
ការដ្ឋានសាងសង់អគារនៅរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ ២០២២។ ហុង មិនា
ភ្នំពេញៈ គម្រោងសាងសង់ប្រមាណ ១ ១៧៥ ត្រូវបានរដ្ឋាភិបាលអនុម័តក្នុងត្រីមាសទី៣ ឆ្នាំ ២០២២ ដោយកើនឡើងជាង ១៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលក្នុងនោះភាគច្រើនជាសំណង់លក្ខណៈលំនៅឋាន។ នេះបើយោងតាមក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
ទិន្នន័យក្រសួងរៀបចំដែនដី បានឱ្យដឹងថា ចន្លោះពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ ២០២២ មានសំណើគម្រោងសាងសង់សរុប ១ ១៧៥ ត្រូវបានអនុម័ត ដោយកើន ១៤៧ គម្រោង ស្មើនឹង ១៤,៣ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយក្នុងនោះកំណើនភាគច្រើនជាប្រភេទសំណង់លំនៅឋានភូមិគ្រឹះ, សំណង់ឧស្សាហកម្ម, សំណង់សាធារណៈ (ថវិកាពីវិស័យឯកជន) និងសំណង់ផ្សេងៗលើកលែងតែប្រភេទសំណង់ពាណិជ្ជកម្ម និង ទេសចរណ៍។
បើតាមក្រសួងរៀបចំដែនដី ក្នុងឆ្នាំ ២០២២ វិស័យសំណង់ត្រូវរំពឹងថានឹងងើបឡើងនៅក្នុងអត្រា ៣ ភាគរយធៀបនឹងឆ្នាំ ២០២១ ដែលបានពីការគាំទ្រតាមរយៈកំណើននៃការផ្តល់ឥណទានលើវិស័យសំណង់។
អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ហ៊ុយ វណ្ណា បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែធ្នូ ថា សម្រាប់គម្រោងវិនិយោគថ្មីៗដែលចាប់ផ្តើមបើកដំណើរការសាងសង់ កាលពីត្រីមាសទី ៣ កន្លងមកធៀបនឹងឆ្នាំមុន គឺមិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ទេ ពិសេសគម្រោងធំៗដែលមានម្ចាស់ជាអ្នកវិនិយោគក្រៅស្រុក។
ការបន្តភាពស្ងប់ស្ងាត់ក្នុងពេលនេះ អាចបណ្តាលមកពីមូលហេតុមួយចំនួនដូចជា ស្ថានភាពកំណើនសេដ្ឋកិច្ចពិភពលោកមិនទាន់ល្អប្រសើរ, បញ្ហាជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាចធំៗ និងជាពិសេសការធ្លាក់ចុះយ៉ាងគំហុកនៃវិនិយោគិនចិន។
លោកបញ្ជាក់ថា៖ «សម្រាប់ចំនួនគម្រោងវិនិយោគដែលក្រសួងបានអនុម័តខាងលើ គឺខ្ញុំមិនច្បាស់ថា ជាការស្នើសុំទុកមុន ឬបែបណាទេ ប៉ុន្តែសម្រាប់ទិដ្ឋភាពជាក់ស្តែង គឺក្នុងត្រីមាសទី ៣ កន្លងមក គេស្ទើរមិនឃើញមានគម្រោងថ្មីៗបើកការដ្ឋានសាងសង់ឡើយ ដោយមានតែគម្រោងចាស់ៗបន្តការសាងសង់ដើម្បីបញ្ចប់ប៉ុណ្ណោះ»។
លោកប្រាប់ទៀតថា សម្រាប់ត្រីមាសទី ៤ នេះ និងឆ្នាំ ២០២៣ ខាងមុខ លោកមិនទាន់ហ៊ានសន្និដ្ឋានថា វិស័យសំណង់នៅកម្ពុជានឹងវិវឌ្ឍទៅបែបណាទេ ព្រោះវិស័យនេះត្រូវការពេលយូរជាងវិស័យផ្សេងៗទៀត ជាពិសេសដោយសារគម្រោងវិនិយោគធំៗនៅកម្ពុជា មានម្ចាស់ជាវិនិយោគិនមកពីប្រទេសចិន ដូច្នេះបើមានរំហូរជនជាតិចិនចូលមកកម្សាន្ត និងវិនិយោគច្រើន វិស័យសំណង់ក៏អាចរីកចម្រើនលឿនឡើងវិញដែរ។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បានប្រាប់ថា ទោះបីពេលនេះរដ្ឋាភិបាលមិនបានរឹតត្បិតលើការធ្វើដំណើរដូចកាលពីអំឡុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ ប៉ុន្តែសម្រាប់ទីផ្សារទិញ លក់ និងជួល អចលនទ្រព្យក្នុងត្រីមាសទី ៣ និងត្រីមាសទី ៤ ឆ្នាំនេះ គឺស្ថិតក្នុងភាពស្ងប់ស្ងាត់ខ្លាំងបើធៀបនឹងរយៈពេល ២ ឆ្នាំកន្លងមក។ សម្រាប់គម្រោងវិនិយោគថ្មីៗក្នុងត្រីមាសទី ៣ គឺមិនសូវមានទេ។
លោកបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ គឺទីផ្សារអចលនទ្រព្យក្នុងត្រីមាសទី ៣ និងទី ៤ នេះ គឺមិនទាន់ល្អប្រសើរទេ។ ភាពយឺតយ៉ាវនៃទីផ្សារនេះនឹងបន្តអូសបន្លាយពេលទៅមុខទៀត»។
បើតាមលោក សុខនឿន ការធ្លាក់ចុះសកម្មភាពសាងសង់ និងទិញលក់លំនៅឋាននារយៈពេលប៉ុន្មានខែចុងក្រោយនេះ ក៏អាចបណ្តាលមកពីចំនួននៃការផ្គត់ផ្គង់កើនខ្ពស់ ស្របពេលដែលនិន្នាការនៃការរក្សាទុកប្រាក់សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនកើនឡើងផងដែរ៕