ភ្នំពេញៈ ក្នុង​កិច្ចខិតខំ​ប្រឹង​​ប្រែង​ចូលរួមចំណែក​ជំរុញ​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​ក្រោយ​ការ​​រីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ធនា​គារ​អភិវឌ្ឍន៍អាស៊ី ​(ADB) កាលពី​ថ្ងៃទី ​៦ ខែធ្នូ បាន​អនុ​ម័ត​ប្រាក់កម្ចី​ផ្អែកលើ​គោល​នយោបាយ​ចំនួន​ ៥០​ លាន​ដុល្លារ​ក្រោម​អនុ​កម្មវិធី​ទី​ ១ ​នៃ​កម្មវិធី ពាណិជ្ជក​ម្និ​ង​សមត្ថភាព​ប្រ​​កួត​ប្រជែង​ដើម្បី​គាំទ្រ​ដល់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋ​​កិច្ច និង​ជំរុញ​សមត្ថភាព​ប្រកួតប្រជែង​ជា​សកល​របស់​ប្រទេស​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ADB កម្មវិធី​នេះ​នឹង​គាំទ្រ​ដល់​ការស្តារ​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​កូ​វីដ​ ១៩ របស់​កម្ពុជា​តាមរយៈ​ការជួយ​ដល់​កំ​ណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​ដើម្បី​បង្កើន​ការវិនិយោគ និង​បរិយាកាស​ធុ​រ​កិច្ច​ជំរុញ​កំណើន​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ (MSMEs) និង​កែលម្អ​គោលនយោបាយ​ពាណិជ្ជកម្ម និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​។​

​កម្មវិធី​ពាណិជ្ជកម្ម និង​សមត្ថភាព​ប្រកួតប្រជែង នឹង​ជួយ​កែលម្អ​បរិ​យា​​កាស​ធុរកិច្ច​ទាំងមូល​សម្រាប់​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស​។ ទាក់ទង​នឹង​អនុ​កម្មវិធី​ដំបូង​នេះ រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​ច្បាប់​វិនិយោគ​ថ្មី​ដើម្បី​ផ្តល់​កិច្ចការពារ​ផ្លូវច្បាប់​សម្រាប់​វិនិយោគិន​រួមទាំង​វិនិយោគិន​ក្នុង​តំបន់​សេដ្ឋកិច្ច​​ពិសេស និង​បានធ្វើឱ្យ​ប្រសើរឡើង​នូវ​ថ្នាល​អាជីវកម្ម​តាម​អ៊ី​ន​ធឺ​ណិ​ត​ដើម្បី​អាចឱ្យ​ការចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ឌីជីថល​ឯកទេស​បាន​ទាន់ពេល​។ នេះ​បើ​យោងតាម ADB​។

​លោក Sion L. Morton សេដ្ឋវិទូ​ជាន់ខ្ពស់​របស់ ADB បានឱ្យដឹងថា ការរីក​រាលដាល​កូ​វីដ​ ១៩ បាន​ជះ​ឥទ្ធិ​ពល​ធ្ងន់ធ្ងរ​ដល់​វិស័យ​សំខាន់ៗ​ដូចជា​កាត់ដេរ ស្បែកជើង វាយ​ន​ភណ្ឌ ទេស​ចរណ៍ និង​សំណង់​។​

​លោក​ថ្លែងថា​៖ «​កំណែទម្រង់​ក្រោម​កម្មវិធី​នឹង​ជួយ​ដល់​ការ​ស្តារឡើងវិញ​ក្រោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ​របស់​កម្ពុជា តាមរយៈ​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​អាជីវកម្ម​ដើម្បី​រីកចម្រើន និង​សម្រប​ខ្លួន​ទៅនឹង​ទិដ្ឋភាព​ពា​ណិ​ជ្ជ​កម្ម​ដែល​ផ្លាស់ប្តូរ​»​។​

​លោក លឹម អូន អគ្គនាយក​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​រដ្ឋ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ ខែធ្នូ​ថា មាន​ដៃគូ​អភិវឌ្ឍន៍ និង​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ជួយ និង​គាំទ្រ​ដល់​សហ​គ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​ទាំង​ផ្នែក​ច្បាប់ បទ​ប្បញ្ញត្តិ និង​ហិរញ្ញវត្ថុ​។​

​លោក​ថ្លែងថា​៖ «​យើង​ដឹង​ហើយ​ថា យើង​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ជិត ៩៨ ​ភាគរយ​នៅក្នុង​សេដ្ឋ​កិច្ច ដែល​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ច​។ ខ្ញុំ​យល់ថា ទឹកប្រាក់ ៥០​ លាន​ដុល្លារ​ពី ADB នឹង​ក្លាយជា​ការជំរុញ​មួយទៀត​សម្រាប់​ការប្រកួតប្រជែង​របស់​កម្ពុជា​សម្រាប់​ MSMEs ដែល​អនុញ្ញាតឱ្យ​ពួកគេ​ទទួលបាន​ចំណែក​ទីផ្សារ​កាន់តែច្រើន​ទាំង​ក្នុងស្រុក និង​ពិភពលោក​។ ដូច្នេះ​វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​ផ្តល់​មូលនិធិ​បន្ថែមទៀត​សម្រាប់​ពួក​គេ​ដើម្បី​ផលិត​ផលិតផល​ដែលមាន​គុណភាព​ឆ្លើយតប​តាម​តម្រូវការ​»​។​

​បើតាម ADB កម្មវិធី​នេះ​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​ការធ្វើ​ពិពិធ​កម្ម MSMEs ធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ និង​ការបង្កើត​ទីផ្សារ​ថ្មី​សម្រាប់​ពួកគេ​។

ការណ៍​នេះ​រួមបញ្ចូល​ទាំង​ការសម្រួល​និយមន័យ​ផ្លូវច្បាប់​នៃ​សហគ្រាស​ធុន​តូច មធ្យម និង​ដាក់ចេញ​កញ្ចប់​ជំនួយ​ដែល​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល ដើម្បី​ផ្តល់ជំនួយ និង​ជំនួយ​បច្ចេកទេស​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​ឧស្សាហកម្ម​ជា​អាទិភាព​ដែលមាន​ការចូលរួម​ពី​ស្ត្រី​ក្នុង​ចំនួន​ច្រើន​។​

«​កម្មវិធី​នេះ​ក៏​នឹង​ជួយ​កម្ពុជា​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ពង្រឹង​ការ​​សម្របសម្រួល​ពាណិជ្ជកម្ម ដើម្បី​ផ្តល់ឱកាស​ឱ្យ​កាន់តែច្រើន​សម្រាប់​ធុរកិច្ច​កម្ពុជា​ក្នុងការ​នាំចេញ​ទំនិញ​របស់​ពួក​គេ​។ ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​ទាំងនេះ ក្រោម​អនុ​កម្មវិធី​ទី​ ១ រាជ​រដ្ឋា​ភិ​បាល​បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​សម្របសម្រួល​ពាណិជ្ជកម្ម និង​អនុម័ត​ផែនទី​បង្ហាញផ្លូវ​ថ្នាក់ជាតិ​ស្តីពី​ការសម្រួល​ពាណិជ្ជកម្ម​»​។ នេះ​បើ​យោងតាម ADB៕