ភ្នំពេញៈ កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្បទាន​ថ្មី​ ​(​ប្រាក់កម្ចី​) ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍​នានា​សរុប​ជាង ១,២​ ពាន់​លាន​ដុល្លារ​នៅក្នុង​រយៈពេល ៣ ​ត្រី​​មាស​ដំបូង​ឆ្នាំ​ ២០២២ កើន​ជិត ៣០០​ ភាគរយ​បើ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​ក្នុងនោះ​ក្របខ័ណ្ឌ​ទ្វេភាគី មាន​ចំនួន ៦៨ ​ភាគរយ​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ឯកសារ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ទើប​ផ្សព្វផ្សាយ បង្ហាញថា ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​ ២០២២ នេះ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រម​​ព្រៀង​ឥណទាន​សម្បទាន​ថ្មី​ជា​​មួយ​ដៃគូ​អភិវឌ្ឍន៍​នានា​សរុប​ចំនួន ៦០២,០៣ ​លាន​ដុល្លារ​អាមេរិក សមមូល ៤៦៩,៥២​ លាន​អេស​ដេ​អ៊ែរ ​(SDR)​។

​សរុប​ចាប់ពី​ត្រីមាស​ទី​១ រហូតដល់​ត្រីមាស​ទី​៣ ឆ្នាំ​ ២០២២ នេះ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​ថ្មី​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ចំនួន ១ ២១៧,៩០​ លាន​ដុល្លារ​អាមេរិក សមមូល​នឹង ៩៤៩,៨៣​ លាន​អេស​ដេ​អ៊ែរ ស្មើនឹង​ប្រមាណ ៥៩ ​ភាគរយ​នៃ​ពិតាន​ដែល​ច្បាប់​អនុញ្ញាត ​(១ ៦០០ ​លាន​អេស​ដេ​អ៊ែរ​) នៅ​ក្នុងនោះ​ក្របខ័ណ្ឌ​ទ្វេភាគី​មាន​ប្រមាណ ៦៨​ ភាគ​​រយ និង​ក្របខ័ណ្ឌ​ពហុភាគី​មាន ៣២ ​ភាគរយ​។ បើ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំមុន ការចុះ​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​ថ្មី​សរុប​ចាប់ពី​ត្រីមាស​ទី​១ ដល់​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២២ នេះ​មាន​កំណើន​ប្រមាណ ២៩៤ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​យោងតាម​ក្រសួង​សេដ្ឋកិច្ច ឥណទាន​ទាំងនេះ​សុទ្ធសឹង​ជា​ឥណទាន​មាន​កម្រិត​សម្បទាន​ខ្ពស់ ដោយមាន​ធាតុ​អំណោយ​មធ្យម​ប្រមាណ ៤២​ ភាគរយ​។ គោលដៅ​ការចុះ​កិច្ចព្រមព្រៀង ឥណទាន​ថ្មី​ទាំងនេះ គឺ​សម្រាប់​បំពេញតម្រូវការ​ហិរញ្ញប្បទាន​ក្នុង​វិស័យ​អាទិភាព​របស់​រដ្ឋា​ភិ​បាល សំដៅ​រួមចំណែក​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​រយៈពេល​វែង និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម​។​

