​ភ្នំពេញៈ និយតករ​មូល​ប​ត្រ​​កម្ពុជា ​(SERC) បានផ្តល់​សិទ្ធិ​ឱ្យ​ធនាគារ​អេស៊ីលីដា ក្នុងការ​ប្រើប្រាស់​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សម្រាប់​ការបង់ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្ត​​សញ្ញាណ​វិនិយោគិន​តាម​អន​​ឡាញ ក្នុង​គោលបំណង​ដើម្បី​សម្រួល​ដល់​វិនិយោគិន​ទាំង​អស់​ឱ្យ​កាន់តែ​មាន​ភាព​ងាយ​​ស្រួល​ក្នុងការ​វិនិយោគ​លើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។​

​ការសម្រេច​នេះ​ត្រូវធ្វើឡើង​តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​និយតករ​មូល​ប​ត្រ​កម្ពុជា និង​លោកស្រី ម៉ារ អមរា ប្រធាន​នាយក​ប្រតិ​​ប​ត្តិ​ស្តីទី​ធនាគារ អេស៊ីលីដា កាលពី​ថ្ងៃទី​ ៧ ខែវិច្ឆិកា​។​

​លោក ស៊ូ សុជាតិ បាន​លើកឡើងថា ថ្វី​ដ្បិត​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា មានដំណើរ​ការ​រយៈ​​ពេល​ជាង ១ ​ទសវត្សរ៍​ក៏ដោយ SERC នៅតែ​បន្ត​ស្វែងរក​កិច្ច​សហការ​អភិវឌ្ឍ​ន៍ទី​ផ្សារ​ឱ្យ​កាន់​តែ​ប្រសើរឡើង​ក្នុងការ​សម្រប​ខ្លួន​ឱ្យបាន​តាម​បច្ចុប្បន្នភាព​នៃ​ទីផ្សារ​អន្តរជាតិ រា​ប់ញ្ចូល​ទាំង​ការតាក់តែង​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ ការសិក្សា​ស្រាវជ្រាវ​ផលិត​ផល​មូល​ប​ត្រ ការជំរុញ​ការបោះ​​ផ្សាយ ការជំរុញ​ការជួញដូរ និង​ការបង្កើន​ការយល់ដឹង​ដល់​វិនិយោគិន​ជាដើម​។​

​លោក​ថ្លែងថា​៖ «​ទីផ្សារ​មូល​ប​ត្រ​កំពុង​វិ​វ​ឌ្ឍ​ប្រកបដោយ​វឌ្ឍន​ភាពជា​វិជ្ជមាន ដោយ​ទីផ្សារ​របស់​យើង​មាន​ប្រព័ន្ធ​ទ្រទ្រង់ ឬ​សសរស្តម្ភ​គ្រប់គ្រាន់ ​(​វិនិយោគិន​, ក្រុមហ៊ុន​បោះ​​ផ្សាយ​, អន្តរការី​ទីផ្សារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ​) និង​ទទួលបាន​ការគាំទ្រ និង​ការ​​ចូលរួម​យ៉ាង​ពេញទំហឹង​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​វិស័យនេះ​»​។

​លោក​បាន​បន្តថា​៖ «​ខ្ញុំ​សង្ឃឹមថា ការចុះ​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់នូវ​ភាពងាយស្រួល ឆាប់រហ័ស និង​សុវត្ថិភាព​ដល់​វិនិយោគិន​ក្នុងការ​ទូទាត់​ថ្លៃ​សេវា ក៏ដូចជា ព​ន្លឿ​ន​ដល់​ការស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​តាម​អន​ឡាញ​ផងដែរ​»​។​

​លោកស្រី ម៉ារ អមរា បាន​និយាយថា ដោយ​ការវិនិយោគ​វិស័យ​មូល​ប​ត្រ​ក្នុង​ផ្សា​រមូល​​ប​ត្រ​កម្ពុជា មាន​កំណើន​គួរឱ្យកត់សម្គាល់ ហើយ​ដើម្បី​បង្កើន​ទំនុកចិត្ត និង​ភាពងាយស្រួល​ដល់​វិនិយោគិន​ក្នុងការ​បង់ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន ធនាគារ អេស៊ីលីដា និង SERC បាន​ឯកភាពគ្នា​ឈានដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​នេះ​។​

​លោកស្រី​បន្ថែមថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ​វិនិយោគិន​ដែលមាន​បំណង​ចាប់ផ្ដើម​ការ​វិនិយោគ​នៅក្នុង​ផ្សា​រមូល​ប​ត្រ​​កម្ពុជា​អាច​បង់ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​តាមរយៈ ACLEDA Mobile និង​ប្រព័ន្ធ X-Pay និង​បណ្ណ​​អន្តរជាតិ ដូចជា VISA, Master Card, Diners, JCB, និង UPI Card​។​

​លោកស្រី​ថ្លែងថា​៖ «​ធនាគារ​ អេស៊ីលីដា តែងតែ​យកចិត្ត​ទុក​​ដាក់​ក្នុង​ការបម្រើ​អតិថិជន​ដោយបាន​ធ្វើ​ពិពិធ​កម្ម​ផលិតផល​សេវាកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរបែប ក៏ដូចជា​ការ​​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​អេ​ឡិច​ត្រូ​និក និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឌីជីថល ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន និង​រួម​ចំណែក​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ឱ្យ​កាន់តែ​សកម្ម​»​។​

​បើ​យោងតាម​លោក ស៊ូ សុជាតិ កន្លងមក​ស្ថាប័ន​របស់លោក​បាន​ចុះ​កិច្ចព្រមព្រៀង​នេះ​រួចហើយ​ជាមួយ​ធនាគារ ABA ក្នុងការ​សម្រួល​ដល់​ការ​-ទូទាត់​ថ្លៃ​សេវា​នេះ​ផងដែរ​។​

​បើតាម​របាយការណ៍រ​បស់ SERC នៅ​ចុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២២ SERC បានផ្តល់​លេខ​អត្តសញ្ញាណ​វិនិយោគិន​សរុប​ចំនួន ​៣៣ ១៨៣ ក្នុងនោះ​វិនិយោគិន​ជា​រូបវន្តបុគ្គល​ចំនួន ៩៩,៥២ ​ភាគរយ និង​វិ​និ​យោ​គិ​ន​សញ្ជាតិ​ខ្មែរ​មាន​ចំនួន ៨៦,២៣​ ភាគរយ​៕