
ភ្នំពេញៈ ការនាំចូល-នាំចេញទំនិញរបស់បណ្តារោងចក្រ/សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SSEZ) រយៈពេល១១ខែដើមឆ្នាំ២០២២ មានទឹកប្រាក់សរុបជាង ២,២ពាន់លានដុល្លារ កើនជាង១២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ នេះបើតាមទិន្នន័យរបស់ SSEZ។
ទិន្នន័យ SSEZ ដែលទើបចេញផ្សាយបានឱ្យដឹងថា ក្នុងរយៈពេល ១១ខែឆ្នាំ២០២២ ការនាំចូល-នាំចេញទំនិញរបស់រោងចក្រ/សហគ្រាស នៅក្នុង SSEZ មានទឹកប្រាក់សរុប ២ ២៤៦លានដុល្លារ កើនឡើង១២,២៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ដែលមានចំនួន ២ ០០១លានដុល្លារ។
សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២ ការនាំចូល-នាំចេញទំនិញរបស់ SSEZ មានទឹកប្រាក់ ១៧៧លានដុល្លារ ធ្លាក់ចុះ ២៤,៣៦ភាគរយបើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានចំនួន ២៣៤លានដុល្លារ។ កាលពីឆ្នាំ២០២១ ការនាំចូល-នាំចេញទំនិញរបស់ SSEZ មានទឹកប្រាក់សរុប ២ ២៣៤លានដុល្លារ កើនឡើង ៤២,៧៥ភាគរយបើធៀបឆ្នាំ២០២០។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មានកត្តាជាច្រើនដែលធ្វើឱ្យសកម្មភាពនាំចូល-នាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូចជាតំបន់សេដ្ឋកិច្ចផ្សេងៗនៅទូទាំងប្រទេសកើនឡើង ដែលរួមមានដូចជា ស្ថិរភាពនយោបាយ ទំនុកចិត្តរបស់អ្នកវិនិយោគ ច្បាប់វិនិយោគមានលក្ខណៈអំណោយផល និងមានទីផ្សារនាំចេញទូលំទូលាយ។ កំណើននៃការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាត្រូវរំពឹងថា នឹងមានកំណើនកាន់តែខ្ពស់ ព្រោះប្រទេសកម្ពុជាកំពុងមានកិច្ចសហប្រតិបត្តិការកាន់តែល្អជាមួយប្រទេសជាច្រើនលើពិភពលោក ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមានចុះហត្ថលេខាជាមួយប្រទេសដៃគូ ក៏មានចំនួនកាន់តែច្រើនផងដែរ។
លោកថ្លែងថា៖«ទឹកប្រាក់នៃការនាំចូល-នាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងបន្តកើនឡើងទៀត ព្រោះបច្ចុប្បន្នចំនួនក្រុមហ៊ុន/សហគ្រាសដែលចូលទៅបើកដំណើរការអាជីវកម្មនៅទីនោះក៏មានចំនួនកាន់តែកើនឡើង»។
នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺមានរោងចក្រជាច្រើនដូចជា សម្លៀកបំពាក់ គ្រឿងបរិក្ខារអគ្គិសនី គ្រឿងសង្ហារិម បរិក្ខារធ្វើដំណើរ និងខ្សែកាប ជាដើម។ នេះបើតាមលោក លឹម ហេង។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ប្រសិនបើមានការបញ្ជាទិញកាន់តែច្រើន ការនាំចូលវត្ថុធាតុដើមមកកាន់ SSEZ ក៏កើនឡើងទៅតាមហ្នឹងដែរ។ យ៉ាងណាក៏សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនេះ គឺសកម្មភាពនៃការនាំចូល-នាំចេញនឹងនៅតែបន្តភាពរឹងមាំរបស់ខ្លួនបន្តទៀត ព្រោះក្រៅពីមានលក្ខខណ្ឌអំណោយផលនៃទីតាំងភូមិសាស្រ្តនៅជិតកំពង់ផែសមុទ្រទឹកជ្រៅ ការបញ្ជាទិញទំនិញពីក្រៅប្រទេសមកកម្ពុជាក៏កំពុងល្អប្រសើរផងដែរ។
លោកលើកឡើងទៀតថា កំណើននៃការនាំចេញរបស់ SSEZ នឹងមានកាន់តែច្រើននៅពេលដែលសេដ្ឋកិច្ចពិភពលោកមានដំណើរការល្អឡើងវិញ។
លោកអះអាងថា៖«ទីផ្សារនាំចេញរបស់កម្ពុជានឹងល្អមួយកម្រិតទៀតចាប់ពីខែធ្នូនេះតទៅដោយសារការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បន្ថែមពីលើអ្វីដែលមានរួចមកហើយដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិន និងកិច្ចព្រមព្រៀងតំបន់ RCEP ជាដើម»។
អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ កាលពីខែវិច្ឆិកា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កត្តាភូមិសាស្រ្តនៅជាប់កំពង់ផែសមុទ្រទឹកជ្រៅ ព្រមទាំងលក្ខណៈអំណោយផលនៃច្បាប់វិនិយោគ និងកត្តាកម្លាំងពលកម្មសម្បូរបែបនៅកម្ពុជា បាននិងកំពុងទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឱ្យចូលមកបណ្តាក់ទុនក្នុងខេត្តព្រះសីហនុ។ សកម្មភាពសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ពិសេសក្នុងខេត្តព្រះសីហនុ នឹងមានភាពមមាញឹកខ្លាំងឡើងវិញនៅពេលការរឹតបន្តឹងនៅប្រទេសចិនស្តីពីជំងឺកូវីដ១៩ មានភាពធូរស្រាល និងសេដ្ឋកិច្ចពិភពលោកមានភាពច្បាស់លាស់ឡើងវិញ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ១០ខែឆ្នាំ២០២២ ការនាំចូល-នាំចេញរបស់កម្ពុជា មានទឹកប្រាក់សរុប ៤៤ ៥៦៥,២៩លានដុល្លារ កើនឡើង ១៤,៩ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះការនាំចូលមានទឹកប្រាក់ ២៥ ៨១៧,៧២លានដុល្លារ កើនឡើង ១២ភាគរយ និងការនាំចេញមានទឹកប្រាក់ ១៨ ៧៤៧,៥៦លានដុល្លារ កើនឡើង ១៩,២ភាគរយ។ ជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាពប្រមាណ ៧ ០៧០,១៦២លានដុល្លារ៕