​បើតាម​ឯកសារ​ខាងលើ គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​៣ ឆ្នាំ​ ២០២២ នេះ​ដោយ​រួមបញ្ចូល​ទាំង​បំណុល​មរតក​, កម្ពុ​ជាមាន​សន្និធិ​បំណុល​សាធារណៈ​សរុប​ចំនួន ៩,៤៧​ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ៩៩,៨៩​ ភាគ​រយ ត្រូវ​នឹង​ប្រមាណ ៩,៤៦​ ពាន់​លាន​ដុល្លារ​អាមេរិក​ជា​បំណុល​សាធារណៈ​ក្រៅប្រទេស (​ក្របខ័ណ្ឌ​ទ្វេភាគី​ប្រមាណ ៦៨​ភាគរយ និង​ក្របខ័ណ្ឌ​ពហុ​ភាគី​ប្រមាណ ៣២​ ភាគរយ​) និង ០,១១​ ភាគរយ ត្រូវ​នឹង​ប្រ​​មាណ ១០,១៥​ លាន​ដុល្លារ​អា​មេ​រិ​ក គឺជា​បំណុល​សាធារណៈ​ក្នុងប្រទេស​។ សមាសភាគ​បំណុល​សាធារណៈ​ទាំងនេះ​រួមមាន ៤៣ ​ភាគរយ​ជា​ដុល្លារ​អា​មេ​រិ​ក​, ២០​ ភាគរយ​ជា​អេស​ដេ​អ៊ែរ​, ១២ ​ភាគរយ​ជាយ​ន់​ចិន​, ១០​ ភាគរយ​ជា​យេន​ជប៉ុន​, ៦​ ភាគរយ​ជា​អឺរ៉ូ​, និង ៤ ​ភាគរយ​ទៀត​ជា​រូបិយវត្ថុ​ជាតិ និង​រូបិយ​ប័ណ្ណ​ផ្សេងៗ​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​​បណ្ឌិត្យសភា​កម្ពុជា លោក ហុង​ វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៣ ខែធ្នូ​ថា សម្រាប់​ឥណទាន​ដែល​រដ្ឋាភិបាល​ចុះ​កិច្ចព្រមព្រៀង​នាពេល​ថ្មីៗ​នេះ គឺ​សុទ្ធតែ​យកមកប្រើ​ប្រាស់​ក្នុង​គម្រោង​ដែលមាន​ភាពច្បាស់​លាស់ និង​មាន​និរន្តរភាព​ការ​អភិវឌ្ឍ​យូរអង្វែង ហើយនឹង​អាច​ផ្តល់​ផល​វិជ្ជមាន​ជាច្រើន​សម្រាប់​ជំរុញ​ដំណើរការ​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ច​សង្គម ពិសេស​ការលើកកម្ពស់​ប្រាក់ចំណូល និង​សុខុមាលភាព​ប្រជាជន​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០ និង​ប្រាក់ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៥០​។​

​លោក​បន្ថែមថា ឥណទាន​ថ្មីៗ​ទាំងអស់នេះ នឹង​ក្លាយជា​សសរ​គ្រឹះ និង​ជា​កម្លាំងចលករ​ជួយ​ឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាកា​ន់​តែមាន​ភាព​ធន់ និង​រឹងមាំ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា អ្វីដែល​រដ្ឋាភិបាល​ខ្ចី​ពី​ប្រទេស​/​ស្ថាប័ន​ដៃគូ គឺ​សុទ្ធ​តែមាន​ផែន​​ការអនុវត្ត​ច្បាស់លាស់​ទៅលើ​វិស័យ​អាទិភាព​ដើម្បី​ធ្វើជា​មូល​​ដ្ឋា​ន​គ្រឹះ​ក្នុងការ​បង្កើនល្បឿន​ការអភិវឌ្ឍ ដែល​ឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​ក្នុងប្រទេស ឬ​ទាក់ទាញ​ក្រុម​អ្នកវិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា​ (FDI)​ កាន់តែច្រើន ក្នុងន័យ​បង្កើន​ឧត្តមភាព​ប្រកួត​​ប្រជែង​អន្តរជាតិ​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​ពាណិជ្ជកម្ម​អន្តរ​ជាតិ ​(​ការនាំចេញ​ទំនិញ​)»​។​

​លោក​បន្ថែមថា តាមរយៈ​កិច្ច​​ព្រមព្រៀង​ឥណទាន​ទាំងនេះ ក៏​អាច​បញ្ជាក់​ពី​ដំណើរការ​អភិ​​វឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា​កំពុង​ស្ថិតនៅ​លើផ្លូវ​ដ៏​ល្អ ហើយ​ការអនុវត្ត​នូវ​កិច្ចសន្យា​ឥណទាន​កន្លងមក​ក៏មាន​ភាពល្អប្រសើរ​ដែរ ព្រោះ​បើ​មិនល្អ ប្រទេស​/​ដៃគូ​អភិវឌ្ឍន៍​ក៏​គេ​មិន​ព្រម​ផ្តល់​ឥណទាន​ឱ្យ​ដែរ​។​

​របាយការណ៍​របស់​ក្រុមហ៊ុន Moody''s Investors Service កាលពី​ថ្ងៃទី​ ១៥ ខែវិច្ឆិកា បាន​ព្យាករ​ថា កំណើន សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​ ២០២២ នេះ​នឹង​សម្រេចបាន​ក្នុង​អត្រា ៤,៥ ​ភាគរយ និង​ឆ្នាំ​ ២០២៣ ចំនួន ៥,៥​ ភាគរយ ដែលជា​ការ​កើន​លើសពី​កំណើន​ដែល​ប៉ាន់ ៣ ភាគរយ​ក្នុង​ឆ្នាំ​ ២០២១​។ ទោះយ៉ាងណា អត្រាកំណើន​នេះ​នៅតែ​ទាប​ក្រោម​កម្រិត​មធ្យម​ចំនួន ៧ ​ភាគរយ​កាលពី​ចន្លោះ​ឆ្នាំ ​២០១០-២០១៩៕