ភ្នំពេញៈ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ ​(SERC) និង​ក្រុមហ៊ុន Cambo Trust បាន​ចុះ​អនុ​ស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ដើម្បី​លើកកម្ពស់​ការ​​អនុវត្ត​បរិស្ថាន​សាកល្បង​បច្ចេក​​វិទ្យា​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​មូល​ប​ត្រ តាមរយៈ​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​ជំនាញ និង​សិក្សា​ពី​លទ្ធ​​ភាព​អភិវឌ្ឍ​តំបន់​សាកល្បង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​សម្រាប់​ធុរកិច្ច​ក្នុង​វិស័យ​មូល​ប​ត្រ​។​

​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ៨ ខែធ្នូ រវាង​លោក ស៊ូ​ សុជាតិ អគ្គនាយក SERC និង​លោកស្រី ចាន់ សុ​ភី អគ្គ​នា​យិ​កា​ក្រុមហ៊ុន Cambo Trust​។​

​លោក ស៊ូ សុជាតិ បាន​ប្រាប់ថា ការអភិវឌ្ឍ​វិស័យ​មូល​ប​ត្រ គឺជា​គោលដៅ​យុទ្ធសាស្ត្រ​មួយ​នៃ​វិស័យ​ហិរញ្ញវត្ថុ ដែល​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល ដូចដែល​បានកំណត់​ក្នុង «​យុទ្ធសាស្ត្រ​អភិ​​វឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ២០១៦-២០២៥»​។​

​លោក​ពន្យល់ថា ដើម្បី​ធ្វើឱ្យ​វិស័យ​មូល​ប​ត្រ​កាន់តែ​រឹងមាំ​រីក​​ចម្រើន ការធ្វើ​ពិពិធ​កម្ម​ផលិត​ផល និង​ទីផ្សារ​មូល​ប​ត្រ គឺជា​កត្តាចាំបាច់​ដែល SERC តែង​យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​ឆ្លើយ​​តប​នឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ SERC កំពុង​បោះជំហាន​មួយ​បន្ថែមទៀត​ដើម្បី​ប្រើប្រាស់ FinTech ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ និង​សេដ្ឋកិច្ច​ស្របតាម​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០២១-២០៣៥​របស់​រដ្ឋាភិបាល​។​

​លោក​បាន​ថ្លែងថា​៖ «​ការចុះ MoU ជាមួយ Cambo Trust គឺជា​សកម្មភាព​មួយ​ផ្សេងទៀត​ក្នុង​គោលបំណង​ពង្រឹង​ការ​អនុ​​វត្ត​កម្មវិធី​ការអនុវត្ត​បរិស្ថាន​សាកល្បង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក្នុង​វិស័យ​មូល​ប​ត្រ តាមរយៈ​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​របស់ SERC និង​សិក្សា​រួមគ្នា​ពី​លទ្ធ​ភាព​ការអភិវឌ្ឍ​បទ​ប្បញ្ញត្តិ​បរិ​ស្ថាន​សាកល្បង​បច្ចេកវិទ្យា​ហិ​រញ្ញ​វត្ថុ​សម្រាប់​អាជីវកម្ម​នានា​នៃ​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​»​។​

​លោក​បន្តថា​៖ «​ការណ៍​នេះ​នឹង​ក្លាយជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុងការ​ចូលរួមចំណែក​ក្នុងការ​​ប្រើប្រាស់ FinTech សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​។ ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​នៃ​ការ​​សិក្សា​ពី​លទ្ធភាព​នៃ​ការអភិវឌ្ឍ Sandbox និយតកម្ម Fintech សម្រាប់​អាជីវកម្ម​មូល​ប​ត្រ មិនមែន​សម្រាប់​ការបង្កើត ឬ​បើក​ដំណើរការ​ផលិតផល​ថ្មី ឬ​តំបន់ Sandbox អ្វី​នោះទេ​»​។​

​លោក Kim Jinseok ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន ​Cambo Trust បាន​និយាយថា ជាមួយ MoU នេះ Cambo Trust នឹង​ចាប់ផ្តើម​ការសិក្សា​លទ្ធភាព​លើ ​(​ការអភិវឌ្ឍ​) Fintech regulatory sandbox zone សម្រាប់​អាជីវកម្ម​មូល​ប​ត្រ​។​

​លោក​ប្រាប់ថា​៖ «​យើង​ចង់ឱ្យ​ទីផ្សារ​កម្ពុជា​ត្រូវ​បានដាក់​នៅក្នុង​ផលប​ត្រ​នៃ​អ្នកលេង​ហិរញ្ញវត្ថុ​សកលលោក មិន​ត្រឹមតែ​ក្នុងការ​គ្រប់គ្រង​មូលនិធិ​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​​ទាំង​ក្នុង​ប្រតិបត្តិការ​ជាក់ស្តែង​រប​ស់​ពួកគេ​សម្រាប់​ទីផ្សារ​ទូ​ទាំង​ពិភពលោក​ផងដែរ​។ នេះ​គឺជា​ចំណុច​ចាប់ផ្ដើម​»​។​

​លោក​អះអាងថា​៖ «​ទីផ្សារ​ភាគហ៊ុន​បាន​ស្ថិតនៅក្នុង​ភាព​ចលាចល​ដ៏​ធំ​នេះ ប៉ុន្តែ​វា​គឺជា​ឱកាស​ដ៏​ល្អ​បំផុត​ដែល​ត្រូវបាន​កំណត់​អំពី​ភាព​ឥតខ្ចោះ​របស់​វា​។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​យើង​អាច​សម្រេចបាន​ទៅតាម​ផែនការ ។ យើង​កំពុង​ពិភាក្សា​ជាមួយ​វិនិយោគិន​អន្តរជាតិ​ធំៗ​ក្នុង​វិស័យ​ពាក់ព័ន្ធ ដូច្នេះ​យើង​សង្ឃឹមថា វា​នឹង​ចេញ​ជា​រូបរាង​ក្នុងពេល​ឆាប់ៗ​នេះ​»​។​

​លោក ស៊ូ សុជាតិ បាន​លើក​ឡើង​ទៀតថា បន្ទាប់ពី​ចេញ​សេចក្តីណែនាំ​ស្តី​ពីបទ​ប្បញ្ញត្តិ FinTech Sandbox ក្នុង​វិស័យ​មូល​ប​ត្រ SERC បានទទួល​បេក្ខភាព​ចំនួន ៨ ​នាក់​ដែល​កំពុង​ដាក់ពាក្យ​សុំចូល​រួម​នៃ​បទ​ប្បញ្ញត្តិ ដើម្បី​សាកល្បង​ផលិតផល និង​សេវាកម្ម​ហិរញ្ញ​​វត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​ពួកគេ​៕