
កម្មករដើរនៅមុខផ្សារអ៊ីអន ៣ កាលពីថ្ងៃម្សិលមិញ។ ផ្សារអ៊ីអន ៣ នេះ នឹងត្រូវបើកដំណើរការសាកល្បងនៅថ្ងៃទី ១៥ ខែធ្នូនេះ។ ហេង ជីវ័ន
ភ្នំពេញៈ ផ្សារទំនើបលក់រាយដ៏ធំបំផុតរបស់ជប៉ុន អ៊ីអន ៣ ឬអ៊ីអនមានជ័យ (Aeon Mean Chey Store) ដែលមានទុនវិនិយោគ ២៨៩,៦ លានដុល្លារ ស្ថិតក្នុងគម្រោងទីក្រុងរណប ING City នៅលើផ្ទៃដី ១៧៤ ០០០ ម៉ែត្រការ៉េ និងចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំ ២០១៩ នោះបានប្រកាសនឹងចាប់បើកដំណើរការសាកល្បងចាប់ពីថ្ងៃទី ១៥ ខែធ្នូ នេះតទៅ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Aeon Cambodia កាលពីថ្ងៃទី ៥ ខែធ្នូ ឱ្យដឹងថា ផ្សារទំនើបអ៊ីអនមានជ័យ ដែលជាផ្សារទំនើបធំជាងគេនៅកម្ពុជាស្ថិតនៅបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន នឹងបើកដំណើរការអាជីវកម្មចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២។
អ៊ីអនមានជ័យ គឺជាផ្សារទំនើបលក់ទំនិញទូទៅធំជាងគេនៅកម្ពុជា ដែលមានផ្ទៃក្រឡាជាង ១៦ ០០០ ម៉ែត្រការ៉េ ដោយមិនទាន់រាប់បញ្ចូលទំហំផ្សារទំនើបទាំងមូល។ អ៊ីអន ៣ ត្រូវបានសាងសង់ និងរចនាឡើងមានលក្ខណៈឌីជីថល ដោយមានបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបៗនៃផ្ទាំងបញ្ចាំងរូបភាពដែលមានលក្ខណៈ 2D និង 3D ដើម្បីឱ្យអតិថិជនមានភាពងាយស្រួលក្នុងការទទួលយកព័ត៌មាននានា និងប្រូម៉ូសិនផ្សេងៗ។
ក្រុមហ៊ុនសរសេរថា៖ «ផ្សារទំនើប អ៊ីអនមានជ័យមានសេចក្ដីសោមនស្សរីករាយ សូមជម្រាបជូនជាដំណឹងដល់សាធារណជន និងអតិថិជនឱ្យបានជ្រាបថា ផ្សារទំនើប អ៊ីអនមានជ័យ នឹងបើកដំណើរការសាកល្បងនៅថ្ងៃព្រហស្បតិ៍ ទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះហើយ ដែលជាផ្សារទំនើបទី ៣ និងធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៧ ខែធ្នូថា វត្តមានរបស់ អ៊ីអន ៣ ដែលជាផ្សារទំនើបល្បីឈ្មោះ គឺបង្ហាញថា កម្ពុជាគឺជាប្រទេសដែលកំពុងមានដំណើរវិវឌ្ឍន៍ទៅមុខដ៏ល្អទាំងផ្នែកទំនាក់ទំនងអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ។ សម្រាប់លក្ខណៈដោយឡែកវិញ អ៊ីអន ៣ នឹងធ្វើឱ្យតំបន់នៅតាមបណ្តោយមហាវិថីសម្ដេចតេជោ កាន់តែមានភាពទាក់ទាញទាំងការរស់នៅ ដំណើរការអាជីវកម្ម និងស្ថាប័នធំៗឱ្យទៅទីនោះកាន់តែច្រើន។ លោកបន្តថា តាមរយៈអ្វីដែលមានខាងលើនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានសក្តានុពលទាក់ទាញក្រុមហ៊ុនអន្តរជាតិឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនចាប់ពីពេលនេះតទៅ។
លោកថ្លែងថា៖ «ការបើកដំណើរការផ្សារទំនើប អ៊ីអន ៣ នៅសប្តាហ៍ក្រោយ គឺប្រាកដណាស់នឹងជួយធ្វើឱ្យវិស័យអចលនទ្រព្យនៅក្បែរៗនោះកាន់តែមានទីផ្សារល្អ ជាពិសេសសកម្មភាពទិញលក់ ព្រោះនៅពេលមានសេវាចម្រុះនឹងធ្វើឱ្យការរស់នៅកាន់តែងាយស្រួល និងមានផាសុកភាព»។
