ភ្នំពេញៈ ភ្ញៀវទេសចរ​ជាតិ​​អន្តរជាតិ និង​គណៈប្រតិភូ​អន្តរ​ជាតិប្រមាណ​ជាង ៧១​ ​ម៉ឺន​នាក់​បានធ្វើ​ដំណើរ​មក​ទ​ស្សនា​ខេត្ត​ព្រះសីហនុ​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ​(​ថ្ងៃទី ​៩-១១ ខែធ្នូ​)​នៃ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​​ទី​ ៩ ជុំ​ទី​ ៣ ដែល​នេះ​ជា​សញ្ញា​ល្អ​នៃ​ការស្តារ​វិស័យ​ទេសចរ​​ណ៍​ឡើងវិញ​ពី​វិបត្តិ​កូ​វីដ ​១៩​។ នេះ​បើតាម​លោក តាំង សុចិត្រ​​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរ​​ណ៍​ខេត្ត​ព្រះសីហនុ​។​

​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ត្រូវ​រៀបចំ​នៅ​ក្រុងព្រះសីហនុ ពីថ្ងៃ​ទី​ ៩-១១ ខែធ្នូ ឆ្នាំ​ ២០២២ អម​ជាមួយនឹង​ការធ្វើជា​ម្ចាស់​​ផ្ទះ​រៀបចំ​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើស​កល​លោក ចាប់ពី​ថ្ងៃទី​ ៩-១៤ ខែធ្នូ ក្រោម​ប្រធានបទ «​ឆ្នេរ​នៃ​សន្តិ​ភាព ឆ្នេរ​នៃ​ក្ដីសង្ឃឹម​»​។​

បុណ្យ​សមុទ្រ ត្រូវបាន​រៀបចំ​ដោយ​ឈរលើ​គោលការណ៍​នៃ​ការ​ឆ្លាស់​វេន​គ្នា​នៅ​ខេត្ត​តំបន់ឆ្នេរ​ទាំង​ ៤ (​ព្រះសីហនុ កោះកុង កំពត កែប​) ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេស​​ចរណ៍​នៃ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ព្រមទាំង​ជំរុញ​ការយកចិត្ត​ទុក​ដាក់​កាន់តែ​ខ្ពស់​ពី​ភាគី​ពាក់ព័ន្ធ ផ្នែក​ឯកជន និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក្នុងការ​អភិរក្ស និង​ថែ​រក្សា​ធនធានធម្មជាតិ និង​វប្បធម៌​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​។ បុណ្យ​សមុទ្រ​ត្រូវបាន​ខកខាន​រយៈពេល ​២ ​ឆ្នាំ គឺ​ឆ្នាំ ២០២០ និង​ ២០២១ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​ ១៩​។​

​របាយការណ៍​មន្ទីរ​ទេសចរ​​ណ៍​ខេត្ត​ព្រះសីហនុ បង្ហាញថា ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី ​៩ ជុំ​ទី​ ៣ ពីថ្ងៃ​ទី ៩-១១ ខែធ្នូ គឺមាន​អ្នកចូលរួម​សរុប ៧១២ ៦១៤​ នាក់ កើនឡើង ២៩​ ភាគរយ​បើ​ធៀប​រយៈពេល ៣​ ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​កាល​ពី​ឆ្នាំ​ ២០១៧ (​ពេល​ក្រុង​ព្រះ​សីហនុ​ធ្វើជា​ម្ចាស់ផ្ទះ​លើក​ចុង​ក្រោយ​)​។ នៅក្នុង​ចំណោម​ភ្ញៀវ​ទាំងអស់ គឺ​ភ្ញៀវ​ជាតិ ៧០៨-៥៣៣​នាក់ កើន ៣៣,៨ (៤៥-៥០ ​ភាគរយ​ជា​ភ្ញៀវ​ក្នុង​ខេត្ត​) និង​ភ្ញៀវ​បរទេស ៤ ០៥៤ នាក់ ថយចុះ ៨០​ ភាគរយ​។​

​ដោយឡែក​ភ្ញៀវ​ទៅ​កម្សាន្ត​តាម​បណ្តា​កោះ មាន ១ ១៧៣ ​នាក់ ដោយ​ភ្ញៀវ​ជាតិ​មាន ៦៦៦​ នាក់ និង​ភ្ញៀវ​បរទេស ៥០៧​ នាក់​។ ភ្ញៀវ​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​បណ្តា​ឆ្នេរ និង​តន្ត្រី​នានា​សរុប ៧១១ ១២៣​ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៧០៧-៨៤៩​នាក់ និង​ភ្ញៀវ​ជនបរទេស ៣២៧៤ នាក់​។​

