ភ្នំពេញៈ អ្នក​នៅក្នុង​ឧស្សាហ​កម្ម​ទេសចរណ៍​កម្ពុជា​បាន​ស្វា​​គម​ន៍​ចំពោះ​ក្រុមហ៊ុន​អាកាស​​ចរណ៍​តម្លៃ​ទាប​ដែល​ទើប​បង្កើត​ថ្មី​គឺ AirAsia នៅ​កម្ពុជា ដើម្បី​បម្រើការ​ត្រឡប់មកវិញ​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​។​

​ការស្វាគមន៍​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia Aviation Group Limited (AAAGL)​​ ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់ Capital A Berhad កាលពី​ថ្ងៃទី​​ ៩ ខែធ្នូ បាន​ចុះ​​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចូល​ហ៊ុន​គ្នា​ (JV) ជាមួយ​ក្រុម​​ហ៊ុន Sivilai Asia ដើម្បី​បង្កើត​ក្រុមហ៊ុន AirAsia Cambodia ដែលជា​ក្រុមហ៊ុន​អាកាស​ចរណ៍​តម្លៃ​ទាប​ថ្មី​នៅ​កម្ពុជា​។ ការវិនិយោគ​រួមគ្នា​នេះ​ត្រូវបាន​រំពឹងថា​នឹង​ចាប់ផ្តើម​ប្រតិបត្តិ​ការ​នៅ​ចុងឆ្នាំ​​ ២០២៣​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន AAAGL ដំណើរការ​ទៅកាន់​ទីផ្សារ​ដែលមាន​ស្រាប់​ផ្សេងៗ​ទៀត​។ ក្រុម​ហ៊ុន AirAsia Cambodia មាន​គោលបំណង​ជំរុញ​បន្ថែមទៀត​នូវ​ឧស្សាហកម្ម​អាកាសចរណ៍ និង​ទេសចរណ៍​នៅ​កម្ពុជា​។​

​ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ ខែធ្នូ ថា ខណៈ​សេដ្ឋកិច្ចពិភពលោក និង​តំបន់​កំពុង​ខិតខំ​ស្តារឡើងវិញ​ពី​ផលប៉ះពាល់​នៃ​កូ​វីដ​ ១៩ និង​ការឈាន​ទៅមុខ​នៃ​ការប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ ការ​ដែលមាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ក្នុងស្រុក​បន្ថែម គឺ​នឹង​ដើរតួនាទី​ដ៏​សំខាន់​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យបាន​ច្រើន​សម្រាប់​ការ​ងើបឡើង​វិញ​នៃ​ឧស្សាហ​​កម្ម​ទេសចរណ៍​។​

​លោក ស៊ីណាន និយាយថា​៖ «​ខ្ញុំ​អាច​និយាយបានថា ហេតុ​​អ្វី​បានជា​ប្រទេសជិតខាង​របស់​យើង​ដូចជា វៀតណាម​គេ​តែង​តែ​ទទួលបាន​ជោគជ័យ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន គឺ​ដោយសារ​ពួកគេ​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​តម្លៃ​ទាប​ច្រើន​សម្រាប់​បម្រើភ្ញៀវ​ទេសច​រ​។ ដូច្នេះ នៅពេល​យើង​មាន​ក្រុមហ៊ុន AirAsia ដែលជា​ក្រុមហ៊ុន​មួយ​មានកេរ្តិ៍ឈ្មោះ​ខ្លាំង​នៅក្នុង​តំបន់ វា​នឹង​ល្អ​ខ្លាំង​សម្រាប់​ឧស្សាហ​កម្ម​ទេសចរណ៍​របស់​យើង​»​។​

​លោក Tony Fernandes នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Capital A បានឱ្យដឹង​ក្នុង​ពិធី​ចុះហត្ថលេខា​ថា Capital A នឹង​បន្ត​ផ្តោតលើ​អាស៊ាន​ហើយ​កម្ពុជា​ជា​ប្រទេស​អាស៊ាន​ទី​ ៥ ដែល​ឈានមុខ​គេ​ទាំង​ការដឹក​ភ្ញៀវ និង​ទំនិញ ក្នុង​តំបន់ និង​ផ្តល់​ជា​ចំណុច​ស្នូល​នៃ​កំណើនសេដ្ឋកិច្ច​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។​

​លោក​ថ្លែងថា​៖ «​ឆ្នាំ​ ២០២២ គឺជា​ការចាប់ផ្ដើម​ក្រុមហ៊ុន​អា​កាស​ចរណ៍​របស់​យើង​ឡើងវិញ​ទៅកាន់​កម្រិត​ដូច​មុនពេល​មាន​កូ​វីដ​ ១៩​។ ដោយសារ​កម្ពុជា​ជាទី​ផ្សារ​ដែល​យើង​ដឹង​ច្បាស់ និង​ជា​កន្លែង​ដែល​យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីជម្រៅ រួចហើយ ដូច្នេះ​យើង​នឹង​ត​ភ្ជាប់​បណ្តាញ​ដ៏​ធំ​របស់​យើង​ទៅកាន់​គោលដៅ​សំខាន់ៗ​របស់​កម្ពុជា គឺ​រាជធានី​ភ្នំពេញ សៀម​​រាប និង​ខេត្ត​ព្រះសីហនុ​»​។​

​នាយក​នៃ​ក្រុមហ៊ុន Sivilai Asia លោក Vissoth Nam ឱ្យដឹងថា កម្ពុជា​ជា​ប្រទេស​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​ដែល​បើក​ការធ្វើដំណើរ​ជា​អន្តរជាតិ​ដោយ​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​​ស័ក​តាំងពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ មក​ម្ល៉េះ ដោយ​កម្ពុជា​បាន​ដឹក​នាំ​ផ្លូវ​ក្នុងការ​ធ្វើដំណើរ​ឡើងវិញ​តាម​អាកាស​របស់​អាស៊ាន​ក្រោយ​ជំងឺ​កូ​វីដ​។​

AAAGL ដំណើរការ​ផ្លូវ​ចំនួន​​ ៥ មក​កម្ពុជា ពី​គូ​ឡា​ឡាំ​ពួរ​ទៅកាន់​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​, ពី​ទីក្រុង​ប៉េ​ណាំង​ទៅ​ភ្នំពេញ​ (​ចាប់ផ្តើម​ថ្ងៃទី​ ៣ ខែ​​មករា ឆ្នាំ​ ២០២៣) ព្រមទាំង​ពី​បាងកក​ (​ដុន​មឿង​) ទៅ​ខេត្ត​សៀមរាប និង​ភ្នំពេញ​។ ក្រុមហ៊ុន​បានចាប់ផ្តើម​ចូល​ទីផ្សារ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០០៥ ហើយ​ក្រុមហ៊ុន AirAsia បាន​ដឹក​ភ្ញៀវ​ចូលមក​កម្ពុ​ជាជាង ១០​ លាន​នាក់​មកហើយ​៕