ទោះយ៉ាងណា លោកបញ្ជាក់ថា វត្តមានផ្សារទំនើបតែ ១ មុខ គឺមិនអាចធ្វើឱ្យវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចមានភាពវិជ្ជមានទេ គឺនៅត្រូវការកត្តាចម្បងៗសំខាន់មួយចំនួនដូចជា ស្ថិរភាពនយោបាយ សុខសន្តិភាព ទំនាក់ទំនងអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ ដែលមានភាពរឹងមាំផងដែរ។
ទាក់ទងនឹងអត្រាប្រើប្រាស់នៅតាមផ្សារទំនើប ឬកន្លែងលក់រាយផ្សេងៗលោក សុខនឿន ប្រាប់ថា នៅមានផ្ទៃទំនេរនៅសល់ច្រើនគួរសម។
របាយការណ៍ស្រាវជ្រាវពីក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ឱ្យដឹងថា គិតរហូតមកដល់ពេលនេះ ផ្ទៃទីតាំងលក់រាយ (Retail) នៅរាជធានីភ្នំពេញមានជាង ៦០ ម៉ឺនម៉ែត្រការ៉េ ខណៈអត្រាប្រើប្រាស់គិតត្រឹមចុងត្រីមាសទី ៣ ឆ្នាំ ២០២២ គឺមានប្រមាណ ៧០,៧ ភាគរយ។
បើយោងតាម CBRE Cambodia គិតត្រឹមចុងត្រីមាសទី ៣ ឆ្នាំ ២០២២ កន្លែងជួលលក់រាយប្រភេទ Prime Shopping Mall មានតម្លៃជាមធ្យមជិត ២៧ ដុល្លារសម្រាប់ ១ ម៉ែត្រការ៉េក្នុងរយៈពេល ១ ខែ, Prime High Street (ហាងលក់ទំនិញតាមផ្លូវធំ) មានតម្លៃជួលមធ្យមជិត ២៣ ដុល្លារ, ប្រភេទ Prime Retail Podium និងប្រភេទ Community Mall មានតម្លៃជិត ២០ ដុល្លារ។
ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង ជិន ច័ន្ទដាលុច្យ បានឱ្យដឹងថា ចំនួនផ្សារទំនើបនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ដោយគិតមកដល់ពេលនេះ គឺមានផ្ទៃក្រឡាជាង ៦០ ម៉ឺនម៉ែត្រការ៉េហើយ។ ជាមួយនឹងបទពិសោធន៍ផ្សារ ចំនួន ២ កន្លងមក គឺការរៀបចំរបស់ អ៊ីអន ៣ ប្រាកដជាពិសេសលើសពីអ្វីដែលមានពីមុន។
អ្នកនាង ច័ន្ទដាលុច្យ បានបញ្ជាក់ថា៖ «ទោះបីបច្ចុប្បន្នផ្សារទំនើបបានលេចឡើងជាបន្តបន្ទាប់ ពិសេសនៅតំបន់ក្រុងរណប ING ក៏ផ្សារទំនើប អ៊ីអន ៣ នៅតែអាចទទួលជោគជ័យ ព្រោះនៅទីនោះគឺមានសេវាកម្មចម្រុះច្រើន រួមទាំងកន្លែងកម្សាន្តផងដែរ»។
ក្រុមហ៊ុន Aeon Cambodia បានមកបើកផ្សារទំនើបអ៊ីអន ១ ដែលស្ថិតនៅខណ្ឌចំការមន ក្រោមទុនវិនិយោគប្រហែល ២០៥ លានដុល្លារកាលពីឆ្នាំ ២០១៤ និងផ្សារអ៊ីអន ២ នៅខណ្ឌសែនសុខ មានទុនវិនិយោគ ១២០ លានដុល្លារ កាលពីឆ្នាំ ២០១៨។
កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមហ៊ុន Aeon Cambodia បានជួលដីពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រហែល ៣ ហិកតា ដើម្បីរៀបចំមជ្ឈមណ្ឌលស្តុកទំនិញលក្ខណៈអន្តរជាតិដ៏ធំដំបូងគេរបស់ផ្សារទំនើប Aeon Mall) ក្នុងកិច្ចសន្យារយៈពេល ៥០ ឆ្នាំដោយមជ្ឈមណ្ឌលនេះគ្រោងចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០២៣៕