ភ្នំពេញ​៖ ពន្ធដារ​កម្ពុជា និង​កូរ៉េ​ខាង​ត្បួ​ង​បាន​បន្ត​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យនេះ ជាពិសេស​ដើម្បី​ជួយ​សម្របសម្រួល​ដល់​ធុរជន​រវាង​ប្រទេស​ទាំង​២​។​

​ការចុះ MoU​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា​រវាង​លោក លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​(GDT) និង​លោក លោក KIM CHANGKI អគ្គនាយក នៃ​រដ្ឋបាល​សារពើពន្ធ​នៃ​សាធារណរដ្ឋ​កូរ៉េ​នៅ​ទីស្នាក់ការ​កណ្តាល​របស់ GDT​។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ GDT តាមរយៈ MoU​នេះ​នឹង​ផ្តោតទៅលើ​ចំណុច​សំខាន់​មួយចំនួន​ដូចជា​កិច្ចសហប្រតិបត្តិការ​បន្ថែម​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​ត្រួតគ្នា (DTA), ពង្រឹង​ការផ្លាស់ប្តូរ​ព័ត៌មាន (EoI), ការផ្តល់​វគ្គ​បណ្តុះបណ្តាល​សម្រាប់​មន្ត្រី​ពន្ធដារ GDT, និង​ការរៀបចំ​សិក្ខាសាលា​ជាប្រចាំ ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ជួយ​ឱ្យ​ធុរជន​កូរ៉េ ដែល​ប្រកប​ធុរកិច្ច​នៅ​កម្ពុជា បង្កើន​ការយល់ដឹង​អំពី​កាតព្វកិច្ច និង​អនុលោមភាព​ពន្ធ​។​

​លោក គង់ វិបុល បានឱ្យដឹងថា អគ្គនាយកដ្ឋាន​ពន្ធដា​រ​តែងតែ​ផ្តល់​កិច្ចសហការ​ល្អជា​មួយ សភាពាណិជ្ជកម្ម​កូរ៉េ​ប្រចាំ​កម្ពុជា (KOTRA) តាមរយៈ​ក្រុមការងារ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​វិស័យ​ឯកជន ដើម្បី​ពិភាក្សា និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា ដែល​វិនិយោគិន​កូរ៉េ​បាននិងកំពុង​ជួបប្រទះ​។​

​លោក​បាន​ថ្លែង​បន្តទៀតថា កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ ធ្លាប់បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង DTA ដោយ​ជោគជ័យ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ និង​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២​។

​លោក​បាន​ថ្លែង​បញ្ជាក់ថា​៖«​កិច្ចព្រមព្រៀងទ្វេភាគី​នេះ បាន​នាំមក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​អ្នក​ជាប់ពន្ធ និង​អ្នកវិនិយោគ​នៃ​ប្រទេស​ទាំង​២​។ បច្ចុប្បន្ន​ក្រុមហ៊ុន​កូរ៉េ​ចំនួន ១៩ នៅ​កម្ពុជា បាននិងកំពុង​ទទួល​បាន​អត្ថប្រយោជន៍​ពី DTA​។ លើសពីនេះ​ទៀត​មាន​ក្រុមហ៊ុន​កូរ៉េ​ជាច្រើន​ទៀត បន្ត​ស្នើសុំ​អត្ថប្រយោជន៍​ពី DTA សរុប​មាន​ចំនួន ៣៦​សំណើ (​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២២)​ផងដែរ​»​។​

​លោក KIM CHANGKI បាន​ថ្លែងថា​ជាមួយនឹង​ការខិតខំ​ធ្វើ​ទំនើបកម្ម​របស់​GDT បានធ្វើឱ្យ​ចំណូល​ពន្ធរ​បស់​ខ្លួន​តែងតែ​សម្រេចបាន​កំណើន​ជា​រៀងរាល់ឆ្នាំ​។ លោក​ថា​៖«​តាមរយៈ​ការអនុវត្ត​នូវ​កំណែទម្រង់​ដ៏​មុត​ស្រួច និង​ស៊ីជម្រៅ ដែល​លទ្ធផល​នៃ​បេសកកម្ម​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​កម្ពុជា ក្នុងការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ តែងតែ​សម្រេចបាន​លើស​ផែនការ​ច្បាប់​បានកំណត់​ផងដែរ​»​។​

​បើតាម​លោក វិបុល គិត​ត្រឹម​ដំណាច់​ខែតុលា ឆ្នាំ​២០២២ នេះ GDT បាន​កៀរគរ​ចំណូល​ពន្ធ​បាន​ជាង ២ ៩០០ លាន​ដុល្លារ​កើនឡើង ២៦ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ដោយ​ការប្រមូល​ពន្ធ​នេះ​សម្រេចបាន​ជាង ១០៤ ភាគរយ​នៃ​ផែន​ការដែល​រដ្ឋាភិបាល​បានកំណត់​សម្រាប់​ឆ្នាំ​២០២២ នេះ​៕