ភ្នំពេញៈ លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​តែង​​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើការ​ទប់​ស្កាត់​ការ​កើន​ឡើង​នៃ​តម្លៃ​អគ្គិសនី ព្រោះ​ការ​កើន​ឡើង​នៃ​តម្លៃ​អគ្គិសនី​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​ដល់​កម្រិត​ជីវភាព​របស់​ប្រជាជន និង​គ្រប់​ចង្វាក់​ផលិត​កម្មរបស់​រោងចក្រ​/សហគ្រាសនៅ​កម្ពុជា។

នៅ​ក្នុង​ដំណើរ​អញ្ជើញ​ទៅ​ធ្វើ​ជា​សហ​ប្រធាន​ក្នុង​កិច្ច​ប្រជុំ​ខួប​អនុស្សាវរីយ៍​អាស៊ាន-​សហភាព​អឺរ៉ុប ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុង​ប្រ៊ុចសែល នៅ​ថ្ងៃទី​១៤ ​ធ្នូ ខាង​មុខ លោក​ ហ៊ុន សែន ដែល​បាន​ឆ្លៀត​ឱកាស​ជួប​ជា​មួយ​នឹង​ប្រជា​ពលរដ្ឋ​ខ្មែរ​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ នៅ​ទីក្រុង​ប្រ៊ុច​សែល ប្រទេសបែលហ្ស៊ិក កាល​ពី​ថ្ងៃទី​១២ ខែ​ធ្នូ បាន​លើក​ឡើង​ថា ទោះ​បី​កម្ពុជា​អនុវត្ដ​យន្ដការ​សេដ្ឋកិច្ច​ទីផ្សារ​សេរី ប៉ុន្ដែ​រាជ​រដ្ឋាភិបាល​កំពុង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ទប់​ស្កាត់​ការ​កើន​ឡើង​នៃ​តម្លៃ​អគ្គិសនី ដើម្បី​បញ្ចៀស​ការ​ឆ្លៀត​ឱកាស​លួច​ដំឡើង​តម្លៃ​អគ្គិសនី ខណៈ​ការ​ដំឡើង​នេះ ​នឹង​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ច្រើន​ដល់​អ្នក​ប្រើ​ប្រាស់​នៅ​ទូទាំង​ប្រទេស​។​ លោក​បន្ថែម​ថា ទោះ​បី​ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេង​ និង​ទីផ្សារ​ធ្យូង​ថ្មី​ពិភព​លោក​​​ធ្វើ​ឱ្យ​អគ្គិសនី​កម្ពុជា​ប្រឈម​នឹង​ការ​ខាត​បង់ ប៉ុន្តែ​រដ្ឋាភិបាល​​មិនបាន​​អនុញ្ញាត​ឱ្យ​មាន​ការ​ដំឡើង​តម្លៃ​អគ្គិសនី​នោះ​ទេ​។​

លោក​បាន​បញ្ជាក់​ថា​៖ ​«ខ្ញុំ​បាន​និយាយ​ហើយ​និយាយ​ទៀត​ជា​មួយឹង​​អគ្គិសនី​កម្ពុជា ជាមួយ​ក្រសួង​រ៉ែ និង​ថាម​ពល ​សុំ​ឱ្យ​រក្សា​តម្លៃ​អគ្គិសនី ហើយ​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម​ធ្វើការ​សម្រប​សម្រួល អត់​មាន​ឱ្យ​អ្នក​ឯង​ដំឡើង​ថ្លៃ​ប្រេង​តាម​អំពើ​ចិត្ត​ទេ។ លើក​នេះ​រាជ​រដ្ឋាភិបាល​បើ​ទោះបី​សេដ្ឋ​កិច្ច​ទីផ្សារ ក៏​ប៉ុន្ដែ​ត្រូវ​តែ​មាន​ការ​ណែនាំ​មួយ បើ​មិនអ៊ីចឹង​ឆ្លៀត​ឱកាស​ប្រេង​ឡើង​ថ្លៃ ប្រេង​ចុះ​ថ្លៃ គឺ​នាំ​គ្នា​ដំឡើង (តម្លៃ​អគ្គិសនី)​»។