​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី ​១២ ខែធ្នូ លោក តាំង សុចិត្រ​​គ្រឹះ​ស្នា ឱ្យដឹងថា ការគ្រប់គ្រង​ដោយ​ជោគជ័យ​នៃ​ការឆ្លង​រាល​ដាល​ជំងឺ​កូ​វីដ​ ១៩, ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​, ភាព​​ស្រស់ស្អាត​នៃ​ឆ្នេរ និង​បរិ​​ស្ថាន​, សេវាកម្ម​ប្រកបដោយ​ទំនុកចិត្ត និង​គ្រប់គ្រាន់​, ព្រម​ទាំង​កត្តា​សុខ​សុវត្ថិភាព​បានធ្វើឱ្យ​ខេត្ត​ព្រះសីហនុ ស្រូប​ទាញ​បាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង និង​អន្តរជាតិ​ជាច្រើន​ក្នុងឱកាស​នៃ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​​ទី​ ៩ ជុំ​ទី​ ៣ និង​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​នា​ចុងឆ្នាំ​នេះ​។ តាមរយៈ​ព្រឹត្តិការណ៍​ទាំង ២ នេះ​កម្ពុជា​រំពឹងថា​នឹង​អាច​ទាក់​​ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​អន្តរជាតិ​កាន់តែច្រើន​ឱ្យធ្វើ​ដំណើរ​មក​កម្ពុជា​។​

​ទោះយ៉ាងណា លោក សុចិត្រ​​គ្រឹះ​ស្នា អះអាងថា ដោយសារ​ប្រទេស​មួយចំនួន​នៅ​មិនទាន់​បើក​ប្រទេស​ពេញលេញ​ឡើងវិញ ​(​វិធានការ​សូន្យ​កូ​វីដ​នៅ​ប្រ​ទេស​ចិន​)​ និង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ បានធ្វើឱ្យ​ភ្ញៀវ​បរ​ទេស​មក​ចូលរួម​ព្រឹត្តិការណ៍​ខាងលើ​មាន​ចំនួន​តិចតួច​។​

​លោក​និយាយថា​៖ «​ទោះ​ក្នុង​ព្រឹត្តិការណ៍​ខាងលើ​មិនសូវមាន​ភ្ញៀវ​អន្តរជាតិ ប៉ុន្តែ​ខ្ញុំ​មាន​សុ​ទិដ្ឋិ​​និយម​ថា បន្ទាប់​ពីនេះ​ខេត្ត​ព្រះ​សីហនុ​នឹង​ទទួលបាន​ភ្ញៀវ​បរ​ទេស ព្រមទាំង​ការមកដល់​កាន់តែច្រើន​នៃ​ជើងហោះហើរ និង​នាវា​ទេសចរណ៍​ធំៗ​»​។​

​បើតាម​លោក សុចិត្រ​គ្រឹះ​ស្នា ក្នុង​ព្រឹត្តិការណ៍​រយៈពេល ៣ ​ថ្ងៃ​ខាងលើ គឺមាន​ការប្រគំ​តន្ត្រី នៅតាម​ឆ្នេរសមុទ្រ ការតាំង​ពិ​ព័រ​ណ៍​ពាណិជ្ជកម្ម ជាដើម​។​

​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ​ វណ្ឌី បាន​ប្រាប់ថា ព្រឹត្តិការណ៍​ធំៗ ២ ដែល​ធ្វើឡើង​ក្នុងពេល​តែមួយ​ក្នុង​ក្រុងព្រះសីហនុ គឺ​ប្រៀបបាន​នឹង​ការ​ទូងស្គរ​ដ៏​ឮ​ប្រាប់​ទៅ​អ្នកទេសចរ​លើ​ពិភព​លោក​ឱ្យដឹងពី​ភាព​អស្ចារ្យ​ដែល​វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​បោះជំហាន​ទៅមុខ បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​។ ព្រឹត្តិការណ៍​នេះ​កំពុង​ទាក់ទាញ​ភ្ញៀវ​អន្តរ​ជាតិ​ឱ្យមក​ទស្សនា​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ព្រឹត្តិការណ៍​នេះ គឺជា​សញ្ញា​បញ្ជាក់​ពី​ពេល​​វេលា​ដែល​ភ្ញៀវ​បរទេស​អាចធ្វើ​ដំណើរ​ម​ក​កម្សាន្ត​នៅ​កម្ពុជា​ដោយ​សុវត្ថិភាព និង​ផាសុកភាព ខណៈ​កម្ពុជា​បាន​ត្រៀម​រួចរាល់​ក្នុងការ​ទទួលភ្ញៀវ​អន្តរជាតិ​»​។​

​ស្ថិតិ​ក្រសួងទេសចរណ៍​បានឱ្យដឹងថា ចាប់ពី​ខែមករា​តុលា ឆ្នាំ​ ២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​សរុប ១៥៧៥-៩៥៤​នាក់ កើនឡើង ៩៩១,១​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១៕