ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា មាន​សុទិដ្ឋិនិយម​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​សាធារណរដ្ឋ​កូរ៉េ​ ​(CKFTA) ដែល​បាន​ចូល​ជា​ធរមាន កាល​​ពីថ្ងៃ​ទី​ ១ ខែធ្នូ ឆ្នាំ​ ២០២២ នឹង​ពង្រឹង​ថែមទៀត​នូវ​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​សេដ្ឋកិច្ច​ទ្វេភាគី​ដ៏​ល្អ​ក្នុងពេល​បច្ចុប្បន្ន ជាពិសេស​លើ​វិស័យ​ពាណិជ្ជ​កម្ម និង​ការវិនិយោគ​។​

​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​​ការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ បានលើកឡើង​ក្នុងពេល​ជួប​សម្តែង​ការគួរសម និង​ជម្រាបលា​របស់លោក​ឯក​អគ្គរដ្ឋទូត​កូរ៉េ កាលពី​ថ្ងៃទី ​៧ ខែធ្នូ ឆ្នាំ​ ២០២២​។​

​លោក ប្រាក់ សុខុន បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​របស់​ភាគី​ទាំង​ ២ លើ​វិស័យសេដ្ឋកិច្ច តាមរយៈ​ការ​កើន​ឡើង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី រំហូរ​នៃ​ការវិនិយោគ​របស់​កូរ៉េ​នៅ​កម្ពុជា វត្តមាន​របស់​ក្រុមហ៊ុន​កូរ៉េ​ល្បីៗ ការកើនឡើង​នៃ​ការនាំចេញ​ផ្លែស្វាយ​របស់​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ និង​ជំនួយ​របស់​កូរ៉េ​ក្នុង​វិស័យ​សុខាភិបាល ជាដើម​។

​លោក​ឯកអគ្គរដ្ឋទូត PARK Heung-kyeong បាន​អបអរសាទរ​ចំពោះ​ការ​ដឹកនាំ​អាស៊ាន​ប្រកបដោយ​ជោគជ័យ​របស់​កម្ពុជា និង​បាន​កោតសរសើរ​ការ​​ដឹកនាំ និង​ការរៀបចំ​របស់​កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​កន្លងមក​។​

​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​នៅ​ខាងក្រៅ​ជំនួប​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​កាល​ពី​ខែវិច្ឆិកា​កន្លងទៅ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក Yoon Suk Yeol បាន​សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​សេដ្ឋ​កិច្ច និង​ការកើនឡើង​នៃ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​។​

​លោក​ឱ្យដឹងថា CKFTA នឹង​ផ្តល់​ការ​​ជំរុញ​បន្ថែមទៀត​ដល់​ទំហំ​ពាណិជ្ជកម្ម ជាពិសេស​ការជំរុញ​ការវិនិយោគ​របស់​កូរ៉េខាងត្បូង​នៅ​កម្ពុជា​។​

​ក្នុងជំនួប​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានកត់សម្គាល់​ពី​ការ​កើន​​ឡើង​នៃ​ការវិនិយោគ​របស់​កូរ៉េ​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​ ២ ក្នុងចំណោម​ដៃគូ​វិ​និ​​យោគ​សំខាន់ៗ​របស់​កម្ពុជា​។​

​លោក ហ៊ុន សែន ក៏បាន​ស្នើឱ្យ​លោក Yoon ជួយ​លើកទឹកចិត្ត​វិនិយោគិន​កូរ៉េ​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​ថែមទៀត​បន្ទាប់ពី CKFTA ចូល​ជា​ធរមាន​។​

​កិច្ចព្រមព្រៀង CKFTA ត្រូវបាន​ផ្តួច​​ផ្តើម​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ របស់លោក Moon Jaein អតីត​​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែល​មក​កម្ពុជា កាលពី​ខែមីនា ឆ្នាំ​ ២០១៩​។​

​កិច្ចព្រមព្រៀង CKFTA ត្រូវបាន​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ២១ ខែតុលា ឆ្នាំ ២០២១ ហើយ​កិច្ចព្រមព្រៀង​នេះ​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​ ១ ខែធ្នូ ឆ្នាំ ២០២២ កន្លងមក​ថ្មីៗ​នេះ​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​​ពាណិជ្ជកម្ម ក្នុង​រយៈពេល ៩ ​ខែ​នៃ​ឆ្នាំ ២០២២ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង មានតម្លៃ​ជាង ៦០០​ លាន​ដុល្លារ​។ ទំហំ​ពាណិជ្ជ​កម្មនេះ​បាន​កើនឡើង ៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំ ​២០២១​។​

​របាយការណ៍​ឱ្យដឹងទៀតថា កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ ១៧៥ លាន​ដុល្លារ ទៅ​កូរ៉េខាងត្បូង កើនឡើង ២១ ភាគរយ និង​ទំនិញ​នាំចូល​ពី​កូរ៉េ​​ខាងត្បូង មានតម្លៃ ៤២៦ ​លាន​ដុល្លារ ធ្លាក់ចុះ ៣​ ភាគរយ​៕