
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញសាទរចំពោះថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ឬហៅថា «CamDX» បានទទួលជយលាភីនៃពានរង្វាន់ការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដប្រចាំឆ្នាំ (Open Source Adaptation of the Year) ២០២២ ពី Future of Government Awards (ពានរង្វាន់អនាគតនៃរដ្ឋាភិបាល) ដែលជាកិច្ចសហការគាំទ្ររវាងវិទ្យាស្ថាន AWS (Amazon Web Services), អង្គការ UNDP (United Nation Development Program) និងបណ្ដាញសកលសម្រាប់រដ្ឋាភិបាល Apolitical។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ឬហៅថា «CamDX» បានឈ្នះពានរង្វាន់លំដាប់អន្តរជាតិ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ថ្នាលនេះឱ្យដំណើរការរយៈពេលជាង ២ឆ្នាំ។ នេះជាលើកទី១ ហើយដែលកម្ពុជាឈ្នះពានរង្វាន់មួយនេះ។ ពានរង្វាន់អនាគតនៃរដ្ឋាភិបាល គឺជាកម្មវិធីលើកទឹកចិត្តដល់ការធ្វើបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាលដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ ពានរង្វាន់នេះមានគោលបំណងសំដៅដល់ការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដ ក្នុងប្រព័ន្ធបច្ចេកវិទ្យារបស់រដ្ឋាភិបាល ដែលជះផលជាវិជ្ជមានដល់សង្គមជាតិតាមរយៈការផ្តល់សេវាសាធារណៈរបស់រដ្ឋាភិបាលប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
សេចក្តីប្រកាសព័ត៌មានបន្តថា៖«ការទទួលបានជយលាភីថ្នាល CamDXរបស់កម្ពុជា គឺស្ថិតក្នុងចំណោមគម្រោង១០ មកពីប្រទេសចំនួន៨ ដែលបានសម្រាំងរួច (Shortlisted) រួមមាន កាណាដា, ចក្រភពអង់គ្លេស, អាហ្វ្រិកខាងត្បូង ប៉ាគីស្ថាន, ហ្គីនេបីសោ (Guinea-Bissau), អាហ្សង់ទីន, ហ្វីលីពីន និងសាធារណរដ្ឋបេនីន(Benin)។ ការវាយតម្លៃត្រូវឆ្លងកាត់ការដាក់ពិន្ទុរបស់គណៈកម្មការចំនួន ១៧រូបមកពីប្រទេសផ្សេងៗគ្នា និងមានបទពិសោធន៍ក្នុងការងាររដ្ឋាភិបាល និងបច្ចេកវិទ្យាជាច្រើនឆ្នាំ។ ការទទួលបានជយលាភីតាមរយៈការឆ្លងកាត់ការវាយតម្លៃដ៏ហ្មត់ចត់នេះជាមោទនភាពដ៏ធំធេងរបស់កម្ពុជា ជាពិសេសក្នុងដំណើររបស់កម្ពុជាក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលជារបៀបវារៈនៃការអភិវឌ្ឍរបស់ជាតិ តាមរយៈការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥»។
យោងតាមក្រសួងសេដ្ឋកិច្ច ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDXត្រូវបានអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រព័ន្ធអេកូឡូស៊ីរស់រវើកមួយដែលផ្តុំឡើងដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នចូលរួម និងមានអន្តរប្រតិបត្តិការផ្លាស់ប្ដូរទិន្នន័យរវាងគ្នានិងគ្នា ដោយក្រសួង-ស្ថាប័ននីមួយៗមានភាពជាម្ចាស់ពេញបរិបូណ៌លើប្រព័ន្ធដែលថ្ពក់ចូល និងទិន្នន័យដែលផ្លាស់ប្តូរតាមថ្នាល CamDXនេះ ។
លោក ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា CDTA (Cambodia Digital Tech Association) បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៦ ខែធ្នូថា ការទទួលបានជយលាភីរបស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ឬហៅថា «CamDX» គឺជាកិត្តិយសដ៏ធំមួយសម្រាប់កម្ពុជា ព្រោះប្រព័ន្ធនេះកំពុងរួមចំណែកយ៉ាងច្រើនក្នុងការធ្វើសមាហរណកម្មកម្ពុជាទៅកាន់ពិភពលោកលើគ្រប់វិស័យ។ ប្រព័ន្ធនេះក៏ជាចំណែកមួយក្នុងការជំរុញដំណើរការសេដ្ឋកិច្ចកម្ពុជាឱ្យចូលទៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ខណៈអត្រានៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាកំពុងមានសម្ទុះទៅមុខយ៉ាងឆាប់រហ័ស។
ទាក់ទងនឹង«CamDX»នេះ លោក ឈិន កេន បញ្ជាក់ថា ប្រព័ន្ធនេះកំពុងចូលរួមចំណែកយ៉ាងច្រើនក្នុងការធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋាភិបាល និងវិស័យឯកជនកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព។ ជាក់ស្តែងមុនពេលមាន CamDXគឺការងារគ្រប់យ៉ាងត្រូវធ្វើឡើងតាមរយៈការជួបផ្ទាល់ ដូចជាការស្វែងរកទិន្នន័យអាជីវកម្ម ឬការបង់ពន្ធ ជាដើម។
លោកលើកឡើងថា៖«ពានរង្វាន់នេះ គឺជាមោទនភាពមួយរបស់កម្ពុជាដែលអាចបង្ហាញទៅពិភពលោកពីវឌ្ឍនភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីផលកាន់តែទូលំទូលាយ និងមានភាពល្អប្រសើរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈបណ្តាញសង្គមផ្លូវការកាលពីថ្ងៃទី៥ ខែធ្នូ បានសរសេរអបអរសាទរជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែល CamDXត្រូវបានប្រកាសទទួលជយលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល (Future of Government Awards)។ កម្មវិធីនេះមានគម្រោងចូលរួមប្រកួតប្រជែងចំនួន១៥០ និងមកពី ៥២ប្រទេស។ កម្ពុជាជាប្រទេសមួយក្នុងគម្រោងចំនួន១០ ដែលមកពីប្រទេសចំនួន៨ ទៀត ដែលស្ថិតក្នុងបញ្ជីសម្រាំង ហើយដែលចុងក្រោយត្រូវបានសម្រេចពីគណៈកម្មការវាយតម្លៃអន្តរជាតិ ចំនួន ១៧រូប ឱ្យឈ្នះជយលាភីលេខ១ ប្រចាំឆ្នាំ២០២២ នេះ។
លោកបញ្ជាក់ថា៖«ពានរង្វាន់នេះជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិ និងជាការទទួលស្គាល់ថា កម្ពុជាបានចាប់យកឱកាស និងបានប្រើប្រាស់ដោយជោគជ័យនូវបច្ចេកវិទ្យាឌីជីថល ជាពិសេសថ្នាល CamDXក្នុងការជួយដល់ការងារកែទម្រង់ និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន។ នៅក្រោមម្លប់សុខសន្តិភាព, កម្ពុជាមិនត្រឹមតែមានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើននោះទេប៉ុន្តែកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមួយរស់រវើក និងប្រកបដោយបរិយាប័ន្ន ។ ក្នុងន័យនេះខ្ញុំសូមឱ្យក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលទាំងអស់ និងសូមលើកទឹកចិត្តវិស័យឯកជន ចូលរួម និងប្រើប្រាស់ សំដៅទាញយកប្រយោជន៍ជាអតិបរមាពីថ្នាល និងបច្ចេកវិទ្យាពាក់ព័ន្ធនៃប្រព័ន្ធអេកូឡូស៊ីរបស់ CamDX»។
បើតាមក្រសួងសេដ្ឋកិច្ច គិតចាប់ពីពេលដាក់ដំណើរការមកទល់ពេលនេះ, ចំនួនប្រតិបត្តិការសរុបនៅលើថ្នាល CamDXមានប្រមាណ ១៣លានប្រតិបត្តិការ ដោយនៅក្នុងឆ្នាំដំបូងមានត្រឹមតែ ៤,៧៦លានប្រតិបត្តិការប៉ុណ្ណោះ។ ស្ថិតិប្រតិបត្តិការមានការកើនឡើងពី ១ឆ្នាំទៅ១ឆ្នាំ តាមរយៈការចូលរួមផ្លាស់ប្តូរទិន្នន័យពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន១ ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន១ទៀតនៃក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដែលថ្មីៗនេះ ក៏មានពីវិស័យឯកជនជាដៃគូចូលរួមផងដែរ៕