ភ្នំពេញៈ​ អគ្គ​នាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) ស្វាគមន៍​ផែនការ​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង (Green Bond) របស់​ធនាគារ​អេស៊ីលីដា​ដែល​ខ្លួន​មាន​ផែនការ​ប្រើប្រាស់​មូលនិធិ​ពី​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​ប្រភេទ​នេះ​ក្នុង​អាជីវកម្ម​បៃតង​ទាំងឡាយណា​ដែល​មិន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​។​

​ធនាគារ​អេស៊ីលីដា​បានទទួល​ការអនុម័ត​លើ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​បៃតង​ពី​ធនាគារជាតិ​នៃ​កម្ពុជា (NBC) កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ដែលជា​ការបោះ​ផ្សាយ​លើក​ទី​២ ​របស់ខ្លួន បន្ទាប់ពី​បានធ្វើការ​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​កាលពី​ខែឧសភា​ឆ្នាំ​២០២០​ដោយបាន​ធ្វើការ​ប្រមូល​មូល​និ​ធិ​ប្រមាណ​១៧,៥លាន​ដុល្លារ​។​

​លោក ហុង សុ​ហួរ អគ្គនាយក CSX បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី៥ ខែធ្នូថា​លោក​ស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត​របស់​ធ​នាគារ​អេស៊ីលីដា និង​បណ្តា​ក្រុមហ៊ុន​ចុះបញ្ជី​នានា​ក្នុងការ​ពិចារណា​បោះផ្សាយ​បន្ថែម​ជា​មូល​ប​ត្រ​កម្ម​សិទ្ធិ សញ្ញា​បណ្ណ​ឬ​មូល​ប​ត្រ​ប្រភេទ​ផ្សេងទៀត​ដូចជា​បណ្ណ​បៃតង​ជាដើម​។​

​លោក​បាន​ថ្លែងថា៖«​យើង​តែងតែ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ស្រាប់​ហើយ​ជា​ភាគហ៊ុន​ឬ​សញ្ញា​បណ្ណ​ក៏ដោយ អាច​ពិចារណា​បោះផ្សាយ​បន្ថែម អាចជា​ប្រភេទ​មូល​ប​ត្រ​ដែល​បាន​បោះផ្សាយ​រួចហើយ ឬ​ជា​ប្រភេទ​មូល​ប​ត្រ​ផ្សេង​មួយទៀត​អាចមក​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​ ២​ប្រភេទ​ឬ​៣​ប្រភេទ​ទៅតាម​សេចក្តីត្រូវការ​របស់​ក្រុម​ហ៊ុ​ននីមួយៗ​»​។

​លោក​បាន​ថ្លែង​បញ្ជាក់ថា សម្រាប់​នីតិវិធី​នៃ​ការបោះ​ផ្សាយ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ស្រាប់​គឺ​នៅតែ​អនុវត្ត​តាម​នីតិវិធី​បោះផ្សាយ ប៉ុន្តែ​អាច​លឿន​ជាង​មុន​ដោយសារតែ​ក្រុមហ៊ុន​មាន​ព័ត៌មាន​នានា​ស្រាប់​។ ប៉ុន្តែ​សម្រាប់​ធនាគារ​អេស៊ីលីដា លោក​ពុំទាន់​ទទួលបាន​ពាក្យស្នើសុំ​បោះផ្សាយ​នៅឡើយ​ទេ​។​

​អនុប្រធាន​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​ធនាគារ​អេស៊ីលីដា លោកស្រី ម៉ារ អមរា បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី៥ ខែធ្នូ​ថា បន្ទាប់ពី​ខ្លួន​ទទួលបាន​ការអនុម័ត​ពី​ធនាគារជាតិ​នៃ​កម្ពុជា​មក ធនាគារ​កំពុង​រៀបចំ​នីតិវិធី​បន្ត​ជាមួយ​ក្រុមហ៊ុន​ធានា​ទិញ​មូល​ប​ត្រ​(Underwriter)​ដើម្បី​កំណត់​អំពី​ចំនួន​ទឹកប្រាក់​ដែល​នឹងត្រូវ​កៀរគរ​ពី​ផ្សារ​ហ៊ុន និង​បរិ​មាណនៃ​ហ៊ុន​ដែល​នឹងត្រូវ​បោះផ្សាយ​លក់​។​

​លោកស្រី​បាន​មានប្រសាសន៍ថា​៖«​ធនាគារ​អេស៊ីលីដា​យើង​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ធានា​ទិញ​មូល​ប​ត្រ​ដើម្បី​ដំណើការ​ការបោះ​ផ្សាយ​ទៅលើ​ចំនួន​មូលនិធិ​ដែល​នឹងត្រូវ​កៀរគរ និង​ការកំណត់​តម្លៃ​សញ្ញា​បណ្ណ​ក្នុង​តម្លៃ​ប្រមាណ​១​សែន​រៀល​ក្នុង​១​សញ្ញា​បណ្ណ​។ សម្រាប់​មូលនិធិ​ដែល​យើង​ប្រមូលបាន​នេះ​នឹងត្រូវ​ប្រើប្រាស់​តែ​ក្នុង​គោលបំណង​ការផ្តល់​ឥណទាន​បៃតង​ដើម្បី​ជំរុញបរិស្ថាន​បៃតង និង​ធ្វើ​ពិពិធ​កម្ម​ប្រភព​នៃ​មូលនិធិ​។ យើង​រំពឹងថា​នឹងធ្វើ​ការបោះ​ផ្សាយ​នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខនេះ​»​។ ប៉ុន្តែ​លោកស្រី​ពុំបាន​កំណត់​ពេលវេលា​ជាក់លាក់​នៃ​ការបោះ​ផ្សាយ​នៅឡើយ​ទេ​។

​កាលពី​ថ្ងៃទី​១២ ខែតុលា ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិន​មែន​ធនាគារ (​អ​.​ស​.​ហ​.) បានផ្តល់​ការអនុញ្ញាត​ជាគោលការណ៍​លើ​សំណើសុំ​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ជាសា​ធារ​ណៈ ជា​ប្រភេទ​សញ្ញា​បណ្ណ​បៃតង​ដំបូង​គេ​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន ហ្គោល​ដេ​ន​ទ្រី​ដើម្បី​កៀរគរ​ទឹកប្រាក់​ប្រមាណ​៣​លាន​ដុល្លារ សម្រាប់​រយៈពេល​៥​ឆ្នាំ​ជាមួយ​អត្រា​ការប្រាក់​៧​ភាគរយ​៕