​ភ្នំពេញៈ អ្នក​នៅក្នុង​សេវាកម្ម​ស្នាក់​នៅក្នុង​ក្រុងព្រះសីហនុ បាន​លើកឡើងថា ព្រឹត្តិការណ៍​វិស័យ​ទេសចរណ៍​ធំៗ​ចំនួន ២ ដែល​កំពុង​រៀបចំ​នៅ​ក្រុង​ព្រះ​សីហនុ​នឹង​ក្លាយជា​ចំណុច​ចាប់​ផ្តើម​នៃ​ការទាក់ទាញ​ទេសចរ​បរទេស​ឱ្យធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ឡើងវិញ បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាងគំហុក​រយៈពេល​ជាង​ ២ ​ឆ្នាំ​ដោយសារ​វិបត្តិ​ការ​​រីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩​។​

​ចាប់ពី​ថ្ងៃទី​ ៨-១៤ ខែធ្នូ ខេត្ត​ព្រះសីហនុ ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ និង​សន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​លើស​កល​​លោក ដោយ​នឹងមាន​ប្រតិភូ​អន្តរជាតិ​យ៉ាងតិច ១៣០ ​រូប​មកពី ២១​ ប្រទេស​នៅ​ជុំវិញ​ពិភព​លោក​ចូលរួម​។​

​លោក ហាង រ៉េត អ្នកគ្រប់គ្រង​ផ្ទះសំណាក់ The Moonflower Bungalows ដែលមាន​ ៣០ បន្ទប់​ក្នុង​ក្រុងព្រះសីហនុ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៨ ខែធ្នូ​ថា បន្ទាប់ពី​ស្ងប់​​ស្ងាត់​ជាង ២ ​ឆ្នាំ​ដោយសារ​វិបត្តិ​កូ​វីដ​ ១៩ បច្ចុប្បន្ន​ផ្ទះសំណាក់​របស់លោក​មាន​ភ្ញៀវ​មក​ស្នាក់​នៅ​ស្ទើរ​ពេញៗ​នៅ​រៀងរាល់ថ្ងៃ​ចុង​សប្តាហ៍​។ កំណើន​ភ្ញៀវ​មក​ស្នាក់នៅ​នេះ​គឺ​បណ្តាលមកពី​ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ ១៩ នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជា​ច្រើន​ក្នុង​ក្រុងព្រះសីហនុ ព្រមទាំង​ការបើក​ដំណើរការ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ជាមួយ​រាជធានី​ភ្នំពេញ​ផងដែរ​។​

​លោក​បន្ថែមថា សម្រាប់​ព្រឹត្តិការណ៍​លក្ខណៈ​អន្តរជាតិ​ដែល​កំពុង​រៀបចំ​នៅ​ខេត្ត​ព្រះសីហនុ​នៅពេលនេះ គឺ​នឹង​ជួយ​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ក៏ដូចជា​សេវា​​កម្ម​ស្នាក់នៅ​កាន់​តែមាន​ភាពល្អប្រសើរ ជាពិសេស​ការទាក់ទាញ​ភ្ញៀវ​បរទេស​ឱ្យ​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​។ នៅ​ចុង​សប្តាហ៍​នេះ​បន្ទប់​ស្នាក់នៅ​របស់ The Moonflower Bungalows ត្រូវបាន​អតិថិជន​កក់​ជិត​អស់ហើយ​។​

​លោក​បញ្ជាក់ថា​៖ «​យើង​រំពឹងថា នឹងមាន​ភ្ញៀវទេសចរ​បរទេស​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែ​កើនឡើង​ចាប់ពីពេលនេះ​តទៅ ព្រោះ​ភ្ញៀវទេសចរ​អន្តរជាតិ​តែង​ចំណាយ​ច្រើន និង​ស្នាក់នៅ​រយៈពេល​យូរ​ជាង​ភ្ញៀវ​ក្នុងស្រុក​។ គ្រប់​ព្រឹត្តិការ​​ណ៍​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​»​។​

​បើតាម​លោក ហាង​រ៉េត បន្ទប់​ស្នាក់​​នៅ The Moonflower Bungalows បច្ចុប្បន្ន​មានតម្លៃ ២០-៣០ ​ដុល្លារ​ក្នុង ​១ ​យប់ ខណៈ​កាលពី​អំឡុង​មុន​វិបត្តិ​កូ​វីដ​ ១៩ មានតម្លៃ​ជាង ៣០ ​ដុល្លារ​។​

​បុគ្គលិក​ជួរមុខ​នៃ​សណ្ឋាគារ White Boutique Hotel & Residences លោក ប៉ែល ពឿ​ន បាន​និយាយថា បើទោះបីជា​ពេលនេះ​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​កូ​វីដ​ ១៩ នៅលើ​ពិភពលោក​មាន​ភាព​ធូរស្រាល ប៉ុន្តែ​ចំនួន​អតិថិជន​ដែល​មក​ស្នាក់នៅ White Boutique Hotel & Residences គឺ​នៅមាន​ចំនួន​តិចតួច​។ ជាមួយនឹង​ព្រឹត្តិការណ៍​ខាងលើ លោក​រំពឹងថា ភ្ញៀវ​មក​ស្នាក់នៅ​សណ្ឋាគារ​នឹងមាន​ចំនួន​កាន់តែច្រើន​ឡើងវិញ ពិសេស​ភ្ញៀវ​បរទេស​។​