សេចក្តី​ជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម បាន​កំណត់​តម្លៃលក់រាយប្រេងឥន្ធនៈ​នៅតាមស្ថានីយនានា ពី​ថ្ងៃ​ទី​១១-២០ ខែធ្នូ ឆ្នាំ២០២២ ដោយ​ប្រេង​សាំងធម្មតា មាន​តម្លៃ ៤​ ១០០រៀល​ក្នុង​១​លីត្រ(ចុះ ១០០​រៀលធៀប​នឹង​១០​ថ្ងៃ​មុន​) និងម៉ាស៊ូត មាន​តម្លៃ ៤ ៤៥០រៀល ក្នុង១លីត្រ(ថយចុះ ២០០រៀល)។

លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិត​នំស្រួយ លីលី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​ថា គ្រប់​មុខ​ជំនួញ​សុទ្ធ​តែ​ត្រូវ​ការ​ប្រើ​ប្រាស់​ថាម​ពល​អគ្គិសនី​​ជា​ចាំ​បាច់ ហើយ​បើ​កាល​ណា​និយាយ​ពី​អ្នក​វិនិយោគ​បរទេស​​មុន​នឹង​ទៅ​បណ្តាក់​ទុន​នៅ​ប្រទេស​ណា សំណួរ​មុន​គេ គឺ​អគ្គិសនី​នៅទីនោះ​មាន​គ្រប់​គ្រាន់​​ដែរ ឬ​ទេ? តើ​អគ្គិសនីមាន​តម្លៃ​ខ្ពស់ ឬ​ទាប? លោក​ស្រី​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ គឺ​ពិត​ជា​ផ្តល់នូវ​ទំនុក​ចិត្ត​យ៉ាង​ច្រើន​សម្រាប់​អ្នកវិនិយោគ ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា​ផង​ដែរ​។​

លោកស្រី៖​ «​អគ្គិសនីកាន់​តែ​ទាប ធ្វើ​ឱ្យ​ថ្លៃ​ដើម​ផលិត​កាន់​តែ​ទាប ដែល​នឹង​ជួយ​​ធ្វើ​ឱ្យ​សមត្ថភាព​ប្រកួត​ប្រជែង​កាន់​តែ​ខ្ពស់​​ជា​មួយ​នឹង​ទំនិញ​របស់​ប្រទេស​នានា​លើ​ពិភព​លោក​»។

អ្នក​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយ​ថា ការ​តាំង​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​​ក្នុង​ការ​ទប់​ស្កាត់​ការ​កើន​ឡើង​​តម្លៃ​ថាម​ពល គឺ​ពិត​ជា​មាន​សារៈ​ណាស់​ក្នុង​ការ​រក្សា​និរន្តរ​ភាព​សម្រាប់​ប្រាក់​ចំណូល​គ្រួសារ កំណើន​សេដ្ឋកិច្ច និង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ថ្មី​បន្ថែម​ទៀត​ឱ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​។​ ប្រសិន​បើ​តម្លៃ​អគ្គិសនី​អាច​​​ចុះបន្ថែម​ទៀត​​បើ​ធៀប​នឹង​ពេល​បច្ចុប្បន្ន​ វា​ក៏​ជា​ឱកាស​មួយ​ធ្វើ​ឱ្យ​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ទំនិញ​កម្ពុជា​លើ​ទីផ្សារ​អន្តរ​ជាតិ​មាន​កាន់​តែ​ខ្លាំង​ផង​ដែរ​។​

លោក​បាន​បញ្ជាក់​ថា៖​«​សម្រាប់​អ្នកវិនិយោគ តម្លៃ​ថាម​ពលពិត​​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់ពួក​គេ ព្រោះ​វា​កត្តា​កំណត់​សម្រាប់​ថ្លៃ​ដើម​ផលិត​ទាំង​អស់»។

អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ កាល​ពី​ខែ​វិច្ឆិកា បាន​ឱ្យ​ដឹង​​​ថា បច្ចុប្បន្ន​​រាជ​រដ្ឋាភិបាល​កម្ពុជា​មានបញ្ចេញ​ប្រាក់​​ប្រមាណ ១២០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​​​ ​ឧបត្ថម្ភ​ធនដល់​វិស័យអគ្គិសនី​​ដើម្បីធ្វើ​​ឱ្យ​មាន​តម្លៃ​ទាប និង​ធានា​ការ​ផ្គត់​ផ្គង់ក្នុង​ប្រទេស​បាន​ពេញ​លេញ​។​ ការ​ធ្វើ​ឱ្យ​តម្លៃ​អគ្គិសនី​មាន​តម្លៃ​ទាប នឹង​​​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ធ្វើ​ឱ្យ​កម្រិត​ជីវភាព​របស់​ប្រជាជន​កាន់​តែ​ប្រសើរ​៕​

វីដេអូ៖