ភ្នំពេញៈ កម្ពុជា​ទទួលបាន​នូវ​កញ្ចប់​ហិរញ្ញប្បទាន​ចំនួន ៧៣​ ​លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB) ដើម្បី​បង្កើន​ភាព​ធន់​នឹង​អាកាសធាតុ និង​និរន្តរ​​ភាព​នៃ​ជលផល​តំបន់ឆ្នេរ និង​សមុទ្រ​នៅក្នុង​ប្រទេស​កម្ពុជា​។

​ជលផល​សមុទ្រ គឺជា​ធាតុ​ផ្សំ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា ដែល​ស្មើនឹង ៨-១០ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​របស់​ប្រទេស ហើយ​វា​មាន​ចំនួន ១៣ ​ភាគរយ​នៃ​អនុវិស័យ​ជលផល​។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ADB ខ្លួន​បានអនុម័ត​កញ្ចប់​ហិរញ្ញប្បទាន​នា​ថ្ងៃទី​ ៨ ខែធ្នូ ក្នុងនោះ​ប្រាក់កម្ចី​ចំនួន ៤១​ លាន​ដុល្លារ​ពី ADB ជា​ជំនួយឥតសំណង ចំនួន​ ២២​ លាន​ដុល្លារ​ពី​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​របស់ ADB ដែល​ផ្តល់ជំនួយ​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​កំពុងអភិវឌ្ឍន៍ ដែល​ក្រីក្រ និង​ងាយ​រងគ្រោះ​បំផុត​របស់ ADB និង​ប្រាក់កម្ចី​ចំនួន ១០ ​លាន​ដុល្លារ​ពី​មូលនិធិ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​អាស៊ាន ក្រោម​កញ្ចប់​ជំនួយ ASEANCatalytic Green Finance Facility(ACGF)​។ ទីភ្នាក់ងារ​​បារាំង​ដើម្បី​អភិវឌ្ឍន៍ ​(AgenceFrancaise de Developpement) ក៏​នឹង​ផ្តល់​ជា​សហ​ហិ​​រញ្ញ​ប្ប​ទាន​ប្រមាណ ២០ ​លាន​ដុល្លារ ដែល​នឹងត្រូវ​គ្រប់គ្រង​ដោយ ADB ផងដែរ​។​

​ធនាគារ​នេះ​លើកឡើងថា អនុវិស័យ​ជលផល​គឺជា​ធាតុ​​ផ្សំ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​ស្មើនឹង ៨​ ទៅ​ ១០​ ភាគរយ​នៃ​ផលទុនជាតិ​​សរុប​របស់​ប្រទេស​។ ជលផល​​សមុទ្រ​មាន ១៣ ភាគរយ​នៃ​អនុវិស័យ​ជលផល ប៉ុន្តែ​ការ​នេសាទ​លើស​កម្រិត ហានិភ័យ​អាកាសធាតុ និង​គ្រោះ​មហន្ត​រាយ បាន​នាំឱ្យមាន​ការថយចុះ​យ៉ាងខ្លាំង​នៃ​បរិមាណ​ត្រី ដែល​បាន​ជះឥទ្ធិពល​ដល់​សហគម​ន៍ និង​អាជីវកម្ម​នៅតាម​ឆ្នេរ​ហើយ​ធ្វើឱ្យ​តម្លៃ​ត្រី​កើនឡើង​។​

​គម្រោង​នេះ​នឹង​ពង្រឹង​វិស័យ​ជលផល​សមុទ្រ​របស់​ក​ម្ពុ​ជា និង​គាំទ្រ​ដល់​ការរួមចំណែក​របស់​វា​ដល់​បរិមាណ​ត្រី​ទូទៅ ក៏​ដូច​ជា​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​ឈូង​សមុទ្រ​ថៃ​។ វា​នឹង​ជួយ​ឱ្យ​ខេត្ត​ជាប់មាត់​សមុទ្រ​ចំនួន ៤ របស់​កម្ពុជា​គឺ កំពត កោះកុង កែប និង​ខេត្ត​ព្រះសីហនុ​ឈាន​ចេញពី​ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​វិស័យ​ជលផល លើកកម្ពស់​ការចិញ្ចឹម​ត្រី​សមុទ្រ​ដោយ​និ​​រ​ន្ត​រ​ភាព និង​លើកកម្ពស់​ទីតាំង​ប្រមូល​ផល​នេសាទ ដើម្បី​កែ​​លម្អ​សុវត្ថិភាព​អាហារ​សមុទ្រ​។ មានការ​រំពឹងទុក​ថា នៅក្រោម​គម្រោង​នេះ ជលផល​ក្បែរ​ឆ្នេរ​សមុទ្រ​ប្រហែល ៤០ ​ភាគរយ នឹង​ត្រូវបាន​បង្កើតឡើង​វិញ​ទៅជា​សហគ្រាស​ប្រកបដោយ​ផលិតភាព និង​និរន្តរភាព​។​

