
គង់ វិបុល អគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ។ ហេង ជីវ័ន
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានរកចំណូលបានជាង ១០០ លានដុល្លារអាមេរិក ពីពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅក្នុងឆ្នាំ ២០២២ ស្មើនឹង ១២៣% នៃផែនការ ឆ្លុះបញ្ចាំងអំពីការប្រសិទ្ធភាពនៃការធ្វើទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្កភាពងាយស្រួលដល់អ្នកបង់ពន្ធ។ នេះបើយោងតាមការថ្លែងអះអាងរបស់លោក គង់ វិបុល អគ្គនាយក GDT។
លោក គង់ វិបុល បានថ្លែងបែបនេះក្នុងកម្មវិធីវិបស្សនាស្តីពី «វឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់ផ្តល់សេវាតាម អនឡាញ (e-Tax Services) របស់អគ្គនាយកដ្ឋានពន្ធដារ» សម្រាប់បណ្តាសហគ្រាស ឬសាធារណជន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។
លោកបានថ្លែងបញ្ជាក់ថា ការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងឆ្នាំ២០២១ មានការកើនឡើង ហើយនៅក្នុងឆ្នាំនេះ ដោយសម្រេចបាន១២៣ភាគរយ នៃផែនការស្មើប្រហែលជាង ១០០លានដុល្លារ។
លោក គង់ វិបុល បានឲ្យដឹងថា៖« ចំណូលពន្ធមធ្យោបាយនេះមានការកើនឡើង និងប្រមូលបានលើសផែនការ ដោយសារវិធានការប្រមូល តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេសអគ្គនាយកដ្ឋាន បានបង្កើតនូវកម្មវិធី GDT Taxpayer App សម្រាប់បង់ពន្ធ»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភា បាននិយាយថា ការភ្ញាក់រឭករបស់អ្នកជាប់ពន្ធលើកាតព្វកិច្ចពន្ធ និងតម្លាភាពក្នុងការបង់ពន្ធបានចូលរួមចំណែកធ្វើឱ្យមានការបន្តកើនឡើងចំណូលពន្ធរបស់កម្ពុជា។
លោកបានបញ្ជាក់ទៀតថា៖« យើងសង្កេតឃើញអំពីការបន្តកំណែទម្រង់ស៊ីជម្រៅនៅអគ្គនាយកដ្ឋានពន្ធដារ បន្តធ្វើទំនើបកម្ម ដើម្បីគ្រប់គ្រងការប្រមូលពន្ធបន្ថែម និងផ្តល់សេវាឱ្យបានល្អដល់អ្នកជាប់ពន្ធ»។
បើយោងតាមលោក វិបុល កម្មវិធី GDT Taxpayer App គឺសម្រួលដល់ម្ចាស់យានយន្ដ ដែលត្រូវបង់ពន្ធប្រចាំឆ្នាំ មិនចាំបាច់ទៅធនាគារ និងអង្គភាពពន្ធដារ ដើម្បីបង់ពន្ធនោះទេ គឺអាចបង់តាមរយៈពេល App នេះ និងមានការដឹកជញ្ជូនសលាកបត្រពន្ធ ដល់ផ្ទះទៀតផង។ លោកថា កម្មវិធី GDT Taxpayer App មានការកើនឡើងជាលំដាប់ ដោយសារតែមានកំណើនប្រើប្រាស់ នៃការបង់ពន្ធ តាមរយៈពេល App នេះ មានជាង៥០% បើធៀបនឹងឆ្នាំកន្លងទៅ។
លោក គង់ វិបុល បានព្រមានថា ចាប់ពីខែមករា ឆ្នាំ ២០២៣ គឺមានការត្រួតពិនិត្យនៅតាមដងផ្លូវ គ្រប់រាជធានី-ខេត្តទាំងអស់ ចំពោះអ្នកដែលមិនបានបង់ពន្ធ លើមធ្យោបាយធ្វើដំណើរ ខណៈការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ បានបញ្ចប់តាំងពីចុងខែវិច្ឆិកា កន្លងមកនេះ។
បើយោងតាមលោក វិបុល គិតត្រឹមដំណាច់ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ GDT បានធ្វើការកៀរគរចំណូលពន្ធជាង២ ៩០០ លានដុល្លារកើន២៦ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នា ដោយការប្រមូលពន្ធនេះសម្រេចបានជាង១០៤ភាគរយនៃផែនការដែលរដ្ឋាភិបាលបានកំណត់សម្រាប់ឆ្នាំ ២០២២ នេះ៕