមុខជាបន្តបន្ទាប់។ ចំនួននេះនឹងមានកាន់តែច្រើននៅពេលដែលសេដ្ឋកិច្ចពិភពលោកវិលទៅរកប្រក្រតីភាពឡើងវិញ។
លោកបន្ថែមថា៖ «កំពតជាទីតាំងល្អដែលនឹងអាចមានគម្រោងវិនិយោគជាច្រើនចូលទៅបណ្តាក់ទុននៅទីនោះនាពេលអនាគត»៕