
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញប្រជាកសិករឱ្យបង្កើនការផលិតក្នុងស្រុកកាន់តែច្រើន ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរបរទេស ក៏ដូចជាកាត់បន្ថយការនាំចូលផលិតផលចំណីអាហារពីក្រៅប្រទេសមកផ្គត់ផ្គង់តម្រូវការរបស់ភ្ញៀវអន្តរជាតិ។
ថ្លែងក្នុងពេលបើកពិធីបុណ្យសមុទ្រ លើកទី ៩ ជុំទី ៣ ដែលធ្វើឡើងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី ១០ ខែធ្នូ លោក ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលបានចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង»ដែលវិស័យនេះបានរួមចំណែកយ៉ាងច្រើននៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលដោយផ្ទាល់ និងប្រយោល,ជំរុញការនាំចេញនៅនឹងកន្លែង, បង្កើនចំណូលជាតិ, ទ្រទ្រង់កំណើនសេដ្ឋកិច្ច, ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ជាពិសេសរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ «កម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០» និង «ជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ ២០៥០»។
លោកបន្តថា ដើម្បីឱ្យវិស័យទេសចរណ៍រីកចម្រើន គឺកម្ពុជាចាំបាច់ត្រូវតែជំរុញការផលិតក្នុងស្រុកឱ្យកាត់តែ រឹងមាំថែមទៀតដើម្បីធានាបាននូវការផ្គត់ផ្គង់ដល់ទេសចរដែលជាទិសដៅ «នាំចេញនៅនឹងកន្លែង»។ ក្នុងករណីនេះគឺប្រជាពលរដ្ឋមានឱកាសច្រើនណាស់ ដើម្បីបំពេញតម្រូវការរបស់ទេសចរអន្តរជាតិដែលកំពុងត្រឡប់មកកម្ពុជាវិញជាបណ្តើរៗរួមជាមួយទេសចរក្នុងស្រុករាប់លាននាក់។
លោកថ្លែងថា៖ «ចំណុចនេះខ្ញុំនៅតែទទូចថា យើងត្រូវតែជំរុញការនាំចេញនៅនឹងកន្លែង។ ការនាំចេញ គឺមិនសំដៅតែលើការនាំចេញឆ្លងព្រំដែនទៅប្រទេសក្រៅទេ ដោយប្រជាកសិករអាចដាំដុះ ចិញ្ចឹមសត្វ ហើយនាំចូលទៅសណ្ឋាគារឱ្យភ្ញៀវទេសចរបរទេសទទួលទាន គឺចាត់ទុកថាជាផ្នែកមួយនៃការនាំចេញនៅនឹងកន្លែង»។
លោកបន្តថា៖ «ឥឡូវខ្ញុំអំពាវនាវឱ្យវិស័យទេសចរណ៍ទាំងមូលក្លាយជាទីផ្សាររបស់កសិករ និងអ្នកផលិត អ្នកចិញ្ចឹម ដែលចំណុចនេះសំខាន់ណាស់ គឺពេលនេះខុសពីពេលមុនដែលជារៀងរាល់ថ្ងៃប្រជាជនស្រែករកទីផ្សារ។ យើងធ្វើបែបនេះ គឺចៀសវាងការដែលយើងទទួលបានភ្ញៀវទេសចរ ប៉ុន្តែផ្ទុយទៅវិញយើងរកប្រាក់យ៉ាងច្រើនទៅទិញរបស់របរ (ពីបរទេស) ដើម្បីផ្គត់ផ្គង់ទេសចរក្នុងស្រុក»។
បន្ថែមពីលើនេះ លោក ហ៊ុន សែន ក៏ស្នើឱ្យក្រសួងទេសចរណ៍រៀបចំផែនការមួយជាមួយក្រសួងកសិកម្ម ក៏ដូចជាផ្នែកផលិតផ្សេងៗទៀតធ្វើឱ្យទេសចរណ៍ក្លាយទៅជាទីផ្សាររបស់កសិករ របស់អ្នកផលិត ដើម្បីជំរុញការផលិតកាន់តែច្រើន។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចំណីអាហារគឺជាផ្នែកដ៏សំខាន់នៅក្នុងវិស័យទេសចរណ៍ ព្រោះបើមិនមានអាហារគុណភាព និងអនាម័យល្អ និងឆ្លើយតបតម្រូវការរបស់ភ្ញៀវ គេក៏ពិបាកនឹងធ្វើដំណើរមកកម្ពុជា។
បច្ចុប្បន្នកម្ពុជាមានគ្រឿងផ្សំ និងចុងភៅជំនាញជាច្រើនដែលអាចចម្អិនអាហារទៅតាមការចង់បានរបស់ភ្ញៀវគ្រប់ជាតិសាសន៍ ដោយរួមទាំងអាហារហាឡាល់ផងដែរ។ អាហារដែលផ្សំឡើងពីបន្លែ និងសាច់គ្មានជាតិគីមី ឬវត្ថុធាតុច្បាប់ហាមឃាត់ គឺជាចំណុចសំខាន់ដែលត្រូវតែយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់។
លោកស្រីអះអាងថា៖ «នៅពេលកសិផលរបស់កសិករត្រូវបានយកមកប្រើប្រាស់ក្នុងការចម្អិនអាហារសម្រាប់ភ្ញៀវកាន់តែច្រើន វាមិនត្រឹមតែជួយឱ្យប្រជាកសិករទទួលបានចំណូលកាន់តែច្រើន និងមានទីផ្សារធំជាងមុនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចធ្វើឱ្យកម្រិតនៃគុណភាពបន្លែសាច់ផលិតក្នុងស្រុកកាន់តែល្អជាងមុនផងដែរ»។
ទាក់ទងនឹងពិធីបុណ្យសមុទ្រ ដែលធ្វើចាប់ពីថ្ងៃទី ៩ ដល់ ១១ ខែធ្នូ ឆ្នាំ ២០២២ លោក ហ៊ុន សែន លើកឡើងថា ឆ្នេរសមុទ្រដ៏ស្អាតនេះ គឺបានបំពេញបន្ថែមទៅឱ្យប្រាង្គប្រាសាទរាប់ពាន់ដែលដូនតាបានបន្សល់ទុក។ ក្រៅពីតំបន់ឆ្នេរ កម្ពុជាក៏មានតំបន់ទេសចរណ៍ជាច្រើន ដូចជានៅភូមិភាគឦសាន និងនៅផ្នែកដទៃទៀត ក៏បាននិងកំពុងកើតឡើងយ៉ាងច្រើន។
បុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងក្នុងឆ្នាំ ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជាបានចូលជាសមាជិកក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតនៅលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍នៃការឆ្លាស់វេននៅខេត្តតំបន់ឆ្នេរទាំង ៤ (ព្រះសីហនុ កោះកុង កំពត កែប) ក្នុងគោលបំណងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញការយកចិត្តទុកដាក់កាន់តែខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជន និងប្រជាពលរដ្ឋមូលដ្ឋានក្នុងការអភិរក្ស និងថែរក្សាធនធានធម្មជាតិ និងវប្បធម៌នៅតំបន់ឆ្នេរសមុទ្រ។ បុណ្យសមុទ្រ ត្រូវបានខកខានអស់រយៈពេល ២ ឆ្នាំ គឺឆ្នាំ ២០២០ និង ២០២១ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ ១៩៕