​លោក​និយាយថា​៖ «​ការរៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​ទាំង ២ គឺ​នឹង​ជួយ​ធ្វើឱ្យ​ភ្ញៀវ​​ទេសចរ​បរទេស​ចូលមក​កម្ពុជា​កាន់តែច្រើន ខណៈដែល​ភ្ញៀវ​បរទេស​គឺជា​ក្តី​​រំពឹង​សម្រាប់​សណ្ឋាគារ​ធំៗ​»​។​

​ទាក់ទង​នឹង​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ លោក​អះអាងថា នៅពេល​បើក​ឱ្យប្រើ​ប្រាស់​សាកល្បង ១​ ខែ​ដំបូង គឺ​សណ្ឋាគារ​របស់លោក​ទទួល​បាន​ភ្ញៀវ​ស្នាក់នៅ​ច្រើន​គួរសម ប៉ុន្តែ​នៅពេល​ផ្លូវ​នេះ​ក្រុមហ៊ុន​យកលុយ ចំនួន​អ្នក​មក​ស្នាក់នៅ​ក៏​ធ្លាក់ចុះ​ទៅវិញ​។

​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ ​២០២២ ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ទាំង​ ២ ​ខាងលើ លោក ជុក ជំនោរ ប្រធាន​នា​​យក​ដ្ឋា​ន​ជំរុញ​ផលិតផល​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍ បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៧ ខែធ្នូ ប្រតិភូ​អន្តរជាតិ​ដែល​បញ្ជាក់ ​(Confirmed) ពី​ការធ្វើ​​ដំណើរ​មក​ចូលរួម​ព្រឹត្តិការណ៍​នេះ​បាន​ឡើងដល់​ជាង ១៣០ ​នាក់​ហើយ​។​

​លោក ជំនោរ បាន​បញ្ជាក់ថា​៖ «​ការណ៍​ដែលមាន​ប្រតិភូ​អន្តរជាតិ​ចូលរួម​ច្រើនយ៉ាង​ដូច្នេះ ដោយសារ​ថ្នាក់ដឹកនាំ និង​ប្រតិភូ​តំណាង​ឆ្នេរសមុទ្រ​ទាំងនោះ​មើលឃើញ​ពី​ការខិតខំ​រៀបចំ​របស់​កម្ពុជា បូក​រួមទាំង​ស្ថានភាព​ជំងឺ​កូ​វីដ​ ១៩ នៅ​កម្ពុ​ជាមាន​ភាព​ធូរស្រាល និង​គ្រប់គ្រង​បាន​យ៉ាង​ច្បាស់លាស់​»​។​

​បើតាម​លោក ជំនោរ ប្រតិភូ​អន្តរជាតិ​ទាំងនោះ គឺ​តំណាងឱ្យ​ឆ្នេរសមុទ្រ​ចំនួន ៣៤​ ឆ្នេរ​មកពី​ប្រទេស​ចំនួន​ ២១ ជុំវិញ​ពិភពលោក​ដែលមាន​ដូចជា វៀតណាម ចិន កូរ៉េខាងត្បូង ហ្វីលីពីន អ៊ី​ស្រា​អែល ជប៉ុន តួ​ក​គី កាណាដា ព័រ​ទុយ​ហ្គា​ល់ អេ​ស្ប៉ា​ញ បារាំង ប្រេ​ស៊ី​ល ម៉ា​ទី​និក ​(​នៅ​សមុទ្រ​ការី​បង់​) ម៉ា​រ៉ុ​ក ម៉ូ​សំ​ប៊ិក សេ​ណេ​ហ្គា​ល់ និង​អង់​ហ្គោ​ឡា​។ ក្រៅពីនេះ​ក៏មាន​ប្រតិភូ​តំណាងឱ្យ​ឆ្នេរ​សង្កេត​​ការណ៍ ៣​ ទៀត គឺ​ម៉ាឡេស៊ី ហ្វាំ​ង​ឡង់ និង​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង​ ខុន លើកឡើងថា ការផ្សារភ្ជាប់​សន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​សកលលោក​ជាមួយ​ព្រឹត្តិការណ៍​បុណ្យ​​សមុទ្រ​នេះ គឺជា​ការបង្ហាញ​ទៅ​ភ្ញៀវ​អន្តរ​ជាតិ ក៏ដូចជា​ផ្សព្វផ្សាយ​ទៅ​ទីផ្សារ​ទេសចរ​ក្រៅ​ស្រុក​ឱ្យបាន​ឃើញ​ពី​ផលិតផល​ទេសចរណ៍​នៅ​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ខេត្ត​តំបន់ឆ្នេរ គឺជា​គោលដៅ​ស័ក្តិសម​បំផុត​សម្រាប់​ទទួល​វត្តមាន​ភ្ញៀវទេសចរ​នៅក្នុង​រដូវក្ដៅ​នេះ ខណៈ​កម្ពុជា​ក៏បាន​រៀបចំ​សោភណភាព​ទីក្រុង ឆ្នេរ កោះ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង ផ្លូវ​ល្បឿន​លឿន និង​សេវាកម្ម​ទេស​​ចរណ៍​រួចជាស្រេច​ក្នុងការ​ស្វាគមន៍​វត្ត​មាន​ភ្ញៀវទេសចរ​ទាំងនោះ​»៕