ADB បាន​បន្តថា​៖ «​គម្រោង​នេះ​នឹង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឯកជន​ដោយ​បើក​ឱ្យ​សហគមន៍​ឆ្នេរ និង​អាជីវកម្ម​ខ្នាតតូច ធ្វើ​ពិពិធ​កម្ម​ជីវភាព​រស់នៅ​របស់​ពួកគាត់ ទទួលយក​ការអនុវត្ត​ប្រកបដោយ​និរន្តរភាព និង​រីក​ចម្រើន​ទៅជា​សហគ្រាស​រស់​​រវើក​។ វា​ក៏​នឹង​គាំទ្រ​ទៅដល់​ការ​ពង្រឹង​សេដ្ឋកិច្ច​របស់​ស្ត្រី​តាម​រយៈ​ការបង្កើន​ការចូលរួម​របស់​ស្ត្រី​នៅក្នុង​សហគ្រាស​ខ្នាតតូច និង​មធ្យម​។ ជាទូទៅ គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អង្គការ សហគមន៍​នេសាទ​ចំនួន ២៥ និង​សមាជិក​តំបន់​ការពារ​សហគមន៍​ចំនួន​ ១៥ ដែលមាន​ជិត ២០ ០០០ ​គ្រួសារ​ក៏ដូចជា​សហគមន៍​ឆ្នេរសមុទ្រ​ទាំងមូល​ដែលមាន​ប្រជាជន​ប្រ​​ហែល ២០០ ០០០​ នាក់​»​។​

​លោក Alvin Lopez អ្នក​​ឯកទេស​ជាន់ខ្ពស់​ផ្នែក​ធនធានធម្មជាតិ និង​កសិកម្ម​នៃ ADB ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បានឱ្យដឹងថា គម្រោង​នេះ​ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​សំខាន់ៗ​មួយចំនួន​របស់​រដ្ឋា​ភិ​បាល រួមមាន​ក្របខ័ណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ជលផល​ ២០១៥-២០២៤ និង​សេចក្តី​ថ្លែង​ការ​ណ៍​របស់​រដ្ឋាភិបាល​ស្តីពី​គោល​ការណ៍​គន្លឹះ​ក្នុងការ​គ្រប់គ្រង​ជលផល​សមុទ្រ​នៅ​ប្រទេស​​កម្ពុជា ​(២០១៩)​ សម្រាប់​ការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​ធនធាន​ជលផល​សមុទ្រ​ប្រកប​​ដោយ​និរន្តរភាព​។​

​លោក Alvin បាន​ថ្លែងថា​៖ «​គម្រោង​នេះ​គឺជា​ការវិនិយោគ​ដ៏​សំខាន់​លើកដំបូង​របស់ ADB លើ​វិស័យ​ជលផល​សមុទ្រ ហើយក៏​ជា​ជំហាន​ដ៏​សំខាន់​នៃ​ផែនការ​សកម្មភាព សម្រាប់​មហាសមុទ្រ​ប្រកបដោយ​ផា​​សុកភាព និង​សេដ្ឋកិច្ច​ពណ៌​ខៀវ​ប្រកបដោយ​និរន្តរភាព​»​។​

​របាយការណ៍​ក្រសួងកសិកម្ម​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២១ ជល​ផល​សមុទ្រ​មាន ១២៥ ០០០ តោន ស្មើនឹង ៩៦,១៥ ភាគរយ​នៃ​ផែនការ​ចំនួន ១៣០,០០០ តោន​។ ចំនួន​នេះ កើនឡើង ២៣ ០០០​ តោន​បើ​ធៀប​នឹង​ឆ្នាំ ​២០២០៕