ភ្នំពេញ៖ កម្ពុជា-ចក្រភព​អង់គ្លេស គ្រោង​នឹង​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស ស្តីពី​ការ​បង្កើត​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ​រួមគ្នា នាពេល​ខាងមុខ ដើម្បី​ជំរុញ​ការ​ដោះដូរ​ទំនិញ និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង ២ ឱ្យ​កាន់​តែ​មាន​កំណើន​បន្ថែម​ទៀត។

ផែនការ​នៃ​ការ​ចុះ MoU នេះ​ត្រូវ​បាន​លើកឡើង​ក្នុង​កិច្ច​ប្រជុំ រវាង​លោក ថុល ណារ៉ា អគ្គនាយករង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​គណៈប្រតិភូ​ចក្រភព​អង់គ្លេស​ដែល​ដឹកនាំ​ដោយ​លោក ស្ទូវើត ក្លេតុន (Stewart Clayton) ប្រធាន​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា អម​ដោយ​កញ្ញា ព្រីយ៉ា សូនី (Priya Soni) មន្រ្តី​ទទួល​បន្ទុក​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង កម្ពុជា-ចក្រភព​អង់គ្លេស និង​លោក អ៊ែន ហ្វ្រេនកែល (Iain Frenkiel) មន្រ្តី​ទទួល​បន្ទុក​បើក​ច្រក​ទីផ្សារ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ទីស្តីការ​ក្រសួង កាល​ពីថ្ងៃ​ទី៨ ខែ​ធ្នូ កន្លងមក។

លោក ថុល ណារ៉ា បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល អង់គ្លេស សម្រាប់​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច រួមមាន កម្ពុជា​ផងដែរ ដែល​បាន​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា និង​បាន​ស្នើសុំ​ឱ្យ​មាន​ការ​ជួយ​គាំទ្រ​ដល់​កម្ពុជា​បន្ថែមក្នុង​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​នឹង​ចាកចេញ​ពី​ក្របខ័ណ្ឌ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នាពេល​ខាង​មុខ។

លោក​បាន​ថ្លែង​ថា៖ «ដើម្បី​ចាប់​យក​កាលានុវត្តភាព​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​នា​ពេល​អនាគត ជាពិសេស លើ​ការ​ជំរុញ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង២ កិច្ចប្រជុំ​ក៏​បាន​ពិភាក្សា និង​ពិនិត្យ​លទ្ធភាព​រៀបចំ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស ស្តីពី​ការ​បង្កើត​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ​រួមគ្នា​នា​ពេល​ខាងមុខ ដែល​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ នឹង​ក្លាយ​ជា​ឧបករណ៍​សម្រាប់​តភ្ជាប់​ទំនាក់ទំនង វឌ្ឍនភាព​កិច្ច​សហប្រតិបត្តិការ និង​ចែក​រំលែក​នូវ​កាលានុវត្តភាព​នានា រវាង​ដៃគូ​ធុរកិច្ច​នៃប្រទេស​ទាំង​២»។

លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា ក្រសួង​ពាណិជ្ជកម្ម បាន​និង​កំពុង​អនុវត្ត​ក្នុង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ទិសដៅ​អាទិភាព​ពាណិជ្ជកម្ម​កម្ពុជា ក្នុង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ចូលទៅ​ក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភព​លោក និង​ការ​ធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំចេញ​ឱ្យ​កាន់​តែ​ធំ​ទូលាយ​ថែម​ទៀត ព្រម​ទាំង​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​កសាង​មូលដ្ឋាន​គ្រឹះ​រឹងមាំ​សម្រាប់​កំណើន​ពិពិធកម្ម និង​ភាព​ប្រកួត​ប្រជែង សំដៅ​ស្តារ​ឡើងវិញ និង​បង្កើន​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺរាតត្បាត​សកល​កូវីដ១៩។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ចក្រភព​អង់គ្លេស គឺជា​ទីផ្សារ​ធំ ​ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា ​មាន​ដូចជា ផលិតផល​វាយ​ន​ភណ្ឌ កង់ និង​ក​សិ​​ផល​មួយចំនួន​។ GSP ដែល​ចក្រភព​អង់គ្លេស​ផ្តល់ឱ្យ​កម្ពុជា អាចជា​ផ្នែក​មួយ​នៃ​ការ​ប៉ះប៉ូវ​ពី​ការបាត់បង់ EBA ចំនួន ២០​ភាគរយ ​របស់​សហគម​ន៍​អឺរ៉ុប​ដែល​ផ្តល់ឱ្យ​កម្ពុជា​។​

លោក​លើកឡើងថា​៖ «​ដោយសារ​កម្ពុជា​ទទួល​បាន GSP ពី​អង់គ្លេស ហើយ​អង់គ្លេស​មាន​កិច្ចព្រមព្រៀង​ផ្នែក​ពាណិជ្ជកម្ម​មួយ​ចំនួន ​ជាមួយ​សហភាព​អឺរ៉ុប ដូច្នេះ​តាម​រយៈ​នេះ ​ទំនិញ​កម្ពុជា​ក៏បាន​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​តាមរយៈ​អង់គ្លេស​ផងដែរ»។

បើ​យោង​តាម​តួលេខ​ពី​ក្រសួង​ពាណិជ្ជកម្ម ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង កម្ពុជា-ចក្រភពអង់គ្លេស ក្នុង​រយៈពេល ១១​ខែ នៃ​ឆ្នាំ ២០២២ សម្រេច​បាន​ប្រមាណ ៨៣៧.៦៦​លាន ដុល្លារអាមេរិក ជាមួយ​នឹង​កំណើន​ប្រមាណ​ជិត ៧% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១៕